ភ្នំពេញ ៖ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានចេញ សេចក្ដីប្រកាសព័ត៌មាន ពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉ ពីថ្ងៃទី១០ ដល់ទី១៣ ខែកុម្ភៈ ឆ្នាំ២០២២។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញ ទៅបំពេញទស្សនកិច្ចប្រកបដោយជោគជ័យ នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ ពីថ្ងៃទី១០ ដល់ទី១៣ ខែកុម្ភៈ ឆ្នាំ២០២២ ដើម្បីធ្វើជាសហប្រធាននៃកិច្ចប្រជុំកំពូលពិភពលោកឆ្នាំ២០២២ ( កិច្ចប្រជុំ កំពូលស្តីពីសន្តិភាពនៅឧបទ្វីបកូរ៉េ) ជាមួយ លោក បាន គីមូន អតីតអគ្គលេខាធិការអង្គការ សហប្រជាជាតិ និង លោកស្រីបណ្ឌិត ហាក់ថា ហាន់មូល សហស្ថាបនិកនៃសហព័ន្ធសន្តិភាព សាកលលោក (UPF)។
នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ – សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងសុន្ទរកថាបើកកិច្ចប្រជុំ កំពូលពិភពលោកឆ្នាំ២០២២ ដែលរៀបចំដោយអង្គការ UPF ដែលមានវត្តមានរបស់ថ្នាក់ដឹកនាំ កំពូលៗ និងអ្នកជំនាញមកពីជាង ១០០ ប្រទេស។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានជំរុញឱ្យមាន សន្ធិសញ្ញាសន្តិភាព អចិន្ត្រៃយ៍នៅឧបទ្វីបកូរ៉េ និងបានអំពាវនាវឱ្យភាគីពាក់ព័ន្ធទាំងអស់បន្តជំរុញ កិច្ចសហប្រតិបត្តិការផ្អែកលើទំនុកចិត្ត និងការកសាងភាពជាដៃគូផ្តោតលើប្រជាជន ដើម្បីឆ្ពោះទៅ រកការបង្រួបបង្រួមកូរ៉េទាំងពីរប្រកបដោយដោយសន្តិភាព។
សម្ដេចតេជោបានចែករំលែកបទពិសោធន៍របស់កម្ពុជាក្នុងការស្វែងរកសន្តិភាព ការកសាងសន្តិភាព និងការផ្សះផ្សាជាតិ ដោយសង្កត់ធ្ងន់ថា សង្គ្រាមមិនអាចបញ្ចប់សង្គ្រាមបានទេ ដូច្នេះ សម្តេចបានបញ្ជាក់ សាជាថ្មីអំពីសារសំខាន់នៃកិច្ចសន្ទនាដោយសន្តិវិធី និងការចរចាឈ្នះ-ឈ្នះ ដើម្បីបញ្ចប់សង្គ្រាម។
បន្ទាប់ពីការពិភាក្សាយ៉ាងទូលំទូលាយ នៅថ្ងៃទី១៣ កុម្ភៈ កិច្ចប្រជុំកំពូលបានអនុម័តជាឯកច្ឆ័ន្ទលើ ឯកសារជាលទ្ធផលចំនួនពីរគឺ “សេចក្ដីសម្រេចចិត្តទីក្រុងសេអ៊ូលឆ្នាំ ២០២២៖ ឆ្ពោះទៅរកសន្តិច”HM និងវិបុលភាពប្រកបដោយចីរភាពនៅឧបទ្វីបកូរ៉េ» និងគំនិតផ្តួចផ្តើមរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ស្តីពី “រដ្ឋពីរឆ្ពោះទៅកាន់ប្រជាជាតិមួយ៖ ឧបទ្វីបមួយ ប្រជាជនមួយ វប្បធម៌មួយ។
