ខេត្តព្រះសីហនុ៖ បេីតាមប្រភពព័ត៍មានពីស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឱ្យដឹងថា ចោរឆក់ទូរស័ព្ទដៃម្នាក់ ត្រូវបានសមត្ថកិច្ចជំនាញខេត្តចាប់ឃាត់ខ្លួន បន្ទាប់ពីរូបគេបានធ្វេីសកម្មភាពឆក់ទូរស័ព្ទដៃ ចំនួន ០២គ្រឿង ដែលជារបស់ក្មេងស្រីសិស្សសាលា នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង១២ និង ៣០នាទីរសៀល នៅចំណុចសាលារៀនសុវណ្ណាភូមិ(ថ្មី) ស្ថិតនៅ ភូមិ២ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។
ប្រភពដដែលបន្តថា បានបន្តថា ហេតុការណ៍ខាងលេីនេះ បង្កឡើងដោយជនសង្ស័យម្នាក់ ជាជនជាតិខ្មែរ ភេទប្រុស ពាក់ព័ន្ធករណី អំពើលួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទ) ។
ប្រភពព័ត៌មាន បានឱ្យដឹងទៀតថា មុនពេលកេីតហេតុ ជនសង្ស័យម្នាក់ បានជិះម៉ូតូ ០១គ្រឿងមិនស្គាល់ម៉ាក ពណ៌ខ្មៅ បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ ចំនួន ០២គ្រឿង ដែលជារបស់ក្មេងស្រីសិស្សសាលា ក្នុងខណៈពេលដែលជនរងគ្រោះកំពុងជិះម៉ូតូតាមផ្លូវ ។
ភ្លាមៗនោះកម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ បានសហការណ៍ជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ,កម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃនប់ និងកម្លាំងប៉ុស្តិ៍បិតត្រាំងបានដេញប្រផាត់ចាប់ប្រភីង និងស្ទាក់ឃាត់ខ្លួនជនសង្ស័យ រហូតដល់ចំណុចផ្លូវដើមឈើចាំស្នេហ៍ ស្ថិតនៅភូមិគគីរ ឃុំបាតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ទើបចាប់ឃាត់ខ្លួនបានជនសង្ស័យ ។
ក្រោយឃាត់ខ្លួនជនសង្ស័យ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងធ្វើការសាកសួរ៕ដោយ៖សហការី