ជនសង្ស័យម្នាក់​ ក្នុងចំណោមបក្ខពួកជាង១០នាក់​ ពាក់ព័ន្ធ​ករណី​វាយប្លន់ម៉ូតូប្រជាពលរដ្ឋ​ ត្រូវនគរបាលប៉ុស្តិ៍រដ្ឋបាលព្រៃស​ ឃាត់ខ្លួន​

ចែករំលែក៖

​ ភ្នំពេញ ៖​ កម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលព្រៃស​នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ​ បានធ្វេីការឃាត់ខ្លួនសង្ស័យម្នាក់​ ក្នុងចំណោមបក្ខពួកជាង១០នាក់​ ក្រោយពីពួកគេធ្វើសកម្មភាពវាយប្លន់យកម៉ូតូរបស់ប្រជាពលរដ្ឋ​ កាលពីវេលាម៉ោង៤និង០០នាទីទាបភ្លឺថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ ត្រង់ចំណុចខាងត្បូងស្តុបទួលពង្រ ស្ថិតនៅភូមិម្ភៃបួន សង្កាត់ព្រៃស ខណ្ឌដង្កោ។
​ សមត្ថកិច្ចបានឲ្យដឹងថា​ ជនរងគ្រោះទាំង២នាក់ ទី០១ឈ្មោះ ទួន កុសល ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិត្រពាំងរំចេក សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ទី០២ឈ្មោះ អ៊ុន វាសនា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរជាងម៉ាស៊ីនត្រជាក់ ស្នាក់នៅផ្ទះជួល ភូមិម្ភៃបួន សង្កាត់ព្រៃស ខណ្ឌដង្កោ ។ ចំណែកជនសង្ស័យម្នាក់ដែលសមត្ថកិច្ចឃាត់ខ្លួនបានមានឈ្មោះ ញឹក ចាន់ណារី ភេទប្រុស អាយុ២៧ឆ្នាំ ពិតប្រាកដ ទីលំនៅភូមិក្រាំងចេក ឃុំដើមឬស ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល (ជនសង្ស័យមាន វិជ្ជមានកូវីដ-១៩)។
​ លោកវរសេនីយ៍ឯក​ ជឹម​ ស៊ីថា​ អធិការនគរបាលខណ្ឌដង្កោ​ បានប្រាប់ឲ្យដឹងដែរថា កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង០៤និង០០នាទី ជនរងគ្រោះ និងមិត្តភក្តិមានគ្នា៣នាក់ ជិះម៉ូតូ១គ្រឿងម៉ាកស៊ុយស៊ូគីនិច ពណ៌ស សេរីឆ្នាំ២០១៧ ពាក់ផ្លាកលេខភ្នំពេញ 1DF-5486 ជនរងគ្រោះ២នាក់ទៀត ជិះម៉ូតូ០១គ្រឿងម៉ាក HONDA ZOOMERX110 ពណ៌ខៀវ ពាក់ផ្លាកលេខភ្នំពេញ1FZ-2158​ ឌុបមិត្ត​ ចេញពីកន្លែងផឹកស្រាក្រឡុក នៅម្តុំផ្សារត្រពាំងថ្លឹង ផ្លូវវេងស្រេង ស្ថិតនៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ជាមួយគ្នា ដើម្បីត្រឡប់មកផ្ទះជួលស្ថិតនៅភូមិម្ភៃបួន សង្កាត់ព្រៃស ខណ្ឌដង្កោ។
​ ពេលជនរងគ្រោះ និងមិត្តភក្តិជិះម៉ូតូឌុបគ្នាមកដល់ខាងត្បូងស្តុបទួលពង្រ ស្ថិតនៅភូមិម្ភៃបួន សង្កាត់ព្រៃស ខណ្ឌដង្កោ ស្រាប់តែមានជនសង្ស័យមួយក្រុមមានគ្នាប្រហែល១៥នាក់ ជិះម៉ូតូ៧គ្រឿង ប្រដាប់ ដោយដាវកែច្នៃ ដំបង និងច្រវ៉ាក់ បានធ្វើសកម្មភាពវ៉ៃទៅលើជនរងគ្រោះទាំងពីរនាក់ និងមិត្តភក្តិ ហើយកាប់ផ្លាកលេខម៉ូតូម៉ាកស៊ុយសូគីនិចរបស់ជនរងគ្រោះឈ្មោះ ទួល កុសល បណ្តាលឱ្យដាច់ផ្លាកលេខ រួចជនរងគ្រោះទាំងពីរនាក់ក៏បាន ផ្តួលម៉ូតូរត់គេចខ្លួន ។
​ ចំណែកជនសង្ស័យម្នាក់ដែលសមត្ថកិច្ចចាប់ខ្លន បានមកលើកម៉ូតូម៉ាក Zoomer X ខាងលើ បម្រុងបើកគេចខ្លួន ក៏ត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលព្រៃស ដែលជិះម៉ូតូល្បាតតាមផ្លូវ បានឃើញហេតុការណ៍នោះ ក៏ជួយអន្តរាគមន៍ឃាត់ខ្លួនបាន​
រួមនិងវត្ថុតាង យកមកធ្វើការសាកសួរ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃស។ ចំណែកបក្ខពួកផ្សេងទៀតបានរត់គេចខ្លួនបាត់អស់ ។
​ ក្រោយពីធ្វើការសាកសួរ​ ជនសង្ស័យបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា រូបគេនិងបក្ខពួកពិតជាបានធ្វើសកម្មភាពវាយយកម៉ូតូរបស់ជនរងគ្រោះ បម្រុងជិះគេចខ្លួនប្រាកដមែន ហើយជនរងគ្រោះទាំងពីរនាក់ ក៏បានដាក់ពាក្យបណ្តឹងចំឈ្មោះជនសង្ស័យ និងបក្ខពួក ដើម្បីឱ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់ ។
​ វត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមាន ១/ម៉ូតូម៉ាក HONDA ZOOMERX110 ពណ៌ខៀវ ពាក់ផ្លាកលេខភ្នំពេញ1FZ-2158 ចំនួន០១គ្រឿង , ២/ម៉ូតូម៉ាកស៊ុយស៊ូគីនិច ពណ៌ស សេរីឆ្នាំ២០១៧ ពាក់ផ្លាកលេខភ្នំពេញ 1DF-5486 ចំនួន០១គ្រឿង (ម៉ូតូទាំងពីរគ្រឿងជារបស់ជនរងគ្រោះ)។
​ បច្ចុប្បន្ននេះ​ ជនសង្ស័យខាងលេីត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃស​ កសាងសំណុំរឿងបញ្ជូនមកកាន់អធិការដ្ឋានខណ្ឌដង្កោដើម្បីចាត់ការបន្តតាមនីតិវិធី​ ៕​

...

ដោយ​ ៖​ ភារ៉ា​ ដង្កោ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print