គួរកត់សម្គាល់ថា ក្រៅពីការធ្វើជាសហប្រធាន នៃកិច្ចប្រជុំកំពូលពិភពលោកស្តីពីសន្តិភាពនេះនៅ ក្នុងអំឡុងពេលទស្សនកិច្ចនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានជួបពិភាក្សាការងារផងដែរ ជាមួយលោក មូន ចេស៊ីន ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ លោក ផាក ឡុងស៊ុក ប្រធាន សភា លោក បាន គីមូន អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ និងលោកស្រីបណ្ឌិត ហាក់ថា ហាន់មូន សហស្ថាបនិកអង្គការ UPF ។ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានអញ្ជើញចូលរួម ជាជ័យលាភីពានរង្វាន់សន្តិភាពស៊ុនហាក់ឆ្នាំ២០២២ នៅក្នុងពិធីប្រគល់ពានរង្វាន់សន្តិភាពស៊ុនហាក់ ផងដែរ។
1. ជំនួបជាមួយ លោកប្រធានាធិបតី មូន ចេអ៊ីន នៅវិមានប្រធានាធិបតី (ថ្ងៃទី១១ កុម្ភៈ ២០២២)
លោកប្រធានាធិបតីបានគូសបញ្ជាក់ថា សាធារណរដ្ឋកូរ៉េបានចាត់ទុកកម្ពុជាជាប្រទេសមួយ ក្នុង ចំណោមដៃគូសំខាន់ និងប្រទេសអាទិភាពសម្រាប់ជំនួយអភិវឌ្ឍន៍ផ្លូវការរបស់សាធារណរដ្ឋកូរ៉េ។ លោកបានលើកឡើងថា កម្ពុជាជាប្រទេសក្នុងតំបន់មេគង្គដំបូងគេ ដែលសាធារណរដ្ឋកូរ៉េបាន បញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី។ លោកបានអបអរសាទរកម្ពុជាក្នុងការទទួលតួនាទី ជាប្រធានអាស៊ានឆ្នាំ២០២២ និងបានសម្តែងការគាំទ្រកម្ពុជាឱ្យទទួលបានភាពជោគជ័យក្នុងការ ជំរុញសន្តិភាព និងវិបុលភាពក្នុងតំបន់។ ក្នុងនាមជាសហប្រធានជាមួយកម្ពុជា ក្នុងក្របខណ្ឌកិច្ច សហប្រតិបត្តិការមេគង្គ-សាធារណរដ្ឋកូរ៉េ លោក ក៏សង្ឃឹមថា កិច្ចប្រជុំកំពូលមេគង្គ-សាធារណរដ្ឋ កូរ៉េ នឹងប្រព្រឹត្តទៅដោយជោគជ័យក្នុងឆ្នាំនេះ។
ក្នុងនាមជាសហស្ថាបនិកនៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-សាធារណរដ្ឋកូរ៉េឡើងវិញ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានអបអរសាទរខួបអនុស្សាវរីយ៍ ២៥ឆ្នាំ នៃទំនាក់ទំនងការទូតទ្វេភាគីនេះ និងបាន លើកទឹកចិត្តឱ្យមានសកម្មភាពអបអរសាទរផ្សេងៗ ដើម្បីលើកកម្ពស់ទំនាក់ទំនងមិត្តភាព និងកិច្ច សហប្រតិបត្តិការរវាងប្រទេស និងប្រជាជនទាំងពីរ ឱ្យកាន់តែស៊ីជម្រៅថែមទៀត។
