ស្ត្រីសម្រាលកូនម្នាក់មានជីវភាពទីទ័លក្រ ទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមខេត្ត

ចែករំលែក៖

ខេត្តមណ្ឌលគិរី ៖ ស្រ្តីទើបសម្រាលកូនម្នាក់ដែលមានជីវភាពខ្វះខាតយ៉ាងខ្លាំងផងនោះនិងស្នាក់អាស្រ័យនៅក្នុងសាលាបឋមសិក្សា ហ៊ុនសែន សែនមនោរម្យ ត្រូវបានសាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី ដឹកនាំដោយលោកស្រី វិន ស៉ីធួន អនុប្រធានគណៈកម្មាធិការសាខា និងសហការីនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជាទៅផ្តល់ជូនដល់ទីស្នាក់នៅ។
ការចុះសួរសុខទុក្ខនិងនាំយកអំណោយទៅជូននោះគឺធ្វើឡើងនៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ដែលស្រ្តីសម្រាលកូននោះមានឈ្មោះ ផន សាវុន អាយុ៣៤ឆ្នាំ មានជីវភាពខ្វះខាតខ្លាំង សព្វថ្ងៃសម្រាក និងស្នាក់អាស្រ័យនៅក្នុងសាលាបឋមសិក្សា ហ៊ុនសែន សែនមនោរម្យ ក្នុងភូមិកណ្ដាល សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។
លោកស្រីអនុប្រធាន បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខនិងក្ដីនឹករលឹកពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្រ្តីនិងកុមារ ដែលជានិច្ចកាល សម្តេចតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋក្នុងគ្រាជួបការលំបាក អ្នកមានជំងឺ ជនងាយរងគ្រោះ និងជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ មិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ និងបានផ្តាំផ្ញើឱ្យខិតខំថែរក្សាសុខភាពឱ្យបានល្អ ដោយប្រកាន់យកនូវអនាម័យល្អ ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត ព្រមទាំងយកកូនទៅចាក់ថ្នាំបង្ការឱ្យបានគ្រប់ចំនួនដង ទៅតាមការណាត់របស់គ្រូពេទ្យ និងសូមអនុវត្តនូវវិធានការ «៣កុំ និង៣ការពារ» ឱ្យរួចចាកផុតពីការឆ្លងជំងឺកូវីដ-១៩។

អំណោយដែលបានផ្តល់ជូននៅពេលនោះ រួមមាន ៖ អង្ករ២០គីឡូក្រាម ត្រីខ ១០កំប៉ុង ទឹកដោះគោឆៅ២យួរ មី១កេស ទឹកបរិសុទ្ធវីតាល់១កេស ឃីតទារកមួយកញ្ចប់ ម្សៅKodomo១ឈុត និងថវិកា ១៥០,០០០រៀលផងដែរ ៕

...

ដោយ ជីវ័ន្ត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print