ខេត្តសៀមរាប ៖ លោក ឃឹម ហ្វីណង់ អភិបាល នៃគណៈអភិបាល ស្រុកបន្ទាយស្រី ខេត្តសៀមរាប នៅព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២២ បានថ្លែងថា, ចូលរួមសន្និបាតប្រចាំឆ្នាំរបស់«សហគមន៍ទេសចរណ៍បឹងឈូក»៖ ភាពជាគំរូនៃសហគមន៍ទេសចរណ៍ ដែលអាចធានាបាននូវការរីកចម្រើនប្រកបដោយបរិយាប័ន ការពារផលប្រយោជន៍រួមនៅក្នុងសហគមន៍ និងចូលរួមការអភិវឌ្ឍប្រកបដោយចីរភាព។
លោកបន្តថា, សហគមន៍ទេសចរណ៍បឹងឈូក គឺជាសហគមន៍បង្គោលមួយនៅក្នុងស្រុកបន្ទាយស្រី ដែលបានធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋបាលស្រុកលើការអភិវឌ្ឍវិស័យទេសចរណ៍សហគមន៍ក្នុងរយៈកាលកន្លងមក ហើយនេះគឺជាលើកទី៣ហើយ ដែលខ្ញុំបានចូលរួមនៅក្នុងសន្និបាតរបស់សហគមន៍។ ជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការនេះ ខ្ញុំត្រូវបានអញ្ជើញឱ្យចូលរួមនៅក្នុងសន្និបាតប្រចាំឆ្នាំរបស់សហគមន៍ ក្នុងបរិបទមួយដែលសហគមន៍កំពុងធ្វើការសម្រេចចិត្តសំខាន់ៗជាយុទ្ធសាស្ត្រមួយចំនួន ដើម្បីចាប់យកសក្តានុពលនៃការរីកចម្រើននៃវិស័យទេសចរណ៍នៅក្នុងស្រុកបន្ទាយស្រី។ ភាពជោគជ័យនៃសហគមន៍បឹងឈូកក៏បាន និងកំពុងក្លាយទៅជាមូលដ្ឋានគ្រឹះដ៏សំខាន់ សម្រាប់ជាគំរូដល់ការបង្កើតសហគមន៍ផ្សេងៗទៀតនៅក្នុងស្រុកបន្ទាយស្រី ដើម្បីធានាឱ្យបាននូវការអភិវឌ្ឍនៅក្នុងមូលដ្ឋានមួយ ដែលមាននិរន្តភាព និងប្រកបដោយចីរភាព។
លោកអភិបាលស្រុកលើកឡើងថា, សហគមន៍ដែលមានសមាជិកមកពីប្រមាណ៣០០គ្រួសារនេះ មានរចនាសម្ព័ន្ធគ្រប់គ្រងត្រឹមត្រូវ មានលក្ខន្តិកៈច្បាស់លាស់ មានរបបប្រជុំទៀងទាត់ និងមានការបោះឆ្នោតជ្រើសរើសតំណាងដឹកនាំរបស់ខ្លួនជាប្រចាំ។ ក្រៅពីបានបង្កើតកាងារ និងប្រាក់ចំណូលដល់សមាជិក សហគមន៍ក៏បានបង្ហាញពីការទទួលខុសត្រូវខាងផ្នែកសង្គម តាមរយៈការបង្កើតមូលនិធិផ្ទាល់ខ្លួនដាច់ដោយឡែក ដើម្បីចូលរួមយ៉ាងសកម្មលើការងារអភិរក្សជីវៈចម្រុះរបស់បឹង ឃ្លាំមើលការកាប់បំផ្លាញព្រៃឈើឬទន្ទ្រានយកដី និងចូលរួមថែរក្សាបរិស្ថានអនាម័យជាមួយរដ្ឋបាលស្រុកជាប្រចាំផងដែរ។
សូមបញ្ជាក់ថា សហគមន៍ទេសចរណ៍បឹងឈូកគឺជាប្រតិបត្តិករនៃរមណីយដ្ឋានបឹងឈូកបន្ទាយស្រី ដែលកំពុងទាក់ទាញភ្ញៀវទេសចរទៅលេងកម្សាន្តពី៥០០នាក់ទៅ១០០០នាក់ក្នុងមួយថ្ងៃៗ ដោយសារតែសម្រស់ធម្មជាតិព្រៃភ្នំដ៏ស្រស់ស្អាត ផ្ទៃបឹងធំល្វឹងល្វើយ ខ្យល់អាកាសល្អបរិសុទ្ធ មានរៀបចំជាកញ្ចុះបណ្តែតទឹក និងសេវាម្ហូបអាហារគ្រប់ប្រភេទ រួមនឹងការជិះទូកកម្សាន្តទស្សនាព្រៃកោងកាង សត្វស្លាប និងជីវៈចម្រុះច្រើនប្រភេទ៕