ច្រាំងទន្លេក្នុងស្រុកត្បូងឃ្មុំ ចាប់ផ្តើមបាក់ស្រុត បង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋចំនួន ២១គ្រួសារតាមដងទន្លេក្នុងស្រុកត្បូងឃ្មុំ

ចែករំលែក៖

ខេត្តត្បូងឃ្មុំ៖ ​ រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ​ ច្រាំង ទន្លេបានបាក់ស្រុតប្រហែលប្រវែង ១៧០ ម៉ែត្រ តាមបណ្តោយដងទន្លេមេគង្គត្រង់ចំណុច​ ភូមិទួល​ គ ឃុំទន្លេបិទ​ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បណ្តាលឲ្យប៉ះពាល់លំនៅដ្ឋានប្រជាពលរដ្ឋ២១គ្រួសារ។ ពលរដ្ឋ​ដែលរងគ្រោះធម្មជាតិមួយនេះ​ បានសំណូមពរដល់អាជ្ញាធរស្រុក​ និងថ្នាក់ខេត្ត​ ជួយជាកម្លាំងដេីម្បីធ្វេីការរុះរេី​ និងជួយរកទីសុវត្ថិភាពសម្រាប់ពួកគាត់ផ្ទេរលំនៅដ្ឋានផងដែរ។

ក្រោយទទួលដំណឹងភ្លាមៗ នៅព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២២នេះ លោក ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងជាប្រធានគណៈកម្មាធិកាសាខាកាកបាទក្រហមខេត្ត បានចាត់ឲ្យមន្ត្រីជំនាញ នាំយកអំណោយមនុស្សធម៍សាខាកាកបាទក្រហមខេត្ត ចែកជូនក្នុងមួយគ្រួសារបានអង្ករ២៥ គីឡូក្រាម មី១កេស ទឹកត្រី១យួរ ទឹកស៊ីអុីវ១យួរ ត្រីខ១០កំប៉ុង ប្រេងឆា១ដប និងថវិកាមួយចំនួន ក៏ដូចជាសំណេះ សំណាលផ្តល់ភាពកក់ក្តៅ និងត្រៀមកំលាំងរុះរើផ្ទះ និងសាងសង់ឡើងវិញ ។

ក្នុងឳកាសសំណេះសំណាល នាំយកអំណោយផ្តល់ជូន លោក រស់ សុខន នាយករងសាខាកាកបាទក្រហមខេត្ត និងលោក សេង សុខឃឿន អភិបាលស្រុកត្បូងឃ្មុំ បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់លោកប្រធានគណៈកម្មាធិការសាខាកបាទក្រហមកម្ពុជាខេត្ត តែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ដែលកំពុងជួបការលំបាក ទទួលរងគ្រោះមហន្តរាយនានា ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។

បន្ថែមពីនោះ លោក សេង សុខឃឿន អភិបាលស្រុកត្បូងឃ្មុំ បានជម្រាបជូនពលរដ្ឋរងផលប៉ះពាល់ទាំង២១គ្រួសារថា លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត បានត្រៀមរួចរាល់ហើយនូវកម្លាំងគណៈបញ្ជាការឯកភាពខេត្ត ដែលមានកង កម្លាំងទាំងបីនិងអាជ្ញាធរស្រុក ដើម្បីជួយរុះរើផ្ទះសម្បែង និងសាងសង់ជូនពលរដ្ឋឡើងវិញផងដែរ៕

...

ដោយ៖ សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print