ក្នុងថ្ងៃទី២ នៃដំណើរទស្សនកិច្ច របស់គណៈប្រឹក្សាភិបាល នៃកម្មវិធី DEY ដំណាក់កាលទី២ គណៈប្រតិភូ បានចុះទស្សនកិច្ច ចំនួនពីរទីតាំងបន្ថែមទៀត

ចែករំលែក៖

ភ្នំពេញ៖ នៅក្នុងថ្ងៃទី២ នៃដំណើរទស្សនកិច្ចរបស់គណៈប្រឹក្សាភិបាល នៃកម្មវិធី មុខរបរ និងការងារសមរម្យរបស់យុវជននៅកម្ពុជា (DEY) ដំណាក់កាលទី២ ដែលដឹកនាំដោយ លោកបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ រួមជាមួយ លោកស្រី Pauline Tamesis អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា និងជាសហប្រធានកម្មវិធី មុខរបរ និងការងារសមរម្យរបស់យុវជននៅកម្ពុជា (DEY), តំណាងពីក្រសួងអប់រំ យុវជន និងកីឡា, ភ្នាក់ងារអង្គការសហប្រជាជាតិ រួមមាន៖ អង្គការ ILO, អង្គការ UNESCO, អង្គការ UNICEF និងអង្គការ UNIDO ភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC) និង តំណាងយុវជន នាព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានអញ្ជើញចុះទស្សនកិច្ច នៅវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម និងក្រុមហ៊ុនជីហ្គៀគ្រុប ។

នៅក្នុងកម្មវិធី “មុខរបរ និងការងាររបស់យុវជននៅកម្ពុជា ដំណាក់កាលទី២” អង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (អង្គការUNIDO) ដឹកនាំការធ្វើសកម្មភាព “ដើម្បីបង្កើនការចូលរួមពីវិស័យឯកជនទៅក្នុងការរចនា និងការអនុវត្តកម្មវិធីអប់រំ និងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ”។  អង្គការUNIDO គាំទ្រការអភិវឌ្ឍន៍ភាពជាដៃគូររវាងវិស័យសាធារណៈ និងឯកជនជាមួយវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម និង វិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកទេសផ្សេងទៀតក្នុងការបង្កើតកម្មវិធីសិក្សា និងការធ្វើការបណ្តុះបណ្តាលគ្រូឧទ្ទេសទៅលើ “ជំនាញជណ្តើរយន្ត” ។ វិទ្យាស្ថានបានចុះអនុសារណៈយោគយល់គ្នាជាមួយក្រុមហ៊ុន Ggear Group នៅឆ្នាំ២០២១ ដើម្បីសហការលើការអភិវឌ្ឍកម្មវិធីសិក្សា រៀបចំកម្មវិធីបណ្តុះបណ្តាលគ្រូបង្គោលជំនាញជណ្តើរយន្ត និងទទួលយកសិស្សចុះកម្មសិក្សា។ 

បច្ចុប្បន្ន វគ្គបណ្តុះបណ្តាលគ្រូឧទ្ទេសទៅលើ ជំនាញតម្លើងនិងថែទាំជណ្តើរយន្ត បាននិងកំពុងអនុវត្តន៍តាំងពីខែធ្នូ ឆ្នាំ២០២១ នៅវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ដោយមានគ្រូបណ្តុះបណ្តាល ៧រូប មកពីក្រុមហ៊ុន ជីហ្គៀ គ្រុប និង២១ រូប ពីវិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកទេសផ្សេងៗចំនួន៥ទូទាំងប្រទេស។ 

គណៈប្រតិភូ បានអញ្ជើញទស្សនកិច្ចបន្ទប់ស្រាវជ្រាវ និងនវានុវត្តន៍ព័ត៌មានវិទ្យា, មជ្ឈមណ្ឌលបណ្តុះបណ្តាលរថយន្តហ្វដ, បន្ទប់បណ្តុះបណ្តាលបរិក្ខារត្រជាក់ និងចុះពិនិត្យមើលការអនុវត្តរបស់សិក្ខាកាម នៅរោងជាងលោហៈបន្ទះនិងបន្សារ។ 

