សាធារណរដ្ឋកូរ៉េ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ស្ថាបនិកសន្តិភាព ដ៏រុងរឿង របស់បេះដូងប្រជាពលរដ្ឋកម្ពុជា បានបន្តជួបជាមួយពលរដ្ឋខ្មែរដែលរស់នៅសាធារណរដ្ឋកូរ៉េបន្ទាប់ពីសម្ដេចបានជួបពិភាក្សាជាមួយប្រធានាធិបតី ម៉ូន ចេអ៊ីន និងប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េលោក Park Byeong-Seug រួចមក។
សូមបញ្ជាក់ថា, ជំនួបសួរសុខទុក្ខជាមួយពលរដ្ឋខ្មែររស់នៅប្រទេសកូរ៉េខាងត្បូងនេះធ្វើឡើងល្ងាចថ្ងៃទី១១ ខែកុម្ភៈ នៅសណ្ឋាគារឡូតេវ៉ើល ដែលជាសណ្ឋាគារស្នាក់អាស្រ័យបំពេញទស្សនកិច្ចការងារ អញ្ជើញចូលរួមកិច្ចប្រជុំកំពូលសន្តិភាពពិភពលោក ឆ្នាំ២០២២ ស្តីពីសន្តិភាពនៅឧបទ្វីបកូរ៉េ។
ក្នុងជំនួបនោះសម្ដេចតេជោ ហ៊ុន សែន បានជួបសន្ទនាដោយផ្ទាល់ ពីជីវភាពរស់នៅ ការប្រកបមុខរបរចិញ្ចឹមជីវិត ការបំពេញការងារផ្សេងៗ រួមទាំងជីវិតគូរស្រករ របស់ក្មួយៗ ចៅៗ ជាស្រ្តីមួយចំនួន ដែលបានចាកចេញពីមាតុប្រទេស មកស្នាក់នៅមានស្វាមី ភរិយា នៅ សាធារណរដ្ឋកូរ៉េ។ សម្ដេចបន្ថែមថា សម្ដេចចង់ជួបពលរដ្ឋខ្មែរនៅប្រទេសកូរ៉េយូរហើយ តែដោយសារតែកម្មវិធីរបស់សម្តេចមានភាពមមាញឹកខ្លាំងពេក និងដោយសារតែការរីករាលដាល នៃជំងឺកូវីដ-១៩ ក្នុងប្រទេសកូរ៉េ ហើយដែលអាជ្ញាធរកូរ៉េ មិនអនុញ្ញាតឲ្យមានការជួបជុំជាលក្ខណៈទ្រង់ទ្រាយធំបាន។
ពលរដ្ឋខ្មែររស់បានមកជួបជាមួយសម្ដេចតេជោ ទាំងបានជំរាបជូនសម្តេចថា បើទោះបីពួកគេចាកចេញពីមាតុប្រទេសក៏ពិតមែន ប៉ុន្តែពួកគេពិតជាមានសេចក្តីសុខ សុភមង្គល ដោយទទួលបានស្វាមីប្រកបដោយព្រហ្មវិហាធម៌ និងបានក្លាយជាគ្រួសារសមល្មម នៅសាធារណរដ្ឋកូរ៉េ។
ពួកគេបានថ្លែងនូវអំណរគុណជូនចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានកសាងស្ពានមេត្រីល្អជាមួយប្រទេសកូរ៉េ ពិសេសធ្វើឱ្យប្រទេសកំណើតកម្ពុជាសេចក្តីសុខរហូតមកដល់សព្វថ្ងៃនេះ។
សូមបញ្ជាក់ថា, ក្នុងជំនួបប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េលោក Moon Jae-In បានស្វាគមន៍ចំពោះវត្តមានសម្ដេចតេជោ ហ៊ុន សែន ក្នុងទឹកដីកូរ៉េខាងត្បូងក្នុងពេលនេះ និងបានគូសបញ្ជាក់ពីទំនាក់ទំនងរវាងប្រទេសទាំងពីរ។
សម្ដេចតេជោក៏បានមានប្រសាសន៍អរគុណដល់កូរ៉េ ទាក់ទងទៅនឹងការកសាងស្ពានមិត្តភាពកម្ពុជា-កូរ៉េនៅកម្ពុជា ដែលឆ្លងកាត់ទន្លេមេគង្គតាមរយៈជំនួយឥតសំណង និងកម្ចីសម្បទាន ដើម្បីបម្រើសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋកម្ពុជា។ សម្ដេចតេជោក៏បានអរគុណដល់សាធារណរដ្ឋកូរ៉េ ដែលបានចូលរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ជាពិសេសដែលបានផ្ដល់ឥណទានសម្បទាន ជាពិសេសជំនួយសម្ភារៈវេជ្ជសាស្រ្តផងដែរសម្រាប់កម្ពុជា ។
ជាការឆ្លើយតប លោកប្រធានាធិបតីកូរ៉េ លោក Moon Jae-In បានថ្លែងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ កំពុងតែបញ្ជូនទៅសភារបស់សាធារណរដ្ឋកូរ៉េដើម្បីផ្ដល់សច្ចាប័ន លោកបានប្រាប់សម្ដេចតេជោថា កូរ៉េនឹងបន្តធ្វើការជាមួយនិងកម្ពុជាជាបន្តទៀតលើការវិនិយោគនិងជួយសេដ្ឋកិច្ច ដោយបច្ចុប្បន្នមានក្រុមហ៊ុនកូរ៉េប្រមាណជា៣០០ក្រុមហ៊ុនកំពុងតែវិនិយោគនៅកម្ពុជា។
កម្ពុជា-កូរ៉េ បានភ្ជាប់ទំនាក់ទំនងនឹងគ្នាឡើងវិញដោយមានការចូលរួមពីនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន និងក្រោយបានបានប្រកាសទំនាក់ទំនងជាផ្លូវការនៅឆ្នាំ១៩៩៧។ ក្នុងរយៈពេល២៥ឆ្នាំមកនេះ ទំនាក់ទំនងទ្វេរភាគីរវាងកម្ពុជា និងកូរ៉េខាងត្បូងបានឈានដល់កម្រិតខ្ពស់មួយ ដែលបានជំរុញដល់វិស័យពាណិជ្ជកម្ម ការវិនិយោគ ទេសចរណ៍ និងជំនួយអភិវឌ្ឍន៍។ កិច្ចសហប្រតិបត្តិការរវាងសមភាគីទាំងពីរអាចត្រូវបានគេមើលឃើញនៅក្នុងវិស័យជាច្រើន រាប់ចាប់ពីនយោបាយ រហូតដល់សេដ្ឋកិច្ច៕
ដោយ : សិលា