កាលពីថ្ងៃទី៥ខែកុម្ភៈ ពលរដ្ឋអ៊ុយក្រែនរាប់សិបពាន់នាក់បានដង្ហែក្បួននៅទីក្រុង Kharkiv ជាប់ព្រំដែនប្រទេសរុស្ស៊ី ក្នុងពេលដែលរដ្ឋាភិបាលអ៊ុយក្រែនបានត្រៀមលក្ខណៈទប់ទល់ការវាយប្រហារពីប្រទេសរុស្ស៊ី។
ក្រុមបាតុករបានស្រែកពាក្យស្លោកថា ទីក្រុង Kharkiv គឺជារបស់អ៊ុយក្រែន ហើយទប់ស្កាត់ការវាយប្រហារពីប្រទេសរុស្ស៊ី។ ក្រុមបាតុករបានច្រៀងចម្រៀងជាតិ ដោយគ្រវីទង់ជាតិអ៊ុយក្រែន ព្រមទាំងទង់ជាតិប្រទេសគាំទ្រអ៊ុយក្រែន មានអាមេរិក អង់គ្លេស ជាដើម។
គោលដៅនៃការដង្ហែក្បួនបាតុកម្ម គឺដើម្បីបង្ហាញថាទីក្រុង Kharkiv ជារបស់អ៊ុយក្រែន ។ ទីក្រុង Kharkiv គឺជាទីក្រុងសេដ្ឋកិច្ចស្ថិតនៅភាគខាងកើតប្រទេសអ៊ុយក្រែនជាប់ព្រំដែនប្រទេសរុស្ស៊ី មានចម្ងាយ៤២គីឡូម៉ែត្រ។
ការដង្ហែក្បួនបាតុកម្មខាងលើកើតឡើងក្នុងពេលដែលអ៊ុយក្រែន និងរុស្ស៊ីប្រឈមមុខតានតឹងដាក់គ្នា កាន់តែខ្លាំងឡើង ហើយរុស្ស៊ីបានបញ្ជូនទាហានជាច្រើនចូលមកកាន់ព្រំដែនជាប់ប្រទេសអ៊ុយក្រែនត្រៀមធ្វើសង្គ្រាម ៕ ដោយសាធី