ភាគីទាំងពីរបានបង្ហាញសេចក្តីពេញចិត្តចំពោះវឌ្ឍភាពដែលសម្រេចបានប្រកបដោយថាមវន្ត័ នៃ ទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរក្នុងរយៈពេល២៥ឆ្នាំកន្លងមកនេះ ថ្នាក់ដឹកនាំទាំងពីរ បានពិភាក្សាយ៉ាងទូលំទូលាយអំពីមធ្យោបាយ និងវិធីសាស្ត្រនានា ដើម្បីពង្រឹង និងពង្រីកបន្ថែម ទៀតកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យផ្សេងៗដូចជា ពាណិជ្ជកម្ម វិនិយោគ ការអភិវឌ្ឍធនធាន មនុស្ស អាកាសចរណ៍ស៊ីវិល ការបញ្ជូនពលករ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ កសិឧស្សាហកម្ម បច្ចេកទេស និងបច្ចេកវិទ្យាទូរគមនាគមន៍និងព័ត៌មាន។
ថ្នាក់ដឹកនាំទាំងពីរបានសម្តែងការពេញចិត្តចំពោះលំហូរពាណិជ្ជកម្មដែលមានស្ថិរភាពរវាងប្រទេស ទាំងពីរ បើទោះបីជាមានជំងឺរាតត្បាតសកលកូវីដ-១៩ ក៏ដោយ និងបានឯកភាពពន្លឿនការចូលជា ធរមាន នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ ដែលបានចុះហត្ថលេខាកាលពីខែរ ឆ្នាំ២០១ ដើម្បីជំរុញពាណិជ្ជកម្ម បង្កើនការងារបន្ថែម និងពន្លឿនការស្ដារសេដ្ឋកិច្ចក្រោយវិបត្តិកូវីដ-១៩ ប្រទេសទាំងពីរ។ សម្តេចតេជោ បានជម្រាបជូនលោកប្រធានាធិបតីថា កម្ពុជាបានបញ្ចប់នីតិវិធី ផ្ទៃក្នុងរួចរាល់សម្រាប់ការចូលជាធរមាននៃកិច្ចព្រមព្រៀងពាណិជ្ជកម្មនេះ ហើយរំពឹងថា សាធារណរដ្ឋ កូរ៉េ នឹងអាចបញ្ចប់នីតិវិធីផ្ទៃក្នុងនាពេលសមស្របឆាប់ៗខាងមុខ។
ដោយច្បាប់វិនិយោគថ្មីរបស់កម្ពុជា ដែលផ្តល់អត្ថប្រយោជន៍ច្រើនដល់ការវិនិយោគ សម្តេចតេជោ បានលើកទឹកចិត្តឱ្យមានការវិនិយោគទុនកូរ៉េមកកម្ពុជាឱ្យកាន់តែច្រើនថែមទៀត។ សម្ដេចក៏បាន អរគុណចំពោះសាធារណរដ្ឋកូរ៉េ ដែលបានយកចិត្តទុកដាក់ដល់បងប្អូនពលករ និងនិស្សិតខ្មែរ ជា ពិសេសការផ្តល់ វ៉ាក់សាំងកូវីដ-១៩ ដល់ពួកគេ និងបានរក្សាការតភ្ជាប់តាមផ្លូវអាកាសក្នុងពេលវិបត្តិ កូវីដ-១៩ ដើម្បីបន្តនិរន្តរភាពដល់ពាណិជ្ជកម្ម ទេសចរណ៍ ក៏ដូចជាការផ្លាស់ប្ដូររវាងប្រជាជន និង ប្រជាជន។
លោកប្រធានាធិបតី បានអបអរសាទរចំពោះរាជរដ្ឋាភិបាលកម្ពុជាក្នុងការគ្រប់គ្រងជំងឺរាតត្បាត សកលកូវីដ-១៩ ដោយជោគជ័យ តាមរយៈយុទ្ធនាការចាក់វ៉ាក់សាំងទូទាំងប្រទេសប្រកបដោយ ប្រសិទ្ធភាព ដែលអនុញ្ញាតឱ្យកម្ពុជាបើកប្រទេស ក៏ដូចជាសកម្មភាពសេដ្ឋកិច្ចឡើងវិញ។ ជាការ ឆ្លើយតប សម្តេចតេជោ បានថ្លែងអំណរគុណចំពោះសាធារណរដ្ឋកូរ៉េ ដែលបានជំនួយទាន់ពេលវេលា ដើម្បីរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងជំនួយដ៏ថ្លៃថ្លាក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គមរបស់កម្ពុជា។
