យន្តការដេញថ្លៃនាំចូលជ្រូករស់ផ្គត់ផ្គង់មកកម្ពុជា រៀបចំឡើងក្នុងគោលបំណងការពារទាំងអ្នកចិញ្ចឹមក្នុងស្រុក និងអ្នកហូបសាច់ជ្រូក,នេះបេី​តាមសេចក្តីប្រកាសព័ត៍មា​នរបស់​ក្រសួង​សេដ្ឋកិច្ច​

ចែករំលែក៖

ភ្នំពេញ៖​ បេី​យោង​តាមប្រភពព័ត៍មានពី​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅយប់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២នេះ​ បានឱ្យដឹងថា​ ក្នុងគោលដៅធានាឱ្យមានការយល់ដឹងច្បាស់លាស់ និងជៀសវាងការភាន់ច្រឡំ អំពីគោលបំណងនៃគំនិតផ្ដួចផ្ដើមរៀបចំយន្តការដេញថ្លៃ នាំចូលជ្រូករស់ផ្គត់ផ្គង់មកកម្ពុជា ក្នុងចំណោមសាធារណមតិ, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សូមជម្រាប​សាធារណៈ​ជនទាំងអស់ឱ្យបានជ្រាបដូចតទៅ៖

*(១) យន្តការដេញថ្លៃនាំចូលជ្រូករស់ផ្គត់ផ្គង់មកកម្ពុជា ត្រូវបានរៀបចំឡើង ក្នុងគោលបំណងការពារទាំងអ្នកចិញ្ចឹម និងអ្នកប្រើប្រាស់ (អ្នកហូបសាច់ជ្រូក)។​ យន្តការដេញថ្លៃនាំចូលជ្រូករស់ផ្គត់ផ្គង់មកកម្ពុជានេះ នឹងត្រូវបានយកមកអនុវត្ត ក្នុងករណីដែលមានការខ្វះជ្រូកតែប៉ុណ្ណោះ។ ជាគោលការណ៍រាជរដ្ឋាភិបាល តែងតែលើកទឹកចិត្តអ្នកចិញ្ចឹមក្នុងស្រុក ឱ្យមានលទ្ធភាពផ្គត់ផ្គង់ជ្រូកឱ្យបានគ្រប់គ្រាន់ ជាមួយនឹងកម្រិតថ្លៃសមរម្យ ដោយមិនចាំបាច់មានការនាំចូល។

ក្នុងករណីចាំបាច់មានតម្រូវការនាំចូល ដើម្បីបំពេញសេចក្ដីត្រូវការប្រើប្រាស់ក្នុងស្រុក ក៏ដូចជារក្សាថ្លៃសាច់ជ្រូកឱ្យស្ថិតនៅក្នុងកម្រិតមួយសមរម្យ យន្តការនេះនឹងពឹងផ្អែកលើក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលជាស្ថាប័នក្នុងការ (១)៖ កំណត់កូតានៃបរិមាណនាំចូល, (២)៖ កំណត់គុណវុឌ្ឍិនៃក្រុមហ៊ុននាំចូល, និង(៣)៖ ធ្វើការដេញថ្លៃដោយតម្លាភាព ។

ជារួមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាស្ថាប័នដែលមានតួនាទី ក្នុងការកំណត់នូវចំនួនជ្រូករស់ដែលត្រូវនាំចូល ដើម្បីបំពេញតម្រូវការទីផ្សារ ក្នុងករណីចាំបាច់តែប៉ុណ្ណោះ ។ ជាមួយគ្នានេះ ការរៀបចំយន្តការដេញថ្លៃនេះ គឺដើម្បីទាក់ទាញក្រុមហ៊ុនចូលរួមឱ្យបានច្រើន ក្នុងការដេញថ្លៃការនាំចូលជ្រូករស់ សំដៅបង្កើនការប្រកួតប្រជែង និងធានាការផ្គត់ផ្គង់ជ្រូករស់ក្នុងកម្រិតថ្លៃមួយសមរម្យ។

*(២)​ យន្តការដេញថ្លៃនាំចូលជ្រូករស់ផ្គត់ផ្គង់មកកម្ពុជា ដែលកំពុងត្រូវបានរៀបចំដោយក្រុមការងារអន្តរក្រសួង ដែលមានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាស្ថាប័នដឹកនាំសម្របសម្រួលរួម, មានគោលបំណងសំខាន់ គឺ ជួយលើកកម្ពស់ការប្រកួតប្រជែងប្រកបដោយតម្លាភាព ក្នុងការធ្វើអាជីវកម្មនាំចូលជ្រូករស់។ ការណ៍នេះនឹងចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការធានានិរន្តរភាពនៃការចិញ្ចឹមជ្រូករបស់កសិករ ព្រមទាំងរក្សាឱ្យបាននូវស្ថិរភាពថ្លៃជ្រូករស់ និងថ្លៃសាច់នៅលើទីផ្សារ ក្នុងកម្រិតមួយសមរម្យ សំដៅជួយទ្រទ្រង់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន ក្នុងបរិបទនៃប្រក្រតីភាពថ្មី ក្នុងការរស់នៅជាមួយនឹងជំងឺកូវីដ-១៩ ។

*(៣)ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីចូលរួមជំរុញការចិញ្ចឹមជ្រូក ក្នុងស្រុកសំដៅកាត់បន្ថយការនាំចូល និងលើកកម្ពស់ជីវភាពរស់នៅ របស់បងប្អូនអ្នកចិញ្ចឹមសត្វ នាពេលកន្លងមក ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដាក់ជាបន្ទុករបស់រដ្ឋនូវអាករតម្លៃបន្ថែមលើជ្រូករស់ និងបានផ្តល់ឥណទានក្នុងអត្រាការប្រាក់ទាប តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ទៅវិស័យកសិកម្ម រាប់បញ្ចូលទាំងអនុវិស័យចិញ្ចឹមជ្រូកផងដែរ។ បន្ថែមពីនេះ, ដើម្បីបង្កើនភាពប្រកួតប្រជែងនៃអនុវិស័យចិញ្ចឹមជ្រូកក្នុងរយៈពេលមធ្យម និងវែង, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏បានសហការជាមួយក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ធ្វើការសិក្សាអំពីការវិភាគថ្លៃដើមផលិតកម្មនៃការចិញ្ចឹមជ្រូក និងកំពុងរៀបចំវិធានការជាក់លាក់ពាក់ព័ន្ធនឹងថ្លៃអគ្គិសនី ចំណី ពូជ ជីវសុវត្ថិភាព ជាដើម ដើម្បីកាត់បន្ថយថ្លៃដើមនៃការចិញ្ចឹម។

អាស្រ័យ​ដូចបានជម្រាបខាងលេី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សង្ឃឹមយ៉ាងមុតមាំថាបណ្តាញសារព័ត៌មាន សមាគមអ្នកចិញ្ចឹមសត្វ និងសាធារណជនទាំងអស់នឹងយល់ច្បាស់អំពីខ្លឹមសារ និងគោលបំណងនៃការផ្ដួចផ្ដើមរៀបចំយន្តការដេញថ្លៃនាំចូលជ្រូករស់ផ្គត់ផ្គង់មកកម្ពុជា៕ដោយ​៖ស​ តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print