ត្បូងឃ្មុំ ៖ ព្រឹកថ្ងៃទី ១១ ខែ កុម្ភៈ ឆ្នាំ២០២២ នេះ លោកអ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកអូររាំងឪ និងលោក ជាម ច័ន្ទសោភ័ណ បានអញ្ជើញជាអធិបតី ភាព ក្នុងយុទ្ធនាការ “កាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក និងផ្សព្វផ្សាយកន្ត្រកបរិស្ថាន ” ស្ថិតនៅផ្សារអូរាំងឪ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ។
យុទ្ធនាការ នេះ ក៏មានអញ្ជើញចូលរួម ពីសំណាក់លោក-លោកស្រីថ្នាក់ដឹកនាំក្រសួងបរិស្ថាន,អភិបាលរង ខេត្ត លោក-លោកស្រី អភិបាលស្រុក-អភិបាលរងស្រុក អាជ្ញាធរស្រុកអូររាំងឪ យុវជនសហភាពសហព័ន្ធយុវជនកម្ពុជា (សសយក) សិស្សានុសិស្ស ប្រជាពលរដ្ឋ និងអាជីវករផ្សារអូររាំងឪមួយចំនួនផងដែរ។
លោក ងួន ប៊ុណ្ណាន អភិបាលស្រុកអូរាំងឪ បានអានជម្រាបជូននូវរបាយការណ៍វឌ្ឍភាព និងការអភិវឌ្ឍន៍ស្រុករួចមក ថ្លែងនាឱកាសនោះលោក អ៊ាង សុផល្លែត មានប្រសាសន៏ ជំរុញឱ្យប្រជាពលរដ្ឋប្រើប្រាស់ថង់បរិស្ថាន ដើម្បីកាត់បន្ថយប្លាស្ទិក ដែលបង្កហានិភ័យដល់សុខភាពមនុស្ស ពិសេសប៉ះពាល់បរិស្ថានយ៉ាងធ្ងន់ធ្ងរនៅលើភពផែនដីនូវកម្រិតនៃការបំពុល ហើយដែលមនុស្សជាអ្នកបង្កើតឡើង ធ្វើអោយកកកុញនៅគ្រប់ជ្រុងនៃផែនដី ។
លោករដ្ឋលេខាធិការក្រសួងបរិស្ថាន បានបន្ថែមថា ថង់ប្លាស្ទិកផលិតឡើងមានសារធាតុគីមីច្រើន ដែលបានបង្កផលប៉ះពាល់ ដល់សុខុមាលភាពរបស់មនុស្សជាតិ នាំឱ្យកើតជម្ងឺជាច្រើនប្រភេទ ក្នុងនោះក៏មានជម្ងឺមហារីកផងដែរ មិនតែប៉ុណ្ណោះអនាម័យបរិស្ថាន និងសោភណ្ឌភាពក៏ត្រូវបានបំផ្លាញដោយសំណល់ប្លាស្ទិក ដែលកើតឡើងនៅតាមទីសាធារណៈ ទីក្រុង ទីប្រជុំជន រហូតដល់ភូមិឋាន និងតំបន់បេតិកភណ្ឌធម្មជាតិប្រវត្តិសាស្រ្ត រួមទាំងសមុទ្រផងដែរ។
លោក អ៊ាង សុផល្លែត បានបញ្ជាក់ផងដែរថា យុទ្ធនាការកាត់បន្ថយថង់ប្លាស្ទិក នាពេលនេះ គឺបានឆ្លុះបញ្ចាំងពីឆន្ទៈរួមគ្នា ដើម្បីកិច្ចគាំពារបរិស្ថាន និងបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា រួមជាមួយប្រជាជាតិនៅលើសកលលោក ដើម្បីបុព្វហេតុរួមចំណែកការពារ និងថែរក្សាគុណភាពបរិស្ថានភពផែនដី ឱ្យឈានឆ្ពោះទៅកាន់ការរស់នៅប្រកបដោយចីរភាព សម្រាប់មនុស្សជាតិបច្ចុប្បន្ន និងមនុស្សជំនាន់ក្រោយៗទៀត និងការពារសោភណ្ឌភាពមូលដ្ឋាន និងតំបន់បេតិកភណ្ឌរបស់យើងទាំងអស់គ្នា។ លោកបានសំណូមពរដល់ប្រជាពលរដ្ឋគួរប្រែក្លាយទម្លាប់ងាកមកប្រើប្រាស់ថង់ ឬកន្រ្តកបរិស្ថាន ដែលជួយសន្សំសំចៃថវិកា និងងាយស្រួលទុកដាក់ថែមទៀតផង។
សូមជម្រាបថា យុទ្ធនាការ «កាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក និងផ្សព្វផ្សាយកន្រ្ដកបរិស្ថាន» រៀបចំឡើងក្នុងគោលបំណង ៖
១)ផ្សព្វផ្សាយជាផ្លូវការនូវចលនាទូលំទូលាយរួមគ្នាកាត់បន្ថយសំណល់ប្លាស្ទិកនៅកម្ពុជា តាមគោលការណ៍ស្ម័គ្រចិត្តស្របតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ស្តីពី ការគ្រប់គ្រងថង់ប្លាស្ទិក
២)ជំរុញ និងលើកទឹកចិត្តដល់អាជីវករឱ្យបញ្ឈប់ជាអចិន្រ្តៃយ៍នូវការផ្តល់ថង់ប្លាស្ទិកដោយមិនគិតថ្លៃដល់អតិថិជន
និង៣)ចូលរួមចំណែកលើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមសហគមន៍ តាមរយៈការផលិតកន្រ្តកដែលធ្វើពីចចូតជាផលិតផលក្នុងស្រុក។
តាមរយៈយុទ្ធនាការនេះ គណៈអធិបតី បានប្រគល់នូវកន្រ្ដកបរិស្ថានជូនអ្នកចូលរួម និងបានអញ្ជើញសំណេះសំណាលផ្សព្វផ្សាយការប្រើប្រាស់កន្រ្តកបរិស្ថាន ជាមួយប្រជាពលរដ្ឋ និងអាជីវករក្នុងផ្សារអូររាំឪ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ដើម្បីជំរុញការឈប់ប្រើប្រាស់ប្លាស្ទិកក្នុងជីវភាពប្រចាំថ្ងៃ៕