ភាគីទាំងពីរក៏បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការពហុភាគី និងបានផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាកង្វល់រួម។ ពាក់ព័ន្ធនឹងបញ្ហាមីយ៉ាន់ម៉ា លោកប្រធានាធិបតីបានបញ្ជាក់ ឡើងវិញនូវការគាំទ្ររបស់សាធារណរដ្ឋកូរ៉េ ចំពោះការព្រមព្រៀងជាឯកច្ឆន្ទទាំង ៥ចំណុចរបស់ អាស៊ាន ដើម្បីជួយមីយ៉ាន់ម៉ាឱ្យវិលទៅរកប្រក្រតីភាពឡើងវិញ និងកោតសរសើរដល់កិច្ចខិតខំប្រឹង ប្រែងរបស់ សម្តេចតេជោក្នុងកិច្ចការនេះ។
II. ជំនួបជាមួយលោក ផាក ឡុងស៊ុក ប្រធានសភា នៅសភាជាតិ (ថ្ងៃទី១១ កុម្ភៈ ២០២២)
នៅក្នុងជំនួបនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី និងលោក ផាក ឡុងស៊ុក ប្រធានសភា នៃសាធារណរដ្ឋ កូរ៉េ បានពិភាក្សាអំពីមធ្យោបាយ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការល្អដែលមានស្រាប់ រវាងព្រះរាជា ណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ ជាពិសេសក្នុងវិស័យពាណិជ្ជកម្ម ការវិនិយោគ និងការផ្លាស់ប្ដូរ រវាងប្រជាជន និងប្រជាជន រួមទាំងការផ្លាស់ប្តូរទស្សនកិច្ចរបស់សមាជិកសភាជាស្ត្រី និងសមាជិក សភាវ័យក្មេង ស្របពេលប្រទេសទាំងពីរកំពុងប្រារព្ធខួបលើកទី២៥ នៃការបង្កើតទំនាក់ទំនងការ ទូតឡើងវិញក្នុងឆ្នាំនេះ។
លោកប្រធានសភាបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចតេជោ ដែលបាន ប្រឹងប្រែងអស់ពីសមត្ថភាព ក្នុងការបង្កើតទំនាក់ទំនងការទូតឡើងវិញ និងការរួមចំណែកដ៏ធំធេង ដើម្បីអភិវឌ្ឍ និងពង្រឹងទំនាក់ទំនងទ្វេភាគី នៃប្រទេសទាំងពីរ។ លោកក៏បានកោតសរសើរកិច្ចសហប្រតិបត្តិការអន្តរជាតិប្រទេសទាំង២ ជាពិសេសសម្តេចតេជោ ដែលបានជួយជ្រោមជ្រែងដល់ដំណើរការសន្តិភាពនៅឧបទ្វីបកូរ៉េ និងបានសំណូមពរ សម្តេចតេជោ បន្តគាំទ្រដំណើរការសន្តិភាពនេះតទៅទៀត។
តាងនាមសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា សម្តេចតេជោនាយករដ្ឋមន្ត្រី បានអញ្ជើញ លោក ផាក ឡុងស៊ុក មកបំពេញ ទស្សនកិច្ចនៅកម្ពុជានាពេលវេលាសមស្រប ដែលលោកបានយល់ព្រមទទួលការអញ្ជើញនេះ ដោយក្តីរីករាយ។ លោកប្រធានសភាក៏បានរៀបចំអាហារពេលល្ងាចទទួលសម្តេចតេជោ នាយករដ្ឋមន្ត្រី ជាកិត្តិយសនៅនិវេសនដ្ឋានផ្លូវការរបស់លោក នាថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២។
