នេះជាសញ្ញាថ្មីបំផុតក្នុងទំនាក់ទំនងកាន់តែជិតស្និទ្ធរវាង ឥណ្ឌូនេស៊ី នឹងបារាំង ។ នៅថ្ងៃទី ១០ខែកុម្ភៈ ឥណ្ឌូនេស៊ីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទិញយន្តហោះចម្បាំង៦គ្រឿងប្រភេទ Rafale របស់បារាំងដែលជាផ្នែកមួយនៃការបញ្ជាទិញ៤២គ្រឿងប្រភេទយន្តហោះនេះ។ កិច្ចព្រមព្រៀងខាងលើត្រូវបានប្រកាសក្រោយជំនួបពិភាក្សារវាងរដ្ឋមន្ត្រីការពារជាតិឥណ្ឌូនេស៊ី លោក Prabowo Subianto ជាមួយសមភាគីបារាំង លោក Florence Parly ក្នុងរដ្ឋធានីចាការតា។ រដ្ឋមន្ត្រីការពារជាតិ Subianto បានបញ្ជាក់ថា «យើងបានឯកភាពគ្នាក្នុងការទិញលក់យន្តហោះចម្បាំង ៤២គ្រឿងប្រភេទ Rafale ។ កិច្ចព្រមព្រៀងត្រូវបានចុះហត្ថលេខានៅថ្ងៃទី១០ ខែកុម្ភៈ មាន៦គ្រឿង។ចំណែក៣៦ផ្សេងទៀតនឹងចុះហត្ថលេខានៅពេលក្រោយ។ នេះជាសញ្ញាមួយបង្ហាញឱ្យឃើញថា ទំនាក់ទំនងកាន់តែជិតស្និទ្ធរវាងឥណ្ឌូនេស៊ី នឹងបារាំង ក្នុងពេលទីក្រុងប៉ារីសបានបាត់បង់កិច្ចព្រមព្រៀងលក់នាវាមុជទឹកមានតម្លៃរាប់ពាន់លានដុល្លារកាលពីខែកញ្ញាឆ្នាំ២០២១។ យន្តហោះចម្បាំង Rafale បានដំណើរការហោះហើរតាំងពីឆ្នាំ២០០៤ ទទួលបានការពេញនិយមប្រើប្រាស់នៅប្រទេសជាច្រើនជុំវិញពិភពលោក។ កាលពីខែធ្នូឆ្នាំ២០២១ យន្តហោះចម្បាំងប្រភេទនេះត្រូវបានប្រទេសអារ៉ាប់រួម ចុះហត្ថលេខាទិញរហូតដល់៨០គ្រឿង ក្នុងតម្លៃ១៤ពាន់លានដុល្លារ ៕ ដោយសាធី
រូបថត៖ Dassault