អុីរ៉ង់បានបង្ហាញកាំជ្រួចមីស៊ីលថ្មី អាចវាយប្រហារដល់ទីតាំងយោធាអាមេរិក និងអុីស្រាអែលនៅតំបន់មជ្ឈិមបូព៌ា។ បណ្តាញទូរទស្សន៍អុីរ៉ង់បានផ្សាយថា កាំជ្រួចមីស៊ីលថ្មីអាចវាយប្រហារគោលដៅក្នុងចម្ងាយ១.៤៥០គីឡូម៉ែត្រ។ រដ្ឋាភិបាលទីក្រុងតេអេរ៉ង់បានដាក់ឈ្មោះថា “Kheibarshekan” ជាភាសាតំបន់មានអាវុធ Kheibar ជាការរំលឹកដល់វិមានរបស់ជនជាតិជ្វីហ្វ ដែលត្រូវក្រុមទាហានអ៊ិស្លាមកម្ទេចក្នុងថ្ងៃដំបូងនៃការបង្កើតសាសនាអ៊ិស្លាម។ សារព័ត៌មានTasnim បានផ្សាយថា មីសុីល”Kheibarshekan” ត្រូវបានដាក់បង្ហាញក្នុងពេលប្រមុខដឹកនាំយោធាអុីរ៉ង់ធ្វើទស្សនកិច្ចទីតាំងកាំជ្រួចមីស៊ីលរបស់កម្លាំងទាហានអ៊ិស្លាម IRGC នៅថ្ងៃទី ៩ខែកុម្ភៈ។ កាំជ្រួចមីស៊ីលខាងលើ គឺជាជំនាន់ទីបី ផលិតដោយកម្លាំងទាហានអុីរ៉ង់អាចវាយប្រហារចាក់ទម្លុះរាល់ប្រព័ន្ធការពារមីស៊ីលនានារបស់សត្រូវ ។ នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀត អ៉ីរ៉ង់ និងសហរដ្ឋអាមេរិកបានបន្តកិច្ចចរចាដោយប្រយោលនៅទីក្រុងវីយែននៅថ្ងៃទី៨ខែកុម្ភៈ ដើម្បីស្តារឡើងវិញនូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ដែលអតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានដកខ្លួនពីឆ្នាំ២០១៨។ ខណៈពេលដែលក្រសួងការបរទេសសហរដ្ឋអាមេរិកនិយាយថា ការចរចាកំពុងឈានចូលដល់ «ដំណាក់កាលចុងក្រោយ» មន្ត្រីអ៉ីរ៉ង់បានប្រកាសថា ផ្នែកនៃការទាមទាររបស់ពួកគេលើការដកទណ្ឌកម្មរហូតមកដល់ពេលនេះ មិនទាន់ត្រូវបានដោះស្រាយនៅក្នុងកិច្ចពិភាក្សានៅទីក្រុងវីយែននៅឡើយទេ។ ភាគីទាំងពីរនិយាយថា ពួកគេរង់ចាំការសម្រេចចិត្តចុងក្រោយផ្នែកនយោបាយពីភាគីម្ខាងទៀតដើម្បីស្តារកិច្ចព្រមព្រៀងនុយក្លេអ៊ែរឡើងវិញ៕ ដោយសាធី
រូបថត៖Reuters.