ក្រុមការងារស្រាវជ្រាវសត្វព្រៃបានរកឃើញសំបុកសត្វត្រដក់តូចចំនួន១៦សំបុក នៅក្នុងដែនជម្រកសត្វព្រៃកែវសីមា ខេត្តមណ្ឌលគិរី

ចែករំលែក៖

ខេត្តមណ្ឌលគិរី : សត្វត្រដក់តូច ជាភាសាអង់គ្លេសហៅថា Lesser Adjutant ត្រូវបានចុះក្នុងបញ្ជីក្រហមរបស់អង្គការ សហភាពអន្តរជាតិដើម្បីការអភិរក្សធម្មជាតិ (IUCN) ជាប្រភេទ«ងាយរងគ្រោះ»នៅលើពិភពលោក ដោយសារការបរបាញ់ និងការបាត់បង់ទីជម្រក។ បច្ចុប្បន្ន សត្វស្លាបប្រភេទនេះ កំពុងមានវត្តមាននៅតាមតំបន់ការពារធម្មជាតិជាច្រើន រួមទាំងដែនជម្រកសត្វព្រៃកែវសីមាផងដែរ។ រដូវពងកូនរបស់វាចាប់ផ្តើមពីពាក់កណ្តាលខែកញ្ញារហូតដល់ពាក់កណ្តាលខែកុម្ភៈ។ នេះបើតាមការបញ្ជាក់ពី លោក នេត្រ ភក្ត្រា អ្នកនាំពាក្យ និងជារដ្ឋលេខាធិការ ក្រសួងបរិស្ថាន ។

លោក នេត្រ ភក្ត្រា បានលើកឡើងថា, សម្រាប់កិច្ចការអភិរក្សក្នុងដែលជម្រកសត្វព្រៃកែវសីមា មន្ទីរបរិស្ថាន សហការជាមួយក្រុមការងារស្រាវជ្រាវសត្វព្រៃនៃអង្គការសមាគមអភិរក្សសត្វព្រៃ (WCS) បានធ្វើការសិក្សាស្វែងរកសំបុកពងកូនរបស់ប្រភេទសត្វកម្រក្នុងរដូវបន្តពូជ និងបានបង្កើតកម្មវិធីការពារសំបុកសត្វ ដើម្បីការពារនិងអភិរក្សប្រភេទនេះឱ្យនៅគង់វង្ស។ នៅឆ្នាំ២០២១ និងឆ្នាំ២០២២នេះ ក្រុមការងារបានរកឃើញសំបុកសត្វត្រដក់តូចចំនួន១៦សំបុក និងញាស់បានកូនចំនួន១៩ក្បាល។

សកម្មភាពការពារសំបុកពងកូននេះ ជាលទ្ធផលនៃកិច្ចសហការពីប្រជាសហគមន៍មូលដ្ឋានក្រោមការគាំទ្រពីគម្រោង CAMPAS និងគម្រោងរេដបូក កែវសីមា ដែលអនុវត្តដោយអង្គការ WCS សហការជាមួយមន្ទីរ និង នាយកដ្ឋានជីវៈចម្រុះក្រសួងបរិស្ថាន។

សូមប្រជាពលរដ្ឋគ្រប់រូបចូលរួមថែរក្សា ការពារព្រៃឈើ និងសត្វព្រៃកម្រជិតផុតពូជ ដោយការមិនបរិភោគសាច់សត្វព្រៃ មិនបរបាញ់ មិនដាក់អន្ទាក់ និងមិនដាក់ថ្នាំបំពុល។ សូមចូលរួមការពារ និងអភិរក្សសត្វព្រៃទាំងអស់គ្នា! ៕

ដោយ : សិលា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print