III, ជំនួបជាមួយលោក បាន គីមូន អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ (ថ្ងៃទី១១ កុម្ភៈ ២០២២)
លោក បាន គីមូន បានរំលឹកឡើងវិញនូវទំនាក់ទំនងការងារដ៏ល្អ និងជិតស្និទ្ធជាមួយសម្ដេចតេជោ ក្នុងពេលលោកកាន់តំណែងជាអគ្គលេខាធិការអង្គការសហប្រជាជាតិ។ លោកបានលើកពីសន្តិភាព ក្នុងតំបន់ និងស្ថានការណ៍ជម្លោះនៅមីយ៉ាន់ម៉ា ហើយមានសេចក្តីសោមនស្សរីករាយ ដែលក្រុមប្រឹក្សា សន្តិសុខអង្គការសហប្រជាជាតិទទួលស្គាល់តួនាទីដ៏សំខាន់របស់អាស៊ានក្នុងការដោះស្រាយវិបត្តិ នៅ មីយ៉ាន់ម៉ា ព្រមទាំងបានគាំទ្រតួនាទីរបស់បេសកជនពិសេសរបស់ប្រធានអាស៊ាន។ លោក មានជំនឿយ៉ាងមុតមាំលើភាពជាអ្នកដឹកនាំរបស់សម្ដេចតេជោ ក្នុងការកៀរគរឱ្យមានកិច្ចខិតខំប្រឹង ប្រែងក្នុងតំបន់ ដើម្បីដោះស្រាយបញ្ហាទាំងនេះ ដើម្បីសម្រេចការងារនេះ ក្នុងឋានៈជាអតីតអគ្គ លេខាធិការអង្គការ សហប្រជាជាតិ និងជាអនុប្រធាននៃសមាគម ដឺ អេលដឺ (The Elders) ដែលជា បណ្តាញឯករាជ្យរបស់ថ្នាក់ដឹកនាំពិភពលោក បង្កើតឡើងដោយអតីតប្រធានាធិបតីអាហ្វ្រិកខាងត្បូង នេលស៊ិន មេនដឺឡា នៅឆ្នាំ២០០៧ លោកបានបង្ហាញពីការត្រៀមខ្លួនរួចរាល់ ដើម្បីគាំទ្រកម្ពុជា។ សម្តេចតេជោ បានចែករំលែកការវាយតម្លៃរបស់សម្តេច លើស្ថានការណ៍
ភាពស្មុគស្មាញនៃវិបត្តិ មីយ៉ាន់ម៉ា និងបញ្ហាដែលអាស៊ានកំពុងប្រឈម ក្នុងការដោះស្រាយវិបត្តិនេះ ខណៈអាស៊ានកំពុង ព្យាយាមជំរុញកិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍របស់ខ្លួន។ សម្តេចតេជោបានពន្យល់ពីគោល បំណងនៃដំណើរទស្សនកិច្ចរបស់សម្ដេចទៅកាន់មីយ៉ាន់ម៉ាកាលពីដើមខែមករា និងយន្តការផ្សេង ទៀតដឹកនាំដោយ អាស៊ាន ដើម្បីបង្កើតនូវកិច្ចសន្ទនានយោបាយប្រកបដោយបរិយាបន្ន និងការ ផ្សះផ្សាជាតិ ដែលដឹកនាំដោយមីយ៉ាន់ម៉ា និងជារបស់មីយ៉ាន់ម៉ា។
IV. ពិធីប្រគល់ពាន់រង្វាន់សន្តិភាពស៊ុនហាក់ (ថ្ងៃទី១២ កុម្ភៈ ២០២២)
ព្រឹត្តិការណ៍នេះជាមហាកិត្តិយសជាប្រវត្តិសាស្ត្រចំពោះប្រទេសកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជារដ្ឋបុរសទទួលពានរង្វាន់សន្តិភាពស៊ុនហាក់ឆ្នាំ២០២២ ដែលជាពានរង្វាន់អន្តរជាតិសម្រាប់បុគ្គលដែលបានធ្វើពលិកម្មអាល្លឺន ជីវិតដើម្បីបុព្វហេតុសន្តិភាព និងបានបំផុសគំនិតមនុស្សជាតិឱ្យស្វែងរកសន្តិភាពពិភពលោក។
