ស្លាប់២នាក់​ របួសធ្ងន់ម្នាក់​បន្ទាប់ពីជិះម៉ូតូឌុបគ្នាយ៉ាងលឿនទៅបុកគូទរថយន្តកុងតឺន័រដែលកំពុងឈប់ភ្លើងស្តុបពេញទំហឹង

ចែករំលែក៖

​ ភ្នំពេញ​ ៖​ បុរសពីរនាក់​ក្នុងនោះមានម្នាក់ស្លាប់នៅនឹងកន្លែងកើតហេតុ​ និងម្នាក់ទៀតស្លាប់ក្រោយពីបញ្ជូនទៅមន្ទីរពេទ្យ។ ចំណែកបុរសម្នាក់ម្នាក់ទៀតរងរបួសធ្ងន់កំពុងសង្គ្រោះបន្ទាន់បន្ទាប់ពីពួកគេជិះម៉ូតូមួយគ្រឿងឌុបគ្នាក្នុងល្បឿនលឿនជ្រុលទៅបុករថយន្តកុងតឺន័រពីក្រោយដែលកំពុងឈប់ភ្លើងស្តុបយ៉ាងពេញទំហឹង កាលពីវេលាម៉ោង៨និង៣០ នាទីយប់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២២នៅចំណុចភ្លើងស្តុបសេះមាស តាមបណ្ដោយផ្លូវវ៉េងស្រេង ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ។
​ សពជនរងគ្រោះទាំងពីរនាក់គេមិនទាន់ស្គាល់អត្តសញ្ញាណនោះទេ។
​ បេីតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា​ មុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តម៉ាក​ HINO ប្រភេទសណ្ដោងទូកុងតឺន័រ​ ក្បាលពណ៌ទឹកប៊ិច ពាក់ស្លាកលេខភ្នំពេញ3A-4422 ធ្វើដំណើរតាមបណ្ដោយផ្លូវវេងស្រេងក្នុងទិសដៅពីលិចទៅកើត​ លុះមកដល់ចំណុចកើតហេតុខាងលើក៏បានឈប់ភ្លើងស្តុប
ខណៈនោះក៏មានបុរសបីនាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាស្គូពី​ ពណ៌ស​ ពាក់ស្លាកលេខព្រៃវែង1Q-5944 ធ្វើដំណើរមកពីក្រោយក្នុងល្បឿនលឿន​និងមិនប្រយ័ត្ន​ក៏ជ្រុលទៅបុករថយន្តកុងតឺន័រពីក្រោយពេញទំហឹងបណ្ដាលឱ្យស្លាប់ម្នាក់នៅនឹងកន្លែងកើតហេតុ។ ចំណែកពីរនាក់ទៀតបានរងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះបន្ទាន់បញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ​ តែអកុសលជនរងគ្រោះម្នាក់រងរបួសធ្ងន់ធ្ងរពេកត្រូវបានស្លាប់នៅពាក់កណ្តាលផ្លូវ ហើយត្រូវបានរថយន្តសង្គ្រោះបន្ទាន់នោះដឹកយកមកកន្លែងកើតហេតុវិញ។​ ដោយឡែករថយន្តកុងតឺន័របានព្យាយាមបើកចេញពីកន្លែងកើតហេតុមកដល់ក្បែរចំណុចខារ៉ាអូខេដាយមិនស្តា ផ្លូវ៣០ម៉ែត្រ ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ទេីបតៃកុងទុករថយន្ដចោលរួចរត់គេចខ្លួនបាត់ទៅ។
​ ក្រោយកើតហេតុ​ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ហេីយបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ដេីម្បីមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នាតាមច្បាប់។​ រីឯសពជនរងគ្រោះ​ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុនិងធ្វើការស្រាវជ្រាវរកសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕

...

ដោយ​ ៖​ ភារ៉ា​ ដង្កោ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print