ភ្នំពេញ ៖ ស្ថានទូតជប៉ុនប្រចាំកម្ពុជា នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ បានបង្ហោះលើផេក ផ្លូវការរបស់ខ្លួនថា, ឯកអគ្គរាជទូត មិកាមិ បានទស្សនាផ្ទាល់ការប្រកួតលើកទី១នៃក្រុមជម្រើសជាតិកម្ពុជា ក្នុងការប្រកួតបាល់ទាត់ជើងឯកអាស៊ីអាគ្នេយ៍យុវជនអាយុក្រោម ២៣ឆ្នាំ នៅពហុកីឡាដ្ឋានជាតិមរតកតេជោ។ យើងពិតជាមាន ក្តីរំភើបចំពោះការប្រកួតរបស់ក្រុមជម្រើសជាតិកម្ពុជា។
ស្ថានទូតជប៉ុនប្រចាំកម្ពុជា បានលើកឡើងថា, បាល់ទាត់ គឺជាវិស័យមួយដែលគួរឱ្យកត់សំគាល់បំផុតនៃការផ្លាស់ប្តូរប្រជាជនរវាងប្រទេសជប៉ុន និងកម្ពុជា។ ជនជាតិជប៉ុនជាច្រើនរូប កំពុងជួយគាំទ្រដល់ការអភិវឌ្ឍកីឡាបាល់ទាត់នៅកម្ពុជា ដូចជា គ្រូបង្វឹកក្រុមកីឡាករជម្រើសជាតិ ប្រធានអាជ្ញាកណ្តាល និងនាយកប្រតិបត្តិនៃស្ថាប័នថ្មីមួយសម្រាប់ការលើកកម្ពស់លីគបាល់ទាត់អាជីព។ លើសពីនេះ កីឡាករបាល់ទាត់វ័យក្មេងរបស់ជប៉ុន ក៏លេងឱ្យក្លឹបបាល់ទាត់កម្ពុជាផងដែរ។
ស្ថានទូតជប៉ុនប្រចាំកម្ពុជា ថ្លែងថា,យើងសូមជូនពរក្រុមកីឡាករជម្រើសជាតិកម្ពុជា ទទួលជោគជ័យក្នុងការប្រកួតនានានាពេលអនាគត ៕