គណៈកម្មាធិការពានរង្វាន់សន្តិភាពស៊ុនហាក់បានទទួលស្គាល់សម្តេចតេជោនាយករដ្ឋមន្រ្តី ចំពោះ កិច្ចខិតខំប្រឹងប្រែងអស់មួយជីវិត និងសមិទ្ធផល ក្នុងការបញ្ចប់សង្គ្រាមស៊ីវិល ដែលអូសបន្លាយអស់ ជាច្រើនទសវត្សរ៍ និងការបង្កើតសន្តិភាពពេញលេញនៅកម្ពុជា។ ពានរង្វាន់ដ៏ឧត្តុងឧត្តមនេះក៏បាន ទទួលស្គាល់ពីការដឹកនាំប្រកបដោយចក្ខុវិស័យរបស់សម្តេចតេជោក្នុងនាមជានាយករដ្ឋមន្ត្រី ដែលបាន ដឹកនាំកម្ពុជាឆ្ពោះទៅរកការលុបបំបាត់ភាពក្រីក្រ ការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជន និង ការលើកស្ទួយការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅកម្ពុជាទាំងមូល ក៏ដូចជាការរួមចំណែកដល់សន្តិភាព ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក និងពិភពលោក។
ក្នុងពិធីប្រគល់ពានរង្វាន់នេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ពានរង្វាន់សន្តិភាព ស៊ុនហាក់ ឆ្នាំ២០២២ មិនមែនបានមកដោយសារតែការលះបង់របស់សម្តេចតែម្នាក់ប៉ុណ្ណោះទេ ប៉ុន្តែក៏ដោយសារអ្នកគាំទ្រសម្ដេចតេជោក្នុងកិច្ចខិតខំកសាងសន្តិភាពនៅកម្ពុជាផងដែរ។ សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ព្រះបរមរតនកោដ្ឋ ព្រះមហា វីរក្សត្រ ព្រះវររាជមាតាជាតិខ្មែរ សម្តេចព្រះបរមនាថ និង ព្រះករុណាព្រះបាទ នរោត្ដម សីហមុនី ដែលបានបំពេញព្រះតួនាទីលើកកម្ពស់ស្មារតីឯកភាពជាតិដល់ប្រជាជនកម្ពុជា ទាំងអស់ឱ្យក្លាយជាមហាគ្រួសារ។ សម្ដេចក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ជនរួមជាតិ ក្នុងការគាំទ្រយ៉ាងស្មោះស្ម័គ្រចំពោះ «នយោបាយឈ្នះ-ឈ្នះ» ដែលបានបង្កើតបរិយាកាស អំណោយផលសម្រាប់សន្តិភាពជានិច្ចនិរន្តនៅកម្ពុជា។
នៅមុនពិធីប្រគល់ពានរង្វាន់ សម្តេចតេជោបានជួបពិភាក្សាជាមួយលោកជំទាវបណ្ឌិត ហាក់ចា ហាន់មូន សហស្ថាបនិកអង្គការ UPF ដែលបានអបអរសាទរយ៉ាងស្មោះស្ម័គ្រដល់សម្ដេចចំពោះការទទួល ពានរង្វាន់នេះ និងការរួមចំណែកដ៏ថ្លៃថ្លាឆ្ពោះទៅរកសន្តិភាពនៅឧបទ្វីបកូរ៉េ។ ពេលចុងបញ្ចប់កម្មវិធី សម្ដេចតេជោក៏បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធសៀវភៅមានចំណងជើងថា “គំនិត និងចក្ខុវិស័យ របស់សម្តេច ហ៊ុន សែន សម្រាប់កម្ពុជា” ដែលនិពន្ធដោយអ្នកស្រាវជ្រាវខ្មែរមកពីវិទ្យាស្ថានចក្ខុវិស័ យអាស៊ី និងបោះពុម្ពដោយអង្គការ UPF សម្រាប់ផ្សព្វផ្សាយបទពិសោធន៍ក្នុងការកសាងសន្តិភាព៕
ដោយ : សុខ ខេមរា