ភ្នំពេញ ៖ កម្មករក្រុមហ៊ុនផែស្ងួតសុកន ត្រេនស្ព័តម្នាក់បានស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័មខណៈដែលកំពុងឈរភ្លេចខ្លួនត្រូវបានគ្រឿងចក្រប្រភេទសាឃ័រ សម្រាប់ចាប់លើកទូកុងតឺន័របើកថយក្រោយកិនកាលពីវេលាម៉ោង១និង៤៥នាទីរសៀល ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២២ នៅក្នុងក្រុមហ៊ុនផែស្ងួត សុកន ត្រេនស្ព័ត ស្ថិតនៅតាមផ្លូវ៣០ម៉ែត្រ ខាងជើងផ្សារទួលពង្រ ក្នុងភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះ ទុំ ចាន់សុី ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរកម្មករក្រុមហ៊ុនផែស្ងួត សុកន ត្រេនស្ព័ត មានស្រុកកំណើតនៅភូមិព្រែកខ្សេវ ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល ។
តាមប្រភពពីកម្មករលើកដាក់អីវ៉ាន់បានឱ្យដឹងថា មុនកើតហេតុ ខណៈដែលកម្មករមួយក្រុមនាំគ្នាធ្វើការលើកដាក់ទូកុងតឺន័រក្នុងបរិវេណក្រុមហ៊ុនដោយគ្រឿងចក្រប្រភេទសាឃ័រចាប់លើកទូកុងតឺន័របើកថយក្រោយ ស្រាប់តែជ្រុលទៅកិនកម្មករម្នាក់បណ្តាលឱ្យស្លាប់
ដាច់ខ្លួនជាពីរកំណាត់ ។
តាមប្រជាពលរដ្ឋបានឱ្យដឹងថា ក្រោយកើតហេតុភ្លាមៗ ខាងក្រុមហ៊ុនប្រញាប់ប្រញាល់ដឹកសពយកទៅស្រុកកំណើតភ្លាមៗផងដែរ ហើយចំពោះផ្លូវច្បាប់មានដំណោះស្រាយយ៉ាងណានោះ ខាងក្រុមហ៊ុនទទួលខុសត្រូវទាំងស្រុង ៕ដោយ៖សុខាសែនជ័យ