ប្រធានាធិបតីបារាំង លោក ម៉ាក្រុង បានលើកឡើងថា រុស្ស៊ីមានបំណងចង់រក្សាសន្តិសុខស្ថេរភាព ទឹកដីអ៊ុយក្រែន ។ បារាំង និងប្រទេសជាដៃគូ នឹងបង្កើនកិច្ចពិភាក្សា ដើម្បីស្វែងរកដំណោះស្រាយថ្មីដល់វិបត្តិនៅប្រទេសអ៊ុយក្រែន ក៏ដូចជាធានាដល់សន្តិសុខរបស់រុស្ស៊ី ។ មានប្រសាសន៍នៅក្នុងសន្និសីទកាសែតរួមជាមួយប្រធានាធិបតីពូទីន ប្រធានាធិបតីបារាំង បានបញ្ជាក់ថា នឹងមិនមានសន្តិសុខនៅក្នុងតំបន់អឺរ៉ុបនោះឡើយប្រសិនបើរុស្ស៊ីមិនមានសន្តិសុខនោះ ។ លោកម៉ាក្រុងបញ្ជាក់ទៀតថា ភាគីទាំងពីរបានសន្យា មិនបង្កឲ្យមានភាពតានតឹងណាមួយបន្ថែមទៀតឡើយ។ ក្រោយជំនួបទល់មុខគ្នាផ្ទាល់ ជាមួយប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ប្រធានាធិបតីបារាំង លោក ម៉ាក្រុង កាលពីថ្ងៃចន្ទសប្តាហ៍នេះ បាននិយាយថា រយៈពេលប៉ុន្មានថ្ងៃខាងមុខ នឹងជាថ្ងៃដ៏សំខាន់បំផុត នៅក្នុងបញ្ហាប្រឈមមុខគ្នាពាក់ព័ន្ធនឹងអ៊ុយក្រែន។ លោក ម៉ាក្រុង បានពិភាក្សាគ្នាជាមួយលោកប្រធានាធិបតីរុស្ស៉ី អស់រយៈពេលប្រមាណជា៥ម៉ោង។ ក្រោយជំនួបនោះ លោកបានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានដូច្នេះថា «ប៉ុន្មានថ្ងៃមុខនេះ នឹងជាថ្ងៃដ៏សំខាន់បំផុត ហើយនឹងតម្រូវឱ្យមានការពិភាក្សាគ្នាយ៉ាងស៉ីជម្រៅ»។ ចំណែក លោក ពូទីន វិញ បាននិយាយថា គំនិតមួយចំនួនដែលលោកប្រធានាធិបតីបារាំងបានលើកឡើង ទំនងជាអាចជួយបន្ធូរបន្ថយភាពតានតឹងបាន។ ប្រធានាធិបតីនៃប្រទេសទាំងពីរ នឹងពិភាក្សាគ្នាជាថ្មីម្តងទៀត ក្រោយលោក ម៉ាក្រុង ជួបជាមួយថ្នាក់ដឹកនាំរបស់អ៊ុយក្រែន នៅទីក្រុងកៀវនាថ្ងៃអង្គារនេះ។ ការជួបមុខគ្នាផ្ទាល់ខាងលើ គឺជាជំនួបកំពូលលើកទីមួយនៅទីក្រុងម៉ូស្គូ ដែលលោក ពូទីន បានរៀបចំឡើងជាមួយ មេដឹកនាំរបស់ប្រទេសលោកខាងលិច គិតចាប់តាំងពីរុស្ស៉ីបានចាប់ផ្តើមប្រមែប្រមូលកម្លាំងទ័ព នៅតាមបណ្តោយព្រំប្រទល់អ៊ុយក្រែន ដែលបង្កឱ្យក្រុមលោកខាងលិច ព្រួយបារម្ភជាខ្លាំងថា វាជាការត្រៀមឈ្លានពានអ៊ុយក្រែន បើទោះបីជាទីក្រុងម៉ូស្គូ បានបដិសេធថា មិនមានផែនការយ៉ាងដូច្នោះក៏ដោយ៕ដោយ៖សាធី
រូបថត៖vov.vn