រូបភាពផ្កាយរណបបង្ហាញឱ្យឃើញថា រុស្ស៊ីឡោមព័ទ្ធអ៊ុយក្រែនពី៣ជ្រុង

ចែករំលែក៖

រូបភាពផ្កាយរណបដែលថតនៅថ្ងៃទី៩និងទី១០ ខែកុម្ភៈ បានបង្ហាញឱ្យឃើញថា រុស្សីបានបង្កើនកម្លាំងទាហាន និងអាវុធជាច្រើននៅជុំវិញប្រទេសអ៊ុយក្រែនពី៣ជ្រុងដែលអាចវាយប្រហារប្រទេសនេះគ្រប់ពេលវេលា ។ រូបភាពដែលថតបានដោយក្រុមហ៊ុនអវកាស Maxar Technologies បានប្រកាសនៅថ្ងៃទី១០ខែកុម្ភៈបង្ហាញឱ្យឃើញថា រុស្ស៊ីបានដាក់ពង្រាយកម្លាំងទាហាននៅ៣ទីតាំងផ្សេងគ្នាក្នុងតំបន់គ្រីមៀ ដែលរុស្ស៊ីបានដាក់បញ្ចូលក្រោមការគ្រប់គ្រងរបស់ខ្លួនកាលពីឆ្នាំ២០១៤ ។ នៅក្នុងតំបន់ Novoozernoye និង Slavne តំបន់ភាគខាងលិចគ្រីមៀ ក៏បានដាក់ពង្រាយទាហាននិងអាវុធជាច្រើនផងដែរ។ សកម្មភាពរបស់រុស្ស៊ីបង្កក្តីបារម្ភយ៉ាងខ្លាំងដល់ប្រទេសលោកខាងលិច ពិសេសគឺតំបន់អឺរ៉ុប ។ នៅពេលថ្មីៗនេះ នាយករដ្ឋមន្ត្រី អាល្លឺម៉ង់ លោក Olaf Scholz បានព្រមានរុស្ស៊ីពីផលវិបាកធ្ងន់ធ្ងរទាំងសេដ្ឋកិច្ច និងនយោបាយ ប្រសិនបើហ៊ានប្រើកម្លាំងយោធាលើអ៊ុយក្រែន ខណៈដែលលោកអះអាងថា អាលឺ្លម៉ង់និងសម្ពន្ធមិត្តត្រៀមខ្លួនជាស្រេចដើម្បីបើកកិច្ចសន្ទនាជាមួយទីក្រុងមូស្គូ។ ថ្លែងប្រាប់អ្នកសារព័ត៌មាននៅឯជំនួបជាមួយមេដឹកនាំមកពីប្រទេសក្នុងតំបន់បាល់ទិកក្នុងទីក្រុងប៊ែរឡាំង នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ លោក អូឡាហ្វ សូល៍ បានបញ្ជាក់ដូច្នេះថា «យើងចង់បានសន្តិភាព ហើយអ្វីដែលសំខាន់បំផុតនៅពេលនេះ គឺបង្ការកុំឱ្យសង្រ្គាមផ្ទុះឡើងក្នុងតំបន់អឺរ៉ុប។ ការឈ្លានពានដោយយោធារុស្ស៊ី ប្រឆាំងអ៊ុយក្រែននឹងបង្កផលវិបាកធ្ងន់ធ្ងរទាំងនយោបាយ និងសេដ្ឋកិច្ចសម្រាប់រុស្ស៊ីខ្លួនឯង។ ក៏ប៉ុន្តែយើងបានត្រៀមខ្លួនជាស្រេច ដើម្បីបើកកិច្ចសន្ទនាជាមួយរុស្ស៊ីស្ដីពីបញ្ហាសន្តិសុខអឺរ៉ុប»។ រុស្ស៊ីមកទល់នឹងពេលនេះ នៅតែបដិសេធថាខ្លួនគ្មានផែនការប្រើកម្លាំងយោធាលើប្រទេសណាមួយទេ បើទោះជាសហរដ្ឋអាមេរិកព្រមានថារុស្ស៊ីអាចនឹងបើកការវាយប្រហារលើអ៊ុយក្រែននៅពាក់កណ្ដាលខែកុម្ភៈនេះក៏ដោយ។ តែទន្ទឹមគ្នានឹងការបដិសេធនេះ កងទ័ពរុស្ស៊ីត្រូវបានគេរាយការណ៍ថានៅតែបន្តបង្កើនសកម្មភាពនៅតាមតំបន់ក្បែរព្រំដែនអ៊ុយក្រែន និងក្នុងប្រទេសបេឡារូស ព្រមទាំងធ្វើសមយុទ្ធយោធានៅតំបន់សមុទ្រខ្មៅ ដែលនេះបង្កឱ្យមានការភ័យខ្លាចពី ការផ្ទុះសង្រ្គាម និងកំពុងធ្វើឱ្យតម្លៃឧស្ម័នឡើងថ្លៃនៅទូទាំងតំបន់អឺរ៉ុប ដែលពឹងផ្អែកយ៉ាងខ្លាំងលើការផ្គត់ផ្គង់ឧស្ម័នពីរុស្ស៊ី៕ ដោយសាធី

...

រូបថត៖zingnews.vn

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print