នៅព្រឹកថ្ងៃសៅរ៍ ទី១២ ខែកុម្ភៈ ឆ្នាំ២០២២ សម្តេចតេជោ អញ្ជើញទទួលពានរង្វាន់ស្នាដៃសន្តិភាពពិសេសរបស់ស្ថាបនិក អង្គការសន្តិភាពសកល

ចែករំលែក៖

សាធារណរដ្ឋកូរ៉េ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញទទួលពានរង្វាន់ស្នាដៃសន្តិភាពពិសេសរបស់ស្ថាបនិក អង្គការសន្តិភាពសកល នៅថ្ងៃសៅរ៍ ទី១២ ខែកុម្ភៈ ឆ្នាំ២០២២។

សូមជម្រាបថា ពានរង្វាន់សន្តិភាព​​ស៊ុនហាក់លើកទី៥ ដែលប្រគល់ជូនសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន គឺសម្រាប់ភាពជាអ្នកដឹកនាំដ៏ខ្ជាប់ខ្ជួនរបស់សម្តេចក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ក្នុងនាមជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានរួមចំណែកដល់ស្ថិរភាព ការអភិវឌ្ឍសេដ្ឋកិច្ច និងសន្តិភាពនៅកម្ពុជា និងតំបន់អាស៊ីអាគ្នេយ៍ ទាំងមូល។
សូមបញ្ជាក់ថា, ពិធីប្រគល់ពានរង្វាន់ «សន្តិភាពស៊ុនហាក់» ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ត្រូវបានធ្វើឡើងយ៉ាងមហោឡារិក នៅមជ្ឈមណ្ឌលសិល្បៈសកល ស្ថិតក្នុងទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង នាព្រឹកថ្ងៃសៅរ៍ ទី១២ ខែកុម្ភៈ ឆ្នាំ២០២២នេះ។

ពិធីប្រគល់ពានរង្វាន់នេះ ត្រូវបានប្រារព្ធធ្វើឡើងដោយមានការចូលរួមដោយថ្នាក់ដឹកនាំសហព័ន្ធសន្តិភាពពិភពលោក និងបណ្តាមេដឹកនាំ អតីតមេដឹកនាំមកពីបណ្តាប្រទេសនានាជាច្រើនរូបទៀត។

នៅក្នុងពិធីនេះសម្តេចតេជោ ហ៊ុន សែន ក៏បានឡើងថ្លែងសុន្ទរកថាជាកិច្ចស្វាគមន៍ចំពោះការផ្តល់ពានរង្វាន់ ដែលជាការផ្តល់តម្លៃដ៏ខ្ពង់ខ្ពស់បំផុតជូនសម្តេច សម្រាប់កិច្ចប្រឹងប្រែងក្នុងការដឹកនាំ និងការរកនូវសុខសន្តិភាព។ សម្តេចតេជោ ហ៊ុន សែន ក៏បានចែករំលែកនូវបទពិសោធន៍ និងការខិតខំប្រឹងប្រែងជាច្រើនរបស់សម្តេច ដើម្បីពន្លត់នូវភ្លើងសង្គ្រាមប្រមាណ ៤ទសវត្សរ៍នៅកម្ពុជា ហើយជំនួសមកវិញនូវការអភិវឌ្ឍ និងការកសាងប្រទេសឱ្យមានភាពរីកចម្រើន ប្រជាពលរដ្ឋរស់នៅក្នុងជីវភាពល្អប្រសើរ៕

...


ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print