ភ្នំពេញ ៖ ក្រុមជនដៃដល់៥នាក់ត្រូវបាននគរបាលខណ្ឌប្ញស្សីកែវសហការជាមួយនគរបាលស្រុកអង្គស្នូលឃាត់ខ្លួនជាបន្តបន្ទាប់ពីបទហិង្សាដោយចេតនា និងធ្វើឲ្យខូចខាតដោយចេតនា(ប្រើកាំបិតបុ័ងតោកាប់ជនរងគ្រោះនិងម៉ូតូរងខូចខាត) នៅវេលាម៉ោង២និង៥០នាទី ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២២ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងក្រុម១ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការខណ្ឌប្ញស្សីកែវបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ លី រ៉ាហ្សាគីរិន ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ៣១២៥ ផ្លូវជាតិលេខ៥ ភូមិ«ក»សង្កាតច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ។
ចំណែកជនសង្ស័យមាន៖ ១-ឈ្មោះយឹម ចាន់ផានិត ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្ស ស្នាក់នៅភូមិរំដេញ ឃុំម្កាក់ ស្រុកអង្គស្នួល ខេតុ្តកណ្តាល (គ្មានសារធាតុញៀន) អវិជ្ជមានកូវីដ។២-ឈ្មោះ ឌុក ភារ៉ាប់ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្ស ស្នាក់នៅភូមិរំដេញ ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល (គ្មានសារធាតុញៀន) អវិជ្ជមានកូវីដ។ ៣-ឈ្មោះ សា
វឿន សុធា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្ស ស្នាក់នៅភូមិរំដេញ ឃុំម្កាក់ ស្រុកសង្គស្នូល ខេត្តកណ្តាល(គ្មានសារធាតុញៀន)អវិជ្ជមានកូវីដ។
ជាមួយគ្នានេះ សមត្ថកិច្ចបានដកហូតវត្ថតាងរួមមាន៖ ម៉ូតូ២គ្រឿង(១គ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្តាល1AB-3299 និង១គ្រឿងទៀតម៉ាកហុងដាឌ្រីម សេ១២៥១ ពណ៌ខ្មៅ ពាក់ស្លាកលេខ1GH-8696) ។
សមត្ថកិច្ចបានបញ្ជាក់ថា នៅថ្ងៃ ខែ ឆ្នាំខាងលើជនរងគ្រោះបានជិះម៉ូតូតាមបណ្តោយផ្លូជាតិលេខ៥ពីត្បូងទៅជើង ពេលមកដល់ចំណុចកើតហេតុក៏ជិះម៉ូតូវ៉ាម៉ូតូក្រុមជនសង្ស័យដែលមានគ្នា១០នាក់ ជិះម៉ូតូ៦គ្រឿង (ដោយបានមើលមុខក្រុមជនសង្ស័យផង)។ ពេលនោះក្រុមជនសង្ស័យក៏បានស្ទាក់ជនរងគ្រោះពីមុខហើយទាញកាំបិតបុ័ងតោកាប់ជនរងគ្រោះ តែត្រូវជនរងគ្រោះគេចផុតទៅត្រូវកញ្ចក់ម៉ូតូបណ្តាលឲ្យខូចខាត(បែកកញ្ចក់)។ បន្ទប់ពីទទួលបានព័ត៌មានខាងលើភ្លាម កម្លាំងសមត្ថកិច្ចក៏ចុះធ្វើអន្តរាគមន៍ឈានទៅឃាត់ខ្លួនបាន៣នាក់ និងបក្ខពួកជនសង្ស័យ៨នាក់ទៀតជិះម៉ូតូរត់គេចខ្លួនបាត់ទៅ។
បន្ទាប់ពីមានការសម្របសម្រួលពីព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញមក សមត្ថកិច្ចខណ្ឌបានសហការជាមួយកម្លាំងអធិការដ្ឋានស្រុកអង្គស្នួលនិងប៉ុស្ត៍រដ្ឋបាលម្កាក់ឈានទៅឃាត់ជនសង្ស័យ២នាក់ទៀតគឺឈ្មោះផលសុភាព ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្ស ស្នាក់នៅភូមិរំដេញ ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល(គ្មានសារធាតុញៀន) និងម្នាក់ទៀតឈ្មោះសុីវ តាំងលីភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្សស្នាក់នៅភូមិរំដេញ ឃុំម្កាក់ ស្រុកអង្គស្នួលខេត្តកណ្តាល(គ្មានសារធាតុញៀន)។
បច្ចុប្បន្ន សមត្ថកិច្ចជំនាញនៃអធិការដ្ឋានខណ្ឌឫស្សីកែវបាននិងកំពុងស្រាវជ្រាវរកបក្ខពួកបន្ថែម និងកសាងសំណុំរឿងបញ្ជូនតាមនីតិវិធី ៕
ដោយ៖ ជីណា