១៤កុម្ភ: ថ្ងៃបុណ្យនៃសេចក្ដីស្រឡាញ់(Valentine’s day)

ចែករំលែក៖

ថ្ងៃបុណ្យនៃសេចក្ដីស្រឡាញ់ ត្រូវបានប្រព្រឹត្តឡើងនៅចំថ្ងៃទី១៤កុម្ភ:ជារៀងរាល់ឆ្នាំ។ បុណ្យនេះគឺបង្កើតចេញពីជនជាតិអឺរ៉ុប ដែលបញ្ជាក់អំពីសេចក្ដីស្រឡាញ់ជាទូទៅ ដោយមិនចាំបាច់សម្រាប់តែគូស្នេហ៍នោះទេ។ ពាក្យថាសេចក្ដីស្រឡាញ់ មានលក្ខណ:ទូលំទូលាយ។ ប៉ុន្ដែ ថ្ងៃបុណ្យនៃសេចក្ដីស្រឡាញ់ ត្រូវបានអ្នកខ្លះយល់ច្រលំដោយគិតថា ថ្ងៃបុណ្យនេះសម្រាប់តែគូស្នេហ៍ ជាពិសេសក្នុងចំណោមយុវវ័យក្មេងៗ ទើបបានជាពួកគេហៅថ្ងៃបុណ្យនេះថា ថ្ងៃបុណ្យសង្សារ។  ការពិតគេប្រារព្ធឡើងជានិម្មិត្តរូបនៃសេចក្តីស្រលាញ់ទូទៅដូចជា ឪពុក ម្តាយ បងប្អូនជីដូន ជីតា…។ល។ មិនចំពោះតែសំដៅលើសង្សារនោះឡើយ។

 នៅថ្ងៃបុណ្យនេះ គេនិយមជូនផ្កាកុលាប សូកូឡា ឬកាតជូនពរឲ្យគ្នាទៅវិញទៅមក។ និមិត្តសញ្ញានៃថ្ងៃបុណ្យនៃសេចក្ដីស្រឡាញ់ គឺរូបបេះដូង ផ្កាកុលាប និងរូបកូនទេវតាស្នេហា ដែលមានកាន់ព្រួញនិងបេះដូង។

 ផ្កាកូលាប និងរូបបេះដូងត្រូវបានគេពេញនិយម ជាងគេនៅថ្ងៃបុណ្យនៃសេចក្ដីស្រឡាញ់នេះ។

# ប្រវត្តិរឿងព្រេង

   នៅ ស.វ ទី៣ នៃ គ.ស សន្តៈវ៉ាឡេនទិន ជា អាចារ្យម្នាក់នៃ ក្រុងទែរមី (ប្រទេសអ៊ីតាលី)។ គាត់បានរៀបការឲ្យគូស្នេហ៍មួយគូដែលគេមិនត្រូវបានអនុញ្ញាតព្រោះឪពុកម្ដាយរបស់ពួកគេមិនអនុញ្ញាត ឬ តាមប្រភពខ្លះ ដោយសារតែ កូនកំលោះជា ទាសករ ឬ ជាទាហាន ទើបច្បាប់ប្រទេសត្រូវហាមប្រាម។ សន្តៈវ៉ាឡេនទិន បានរៀបការឲ្យផ្កា ជាច្រើនគូនៅក្នុងសួនច្បាររបស់គាត់ (នេះជាហេតុផលដែលផ្កា ដើរតួយ៉ាងសំខាន់សំរាប់ថ្ងៃបុណ្យនៃក្ដីស្រលាញ់)។ រឿងនេះមិនបានធ្វើឲ្យព្រះចៅអធិរាជពេញចិត្តឡើយ។ ហេតុនេះទើប នៅថ្ងៃទី ១៤ កុម្ភៈ ឆ្នាំ269 សន្តៈវ៉ាឡេនទិន ត្រូវបានកាត់ទោសប្រហារជីវិត។

