បុរសម្នាក់ពេលកំពុងផឹកស៊ីមានទំនាស់ពាក្យសម្តីគ្នាបានកាប់ទៅលើដៃគូទំនាស់បណ្តាលឱ្យរបួសធ្ងន់នៅក្រុងបាវិត

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរសជាជនដៃដល់ម្នាក់បានរត់គេចខ្លួនភ្លាមៗបន្ទាប់ពីបានប្រើហិង្សាយកកាំបិតកាប់ទៅលើជនរងគ្រោះម្នាក់ដែលកំពុងអង្គុយផឹកស៊ីជាមួយគ្នាដោយគ្រាន់តែមានទំនាស់ពាក្យសម្តីគ្នាបន្តិចបន្តួចប៉ុណ្ណោះ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីយប់
ថ្ងៃទី១០ខែកុម្ភៈឆ្នាំ២០២២ ស្ថិតនៅក្នុងភូមិថ្មី សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង។

យោងតាមសមត្ថកិច្ចនគរបាលបានឱ្យដឹងថា ជនសង្ស័យជាអ្នកដៃដល់មានឈ្មោះឃន សុរ៉ាវី  អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិថ្មី សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង។
ចំណែកជនរងគ្រោះមានឈ្មោះ
សាន់ ប្រាក់ អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិអង្កសាលា សង្កាត់ព្រៃអង្គញ់ ក្រុងបាវិត ខេត្តស្វាយរៀងបានរងរបួសចំនួន២កាំបិត គឺត្រង់កញ្ចឹងក និងក្បាល។

បើតាមអ្នកភូមិបានឱ្យដឹងថា មុនកើតហេតុគេឃើញជនសង្ស័យនិងជនរងគ្រោះបានអង្គុយផឹកស៊ីជាមួយគ្នាក្លែមពាក្យសម្តីយ៉ាងសប្បាយរីករាយ។
ក្រោយមកនៅវេលាកើតហេតុស្រាប់តែឮសូរសំឡេងឈ្លោះគ្នាយ៉ាងខ្លាំងដោយមានអាការៈស្រវឹងស្រាខ្លាំង ខណៈនោះស្រាប់តែជនសង្ស័យទាញបានកាំបិតកាប់ទៅលើជនរងគ្រោះ
ចំនួន២កាំបិតត្រូវចំកញ្ចឹងក និងក្បាលបណ្ដាលឱ្យហូរឈាមជោកខ្លួនបង្កការភ្ញាក់ផ្អើលតែម្ដង។

ក្រោយពេលប្រព្រឹត្តបទល្មើសរួច ជនសង្ស័យឃើញសភាពការណ៍មិនស្រួលបានរត់គេចខ្លួនបាត់ស្រមោលទៅចំណែកជនរងគ្រោះត្រូវបានសមត្ថកិច្ចបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្វាយរៀង ។ រីឯជនសង្ស័យសមត្ថកិច្ចនគរបាលក្រុងបាវិតកំពុងធ្វើការស្រាវជ្រាវតាមចាប់ខ្លួនដើម្បីយកមកផ្ដន្ទាទោសតាមច្បាប់អោយខាងតែបាន៕

...

ដោយ៖ យឹម សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print