ខេត្តពោធិ៍សាត់ ៖ កាលពីព្រឹកម្សិលមិញ ថ្ងៃពុធ ៨កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ មានករណីផ្ទុះកាកសំណល់សង្គ្រាមគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ(មីន)បណ្ដាលឱ្យមន្រ្តីយោធាម្នាក់រងរបួសធ្ងន់នៅពេលគាត់ដើរទៅចម្ការ ។
ហេតុការណ៍ខាងលើបានកើតឡើង នៅចំណុចអូរកងឆ្លប ស្ថិតក្នុងភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។
អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋានស្រុកវាលវែងបានឱ្យដឹងអំពីហេតុការណ៍ខាងលើថា ជនរងរបួសឈ្មោះ ប៉ាវ សុជា ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរយោធា បច្ចុប្បន្នរស់នៅភូមិ.ឃុំកើតហេតុ ។
ប្រភពពីអាជ្ញាធរស្រុកដដែលបន្តទៀតថា នៅវេលាម៉ោងខាងលើ ជនរងគ្រោះបានដើរទៅចម្ការហើយក៏បានជាន់គ្រាប់មីនផ្ទុះតែម្ដង បណ្ដាលឱ្យរងរបួសកែងជើងខាងស្ដាំ(ធ្ងន់)ត្រូវបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ប៉ុន្តែមីនដែលផ្ទុះនោះគេពុំដឹងថាគ្រាប់មីននោះជាប្រភេទអ្វីនោះទេ ។
គួររំលឹកផងដែរថា នៅតំបន់ខាងលើមានករណីផ្ទុះកាកសំណល់សង្គ្រាម បណ្ដាលឱ្យប្រជាពលរដ្ឋរងរបួសជាហូរហែ បើទោះជាមន្រ្តីជំនាញប្រឆាំងគ្រាប់រំសេវខំប្រឹងប្រែងរុករកយ៉ាងសកម្មយ៉ាងណាក្ដី ព្រោះតំបន់នោះជាតំបន់ក្ដៅកាលពីសម័យសង្រ្គាម ម្យ៉ាងទៀតតំបន់នោះនៅកៀកនឹងព្រំដែនកម្ពុជា-ថៃផង៕
ដោយៈ បុឹម ពិន