សម្ដេចពិជ័យសេនា ទៀ បាញ់៖ ឆ្នាំ២០២២ គឺ​ជា​ឆ្នាំ​ប្រ​តិ​បត្តិ​ការ​រៀប​ចំ​ស៊ីហ្គេម​-​អា​ស៊ាន​ប៉ារ៉ា​ហ្គេម ដែល​ទាម​ទារ​ឲ្យ​គ្រប់​ភាគី​ពាក់​ព័ន្ធ ត្រូវ​មាន​ភាព​ប្រា​កដ​និយម និង​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់​បំផុត

ចែករំលែក៖

ភ្នំពេញ៖ បើយោងតាមផេក ( Cambodia 2023 ) CAMSOC ជាមួយពាក្យស្លោក #យើងនាំគ្នាឆ្ពោះទៅស៊ីហ្គេម_អាស៊ានប៉ារ៉ាហ្គេម_ឆ្នាំ២០២៣ 🇰🇭
#កីឡារស់ក្នុងសន្ដិភាព_SPORTS_LIVE_IN_PEACE បានបញ្ជាក់អោយដឹងថា, គណៈកម្មាធិការជាតិរៀបចំការ​ប្រកួតកីឡា​អាស៊ី​អាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) នៅព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២ នេះ បានរៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅឆ្នាំ២០២២-២០២៣ និងសិក្ខាសាលាថ្នាក់ជាតិស្ដីពី អភិបាលកិច្ចល្អ នៃការគ្រប់គ្រងព្រឹត្តិការណ៍ SEA Games-ASEAN Para Games ឆ្នាំ២០២៣ នៅសណ្ឋាគារសុខា ។

សូមបញ្ជាក់ថា, ពិធីបើកសន្និបាត និងសិក្ខាសាលាថ្នាក់ជាតិនេះ បានធ្វើឡើងក្រោមអធិបតីភាពសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ CAMSOC និងមានការចូលរួមពី លោកបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាអនុប្រធានគណៈអចិន្ដ្រៃយ៍ CAMSOC និង លោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC ហើយក៏មានការចូលរួមជាច្រើនពីថ្នាក់ដឹកនាំ និងសមាជិកគណៈកម្មាធិការជាតិ CAMSOC ផងដែរ ។

សម្ដេចពិជ័យសេនា ទៀ បាញ់ បានធ្វើការវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផល ដែលសម្រេចបានក្នុងឆ្នាំ២០២១ កន្លងទៅ ទោះបីមានឧបសគ្គមួយចំនួន ដោយសារជំងឺរាតត្បាលជាសកលកូវីដ-១៩ ក៏ដោយ ។ ចំពោះឆ្នាំ២០២២ គឺជាឆ្នាំប្រតិបត្តិការរៀបចំស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដូច្នេះសម្ដេចទាមទារឲ្យគ្រប់ភាគីពាក់ព័ន្ធ ត្រូវមានភាពប្រាកដនិយម និងការទទួលខុសត្រូវខ្ពស់បំផុត ចំពោះតួនាទីភារកិច្ចរបស់ខ្លួន ដើម្បីឆ្ពោះទៅរកភាពជោគជ័យក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រនេះ ។

សម្ដេចពិជ័យសេនាមានប្រសាសន៍ថា «ខ្ញុំសូមធ្វើការវាយតម្លៃខ្ពស់ ចំពោះអគ្គលេខាធិការដ្ឋាន និងគណៈកម្មការជំនាញពាក់ព័ន្ធ ដែលបានរៀបចំសន្និបាតបូកសរុប និងសិក្ខាសាលានាពេលនេះ ពិតជាសក្ខីកម្មបង្ហាញនូវអ្វីដែលជាសមិទ្ធផល និងការខ្វះខាតនូវដំណើរការយន្ដការការងាររបស់ CAMSOC សម្រាប់ពង្រឹងការអនុវត្តការងារបន្ដទៀត ។ ទិសដៅឆ្នាំ២០២២ គឺជាឆ្នាំប្រតិបត្តិការរៀបចំស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ គឺ ដែលសន្និបាតថ្ងៃនេះ នឹងរួមគ្នាលើកបញ្ហាប្រឈម ការងារសេសសល់មកពិភាក្សា និងដោះស្រាយឲ្យស៊ីជម្រៅគ្រប់ជ្រុងជ្រោយ និងប្រាកដប្រជា» ។

សម្ដេចប្រធាន CAMSOC បន្ដថា «ខ្ញុំមានជំនឿចិត្តយ៉ាងមុតមាំថា ឆ្លងកាត់សន្និបាត និងសិក្ខាសាលាថ្ងៃនេះ យើងនឹងស្វែងរកគន្លឹះការងារសំខាន់ៗបន្ថែមទៀត ដែលជាធាតុចូលដ៏មានសារៈសំខាន់ និងផ្ដល់នូវប្រសិទ្ធភាពការងារគ្រប់ជ្រុងជ្រោយរបស់គណៈកម្មាធិការជាតិ CAMSOC បន្ដទៀត ។ ទិសដៅឆ្នាំ២០២២ ជាឆ្នាំប្រតិបត្តិការរៀបចំស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមរបស់យើង ដែលទាមទារឲ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវមានភាពប្រាកដនិយម ទទួលខុសត្រូវខ្ពស់បំផុត ចំពោះមុខ CAMSOC ចំពោះមុខរាជរដ្ឋាភិបាល និងចំពោះមុខសហព័ន្ធក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍» ។

ដោយហេតុនេះ សម្ដេចពិជ័យសេនា ទៀ បាញ់ បានសំណូមពរឲ្យថ្នាក់ដឹកនាំ និងតំណាងក្រសួង ស្ថាប័ន អង្គការកីឡា និងសហព័ន្ធកីឡាជាតិ ដែលចូលរួមសន្និបាត និងសិក្ខាសាលានេះ ត្រូវផ្ដោតការយកចិត្តទុកដាក់ និងយកបទពិសោធន៍ល្អៗ ធ្វើការផ្លាស់ប្ដូរឲ្យបានផុសផុលបំផុត ដើម្បីប្រមូលនូវធាតុចូលសំខាន់ពីគ្រប់ជំនាញពាក់ព័ន្ធមកសម្រួចផែនការការងារ និងការអនុវត្តឲ្យមានប្រសិទ្ធភាព និងទទួលបានជោគជ័យ ក្នុងការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ៕

...


ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print