 # ប្រវត្តិដកស្រង់ពីសហរដ្ឋអាមេរិក និងអឺរ៉ុបកែប្រែ

 នៅសតវត្សទី១៩ ទម្លាប់ជូនប័ណ្ណជូនពរនៅថ្ងៃនៃសេចក្ដីស្រលាញ់ត្រូវបានគេនិយមចូលចិត្ត។ គេបានរចនាប័ណ្ណទាំងនោះ ដោយតុបតែងរូបភាពផ្សេងៗ​ដូចជា រូបបេះដូង ឬ រូបភាពផ្កាជាដើម។ ក្រៅពីនេះ គេក៏បានសរសេរ​កំណាព្យ ឬ ពាក្យពេចន៍ដែលបញ្ជាក់ពីអារម្មណ៍ និងសេចក្ដី​ស្នេហាដែលគេ​មាន​ចំពោះអ្នក​ទទួល។ សព្វថ្ងៃនេះ គំនិតជូនប័ណ្ណជូនពរនេះនៅតែ​បានគេប្រើប្រាស់នៅឡើយ។​ ពួកគេបានព្យាយាមធ្វើឲ្យវាមានលក្ខណ: ផ្អែមល្ហែមដោយ សរសេរជាលេខសម្ងាត់ ឬ បំលែងតួអក្សរទៅជាលេខ។ល។

  ឯប្រវត្តិពិស្តារ ចារបែបនេះថា 

ក្នុងសម័យ​កាល​​ ចក្រភព​​​រ៉ូម​​ ពេល​ព្រះ​វិហារ​កាតូលិក បាន​​​ទទួល​ស្គាល់​ សម្ដេច​​សង្ឃ​​បី​​នាក់​ផ្សេង​គ្នា ឲ្យ​​ឈ្មោះ​ថា លោក Valentine ឬ Valentinus ដែល​ជា​​អ្នក​បូជា​ជីវិត​​ឲ្យ​សាសនា។ មាន​រឿង​មួយ​ដំណាល​ទាក់ទង​​អំពី បព្វជិត​​ម្នាក់​គឺ លោក Valentine ​ដែល​បាន​បម្រើ​​សាសនា​​ ក្នុង​សតវត្ស​ទី ៣ ដែល​បាន​ជួយ​ការពារ​​នៃ​សេចក្ដី​ស្រលាញ់​ដល់​គូ​ស្នេហ៍​​ជន​ជាតិ រ៉ូម៉ាំង។ ​​​

  សម័យនោះ​​ ​អធិរាជ ចក្រភព​​​រ៉ូម Claudius II បាន​យល់​ថា បុរស​ៗ​ដែល​នៅ​លីវ​ជា​ច្រើន គឺ​ជា​​កង​ទ័ព​ដែល​​​មាន​សមត្ថភាព​ជាង​ បុរស​ៗ​ដែល​មាន​​ ​ប្រពន្ធ​និង​គ្រួសារ​ ដូច​នោះ​ហើយ អធិរាជ​បាន​សម្រេច​​​ប្រកាស​ដាក់​ឲ្យ ការ​​រៀប​ការ​​សម្រាប់​បុរស​ៗ​យុវវ័យ​ គឺ​ជា​រឿង​ខុស​ច្បាប់។ នៅ​ពេល​ ឃើញ​រឿង​​​​​​​អយុត្តិធម៌​បែប​នេះ លោក Valentine ដែល​ជា​ សង្ឃ​គ្រិស្តសាសនា បាន​ប្រឆាំង​ជំទាស់​​​នឹង​​ច្បាប់​របស់​អធិរាជ​​​ដោយ​លួច​លាក់​ ដោយ​​លោក​ជួយ​​រៀប​ចំ​ផ្សំ​ផ្គុំ​​ពិធី​រៀប​ការ​ឲ្យ គូ​ស្នេហ៍​​ក្មេង​ៗ​ជា​សម្ងាត់។

  ក្រោយ​ពេល​ អធិរាជ​​ដឹង​រឿង​នោះ ក៏​បាន​បញ្ជា​ឲ្យ​​​​ចាប់​ លោក​ Valentineដាក់​​គុក​​និង​​កាត់​ទោស​ប្រហារ​ជីវិត ។ ជា​មួយ​គ្នា​នោះ គឺ​មាន​រឿង​ដំណាល​មួយ​ទៀត ​ថា លោក Valentine ត្រូវ​បាន​កាត់​ទោស ពី​បទ​​ប៉ុនប៉ង​ជួយ​សង្គ្រោះ​អ្នក​ទោស​​​គ្រិស្តបរិស័ទ ឲ្យ​រត់​គេច​ពី​ គុក​ដ៏​សាហាវ​​ក្នុង​សម័យ​​រ៉ូម ដែល​ជា​កន្លែង​ វាយ​​ធ្វើ​ទារុណកម្ម​។ Valentine បាន​​កើត​​ក្ដី​ស្រលាញ់​ដំបូង​​ ជា​មួយ​​​នារី​​វ័យ​ក្មេង​ ​ប្រហែល​ជា​​​កូន​ស្រី របស់​ឆ្មាំ​គុក​​​​ម្នាក់​ ដែល​បាន​​មក​សួរ​សុខ​ទុក្ខ​គាត់ ពេល​គាត់​ជាប់​ទោស​។

