លោក ហ៊ុន ម៉ានិត និងអភិបាលខេត្តកំពង់ចាម អញ្ជើញបើកការដ្ឋានស្ថាបនា ផ្លូវក្រាលកៅស៊ូ ១ខ្សែ ប្រវែងជាង ១៦គីឡូម៉ែត្រ នៅស្រុកចំការលើ

ចែករំលែក៖

ខេត្តកំពង់ចាម÷ លោក ហ៊ុន ម៉ានិត ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកចំការលើ និងលោក អ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាម ព្រមទាំង ប្រតិភូអមដំណើរជាច្រើនទៀត នៅព្រឹកថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ២០២២ នេះ បានអញ្ជើញបើកការដ្ឋានស្ថាបនាផ្លូវក្រាលកៅស៊ូ ប្រភេទ DBST ១ខ្សែ ប្រវែង ១៦,៨គីឡូម៉ែត្រ ចាប់ពីភូមិតាអុង ឃុំតាអុង ឆ្ពោះទៅភូមិជយោ ឃុំជយោ ស្រុកចំការលើ ។

ថ្លែងក្នុងឱកាសនោះលោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានចាត់ទុកផ្លូវ១ខ្សែ នេះ បងប្អូនប្រជាពលរដ្ឋ ក្នុងស្រុកចំការលើ បានទន្ទឹងរង់ចាំយូរមកហើយ ទើបតែក្នុងឆ្នាំ ២០២២ នេះ ជាពិសេស ដោយការខិតខំប្រឹងប្រែងរបស់អាជ្ញាធរខេត្តផង និងដោយបានទទួលការជ្រោមជ្រែងពីលោកហ៊ុន ម៉ានិត ប្រធានក្រុមការងារ ចុះមូលដ្ឋាន ស្រុកចំការលើផង ទើបធ្វើឲ្យសម្រេចចេញជាផ្លូវនេះឡើង ទុកជូនប្រជាពលរដ្ឋប្រើប្រាស់ ដូចពេលនេះ ។

លោកអភិបាលខេត្តបានបញ្ជាក់ដែរថា ផ្លូវ ១ខ្សែនេះ អាចនឹងស្ថាបនា រួចរាល់ ក្នុងរយៈពេលត្រឹមតែ ៤ខែ ប៉ុណ្ណោះ ពោលគឺ ធ្វើយ៉ាងណា ឲ្យប្រជាពលរដ្ឋយើង ឆាប់បានផ្លូវល្អប្រើប្រាស់ ហើយផ្នែកជំនាញនឹងដាក់ស្លាកសញ្ញាចរាចរ និងស្លាកកំណត់កម្រិតទម្ងន់ របស់រថយន្តដឹកទំនិញផ្សេងៗ ឲ្យបានត្រឹមត្រូវ ផងដែរ ពោលគឺ សំដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរ និងបង្កភាពងាយស្រួល ដល់ប្រជាពលរដ្ឋ ធ្វើដំណើរតាមដងផ្លូវ ។

លោក ហ៊ុន ម៉ានិត បានមានប្រសាសន៍ថា មូលហេតុដែលអូសបន្លាយ មានការយឺតយ៉ាវក្នុងការស្ថាបនាផ្លូវ ១ខ្សែនេះដោយសារប្រទេសជាតិជួបវិបត្តិជំងឺកូវីដ ១៩។ ហេតុនេះហើយ ទើបរាជរដ្ឋាភិបាល បានបង្វែថវិកា ទៅផ្គត់ផ្គង់ផ្នែកសុខាភិបាលជាអទិភាព ដើម្បីទប់ស្កាត់កុំអោយមានការរាលដាលជំងឺនេះ នៅក្នុងសហគមន៍ធ្ងន់ធ្ងរ និងការបាត់បង់ជីវិត របស់ប្រជាពលរដ្ឋយើង ។ ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយ មកដល់បច្ចុប្បន្ន បើប្រៀបធៀបទៅនឹងប្រទេសផ្សេងៗ នៅលើពិភពលោក លើការគ្រប់គ្រង នៃស្ថានភាពជម្ងឺកូវីដ១៩ កម្ពុជាយើង បានគ្រប់គ្រងល្អជាប់លំដាប់ថ្នាក់លេខ ២ ។

លោកប្រធានក្រុមការងារបញ្ជាក់ថា ទោះជាយ៉ាងណានោះក្តី ដោយសារជំងឺកូវីដ មានការបំប្លែងខ្លួនថ្មីៗ ជា បន្តបន្ទាប់ ដែលអាចធ្វើអោយមានការឆ្លងច្រើន ផងដែរ នៅឯរាជធានីភ្នំពេញ ក៏ដូចជា នៅតាមបណ្ដាខេត្តមួយចំនួន ផងដែរ ។ ដូច្នេះ វិធីការពារដ៏ល្អ និងមានប្រសិទ្ធភាពនោះ គឺមានតែបងប្អូន អញ្ជើញទៅចាក់វ៉ាក់សាំង តាមកាលកំណត់ នៃដូសនីមួយៗ ឲ្យបានគ្រប់ៗគ្នា ដើម្បី ធានាសុវត្ថិភាព ដល់អាយុជីវិតប្រជាពលរដ្ឋយើង ទាំងអស់គ្នា ៕

...

ដោយ៖ សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print