បន្ទាប់មក គណៈប្រតិភូបានអញ្ជើញទស្សនកិច្ចនៅក្រុមហ៊ុន GGear Group(ក្រុមហ៊ុនជីហ្គៀគ្រុប) គឺជាក្រុមហ៊ុនផ្គត់ផ្គង់ និងអ្នកលក់រាយចម្បងនៃផលិតផល LG Electronic ទាំងអស់ និងជាដៃគូផ្តាច់មុខរបស់ Hyundai elevator នៅក្នុងប្រទេសកម្ពុជាដែលបានបង្កើតឡើងក្នុងឆ្នាំ២០១១។ រហូតមកដល់ពេលនេះក្រុមហ៊ុនមានបុគ្គលិក ៧៩២នាក់ កំពុងធ្វើការនៅក្នុងហាងអេឡិចត្រូនិច LG Brand shop ចំនួន១៦ នៅទូទាំងរាជធានី និងនៅតាមបណ្តាខេត្តសំខាន់ៗមួយចំនួន។ 

ដោយសារក្រុមហ៊ុន មានបញ្ហាប្រឈមក្នុងជ្រើសរើសបុគ្គលិកដែលមានជំនាញចំាបាច់ក្នុងការផ្តល់សេវាថែទាំក្នុងជណ្តើរយន្ត និងម៉ាស៊ីនត្រជាក់ GGear មានចំណាប់អារម្មរណ៍ក្នុងការអភិវឌ្ឍន៍ និងផ្តល់ការបណ្តុះបណ្តាលគ្រូបង្គោលដល់សាលាបណ្តុះបណ្តាលបច្ចេកទេស និងផ្តល់ការគាំទ្របន្ថែមដល់អ្នកបច្ចេកទេស និងអ្នកចែកចាយឲ្យមានចំណេះដឹង និងជំនាញលើបច្ចេកវិទ្យាទំនើបរបស់ក្រុមហ៊ុន GGear។ 

គួរជម្រាបជូនដែរថា កម្មវិធីមុខរបរ និងការងារសមរម្យរបស់យុវជននៅកម្ពុជា(DEY) ដំណាក់កាលទី២ ឆ្នាំ២០២០-២០២៣ ត្រូវបានរៀបចំបន្តពីដំណាក់កាលទី១ ដើម្បីដោះស្រាយបញ្ហាសំខាន់ចំនួន៤ រួមមាន៖ 

១. ឱនភាពនៃជំនាញជាប្រព័ន្ធក្នុងចំណោមយុវជនវ័យក្មេងនៅកម្ពុជាក្នុងអំឡុងពេលនៃការផ្លាស់ប្តូរដ៏ឆាប់រហ័សនៃបច្ចេកវិទ្យា ដែលផ្សារភ្ជាប់ទៅនឹងការទទួលបានការអប់រំកម្រិតមធ្យមនៅមានកម្រិតទាប 

២. ភាពមិនស៊ីចង្វាក់គ្នារវាងតម្រូវការទីផ្សារការងារ និងជំនាញរបស់យុវជនវ័យក្មេង 

៣. តម្រូវការក្នុងការពង្រឹងប្រព័ន្ធអេកូឡូស៊ីនៃសហគ្រិនភាព និងអាជីវកម្ម ដែលជាប្រភពនៃការងារ និងសុខមាលភាព និង 

៤. តម្រូវការក្នុងការដោះស្រាយការកើនឡើងនៃការងារក្រៅប្រព័ន្ធ ការងារងាយរងគ្រោះ និងកង្វះគុណភាពការងារ។  

កម្មវិធី DEY ដំណាក់កាលទី២នេះ ក៏មានគោលដៅរួមចំណែកក្នុងការអនុវត្តគោលនយោបាយឆ្លើយតបនឹងជំងឺកូវីដ-១៩ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងអំឡុងពេលនៃការរីករាលដាលជំងឺនេះផងដែរ ជាពិសេសក្នុងវិស័យអប់រំបណ្តុះបណ្តាល មុខរបរនិងការងារ និងប្រាក់ចំណូល និងគាំទ្រយុវជនវ័យក្មេង ទាំងស្រ្តី និងបុរស នៅកម្ពុជាក្នុងការទទួលបានឱកាសការងារសមរម្យ និងប្រកបដោយផលិតភាពបន្ថែមទៀត ដោយធានាថា ពួកគេអាចបំពេញតាមតម្រូវការទីផ្សារការងារ និងត្រៀមខ្លួនជាស្រេចសម្រាប់ការងារប្រកបដោយគុណភាព៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print