  មុន​ការ​ស្លាប់​របស់ Valentine ​គេ​បាន​អះ​អាង​ថា គាត់​បាន​សរសេរ​​សំបុត្រ​ផ្ញើ​ទៅ​នារី​​ម្នាក់​នោះ ថា​ ” From​ Your Valentine ” ជា​​ការ​បង្ហាញ​​​មួយ ដែល​​​មនុស្ស​ជា​ច្រើន​នៅ​ប្រើ​សព្វ​ថ្ងៃ។ ទោះ​បី​ជា​ រឿង​របស់ Valentine ស្ថិត​ក្នុង​ភាព​ស្រពិចស្រពិល​​​ក៏​ដោយ​ រឿង​ទាំង​នោះ​បាន​បង្ហាញ​ពី​​ វីរភាព​​ និង​មនោសញ្ចេតនា របស់​ Valentine។ រហូត​មក​ដល់​​​ មជ្ឈិម​សម័យ ដោយ​​​សារ​កេរ្តិ៍ឈ្មោះ​​នោះ​ហើយ ធ្វើ​ឲ្យ​​ Valentine ក្លាយ​ជា​​បុគ្គល​​មាន​ប្រជាប្រិយភាព​​​ម្នាក់​នៅ​ ប្រទេស​អង់គ្លេស​និង​ បារាំង។ ដោយហេតុនេះហើយទើបនៅពាក់កណ្តាលខែកុម្ភ:ក្នុងឆ្នាំនីមួយគេប្រារព្ធពិធីនេះឡើងដើម្បីរលឹកដល់លោក Valentine ។

សម្រាប់ប្រទេសកម្ពុជា យើងវិញមានយុវជន យុវតីយើងខ្លះមានការយល់ច្រឡំចំពោះទិវាមួយនេះ ដោយនាំគ្នាប្រព្រឹត្តអំពើផ្ដេសផ្ដាសតាមផ្លូវកាមគុណសម្រាប់គូស្នេហ៍ទៅវិញ។ 

  ដោយសារមានទង្វើផ្តេសផ្តាសបែបនេះហើយទើបមានកំណាព្យទូន្មានមួយតែងដោយលោកដោយ យី ឆេងអ៊ួ (ប៉េង) មានអត្ថន័យខាងក្រោម÷

          បណ្ដាំ​ម្ដាយ

  ១- កូន​អើយ​ឈប់​ជ្រើម​ត្រាប់​បរទេស    កូន​អើយ​ឈប់​ធ្វេស​រឿង​វប្បធម៌​ខ្មែរ

កូន​អើយ​រឿង​បុណ្យ​មិនខ្វះទេ        មិន​ថា​យើង​គេ​មាន​ដូច​តែ​គ្នា។

២-បើ​កូន​ស្រលាញ់​សូម​កុំ​ជ្រុល​ធ្លាក់        ដប់​បួន​កុម្ភៈ​ជាក់​មិន​វេទនា ឈប់​ជ្រើម​ដើរ​ហើរ​នាំ​ផុង​អាត្មា    ស្រលាញ់​ស្រី​ណា​ចូល​ស្តី​ចាស់​ទុំ។

៣-បើ​កូន​ជា​ប្រុស​គួរ​ចេះ​លំទោន    លំអិត​លំឱន​ស្រី​ជា​ក្រមុំ

កុំ​ធ្វើ​បាប​នាង​នាំ​កម្មពៀរ​ធំ        ធ្វើ​ឲ្យ​នាង​យំ​នាំ​ពៀរ​ដល់​ម្ដាយ។

៤-ដប់បួន​កុម្ភៈ​គួរ​ភ្ញាក់​គ្រប់​គ្នា    ឈប់​នាំ​រូតរា​ឃ្លាត​ចេញ​ទៅ​ឆ្ងាយ

កូន​ប្រុស​កូន​ស្រី​ត្រូវ​ត្រងត្រាប់​ម្ដាយ  ឈប់​នាំ​សប្បាយ​រឿង​ខុស​វប្បធម៌៕

  (ស្រាវជ្រាវនិងកែសម្រួលដោយ÷ចៅតាជេត)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print