សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីពិសាអាហារសាមគ្គី នៃសមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា

ចែករំលែក៖

ភ្នំពេញ : បើយោងតាម នាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ បានអោយដឹងថា, , នាល្ងាចថ្ងៃព្រហស្បត្តិ៍ ទី១០ ខែកុម្ភៈ ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយសនៃ សមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា បានអញ្ជើញជាអធីបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរ និងពិសាអាហារសាមគ្គី នៃសមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ដោយមានការអញ្ជើញចូលរួមពី អ្នកឧកញ៉ា លោកឧកញ៉ា អនុប្រធាន និងសមាជិក-សមាជិកា លេខាធិការដ្ឋាន នៃសមាគមមូលនិធិសម្ដេចតេជោ ព្រមទាំង ឯកឧត្តម-លោកជំទាវ លោក-លោកស្រី ជាភ្ញៀវកត្តិយសជាតិ និងអន្ដរជាតិ ដែលកម្មវីធីនេះប្រារព្ធធ្វើឡើងនៅសណ្ឋាគារភ្នំពេញ ស្ថិតនៅតាមបណ្តោយមហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ជាកិច្ចចាប់ផ្ដើម លោកឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា បានថ្លែងឱ្យដឹងថា សមាគមមូលនិធិសម្តេចតេជោ បានយល់ច្បាស់ពីភាពចាំបាច់ នៃការលើកកម្ពស់ ការជំរុញ និងការអភិវឌ្ឍដល់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ដោយសមាគមបានធ្វើសកម្មភាព និងគោរពតាមច្បាប់រដ្ឋធម្មនុញ្ញ លិខិតបទដ្ឋានគតិយុត្តនានា និងគោលនយោបាយរបស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ពាណិជ្ជករ ឬសហគ្រិនជាអ្នកគ្រប់គ្រងសហគ្រាសធុនតូច និងមធ្យម ដែលនឹងកំពុងធ្វើពាណិជ្ជកម្ម នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ 

លើសពីនេះទៀត លោកឧកញ៉ា ប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមមូលនិធិសម្ដេចតេជោ បានលើកឡើងថា សមាគម គាំទ្រដល់សហគ្រាសធុនតូច ដើម្បីផ្ដល់ឱកាសឱ្យប្រជាជន ពិសេសយុវជនដែលជាកម្លាំងពលកម្មមានលទ្ធភាព ផលិតកម្ម សេវាកម្ម និងទទួលបានផលប្រយោជន៍ពីសហគ្រាសធុនតូច ប្រកបដោយសមធម៌។

នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយស នៃសមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា បានមានប្រសាសន៍ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ អ្នកឧញ៉ា-លោកឧញ៉ា និងលោក-លោកស្រី ទាំងអស់ ដែលបានចំណាយពេលវេលាដ៏មានតម្លៃ ចូលរួមក្នុងពិធីពិសាអាហារសាមគ្គី នាពេលល្ងាចនេះ ដែលបានរៀបចំឡើងដោយសមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។

សម្ដេចក្រឡាហោម បានបន្ដថា ក្នុងនាមជាប្រធានកិត្តិយស នៃសមាគមមូលនិធិសម្ដេចតេជោ, សម្ដេចក្រឡាហោម ក៏មានបំណងចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម របស់ប្រទេសកម្ពុជា ឱ្យមានការរីកចម្រើនបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋរស់នៅដោយសេចក្ដីសុខ និងរីកចម្រើន។

ជាងនេះទៅទៀត សម្ដេចក្រឡាហោម ស ខេង បានសង្ឃឹមថា សមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា នឹងបន្ដបេសកកម្មរបស់ខ្លួនបន្ថែមទៀត ដើម្បីជួយដល់ការចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម នៅប្រទេសកម្ពុជា ជាពិសេសជួយប្រជាពលរដ្ឋ ដែលមានបំណងចង់ធ្វើកិច្ចការជាសហគ្រាសធុនតូច និងមធ្យមនេះ។ 

សូមជម្រាបជូនថា សមាគមមូលនិធិសម្តេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា បានចុះឈ្មោះក្នុងបញ្ជីសមាគមនៅក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ ដែលមានអាសយដ្ឋានទីស្នាក់ការកណ្ដាល ស្ថិតនៅផ្ទះលេខ តេ១៦៨ មហាវិថីព្រះនរោត្តម ភូមិ៩ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print