ភ្នំពេញ ៖ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដល់ក្រុមបាតុករដែលជាអតីតបុគ្គលិក និងបុគ្គលិកក្រុមហ៊ុន ណាហ្គាវើលដ៍ទាំងអស់ ឱ្យបានជ្រាបថា៖ កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ រដ្ឋបាលរាជធានីភ្នំពេញបាន ទទួលសេចក្តីជូនដំណឹងរបស់តំណាងអតីតបុគ្គលិក និងបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ អំពីការធ្វើកូដកម្ម ដើម្បីដោះស្រាយវិវាទការងារ ហើយរដ្ឋបាលរាជធានីភ្នំពេញបានអញ្ជើញម្ចាស់សំណើ មកពិភាក្សា ដោយបាន គូសបញ្ជាក់ថាសុំឱ្យគាត់ធ្វើកូដកម្ម ស្របតាមច្បាប់ស្តីពីការងារដោយមិនអនុញ្ញាតឱ្យប្រើប្រាស់ទីតាំងសាធារណៈ ឡើយ ព្រោះថាការប្រើប្រាស់ទីតាំងសាធារណៈដើម្បីធ្វើជាទីកន្លែងបញ្ចេញមតិ គឺត្រូវអនុលោមតាមច្បាប់ ស្ដីពីការធ្វើបាតុកម្មដោយសន្តិវិធី ប៉ុន្តែនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ ក្រុមអតីតបុគ្គលិក និងបុគ្គលិកក្រុមហ៊ុន ណាហ្គាវីលដ៍ បានធ្វើការប្រមូលផ្តុំនៅលើសួនច្បារសាធារណៈ ផ្ទុយពីការឯកភាពគ្នាជាមួយរដ្ឋបាលរាជធានី ភ្នំពេញ នៅក្នុងកិច្ចប្រជុំនាថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១។
រដ្ឋបាលរាជធានីភ្នំពេញបានប្រើប្រាស់វិធានការអប់រំ ដល់ក្រុមបាតុករកុំឱ្យបន្តសកម្មភាពខុសច្បាប់ និងអនុវត្តតាមយន្តការដោះស្រាយវិវាទការងារ ស្របតាមច្បាប់ជាធរមាន ដោយពេលនោះ រដ្ឋបាលរាជធានីភ្នំពេញ បានខិតខំសម្របសម្រួលគ្រប់លទ្ធភាព ដោយបានស្នើឱ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អញ្ជើញ ភាគីពាក់ព័ន្ធទៅដោះស្រាយ ស្របតាមយន្តការច្បាប់ ប៉ុន្តែទោះជាយ៉ាងនេះក្តី ក្រុមបាតុករនៅតែបន្តធ្វើសកម្មភាព ខុសច្បាប់ ផ្ទុយពីគោលបំណងនៃការជូនដំណឹងស្តីពីការធ្វើកូដកម្មដើម្បីដោះស្រាយវិវាទការងារ ជាច្រើនលើក ច្រើនសារ រហូតដល់ស្ថាប័នមានសមត្ថកិច្ចចាត់វិធានការតាមផ្លូវច្បាប់ ដើម្បីរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ។
ទោះយ៉ាងនេះក្តី ក្រុមបាតុករបានបន្តធ្វើបាតុកម្មខុសច្បាប់អស់រយៈពេល ៤៩ ថ្ងៃ រហូតរកឃើញករណី វិជ្ជមានកូវីដ-១៩ ម្នាក់ ក្នុងចំណោមក្រុមបាតុករ ហើយក្រសួងសុខាភិបាលបានធ្វើការណែនាំឱ្យក្រុមបាតុករ ទៅយកសំណាកនៅទីតាំងដែលបានកំណត់ ស្ថិតនៅកោះពេជ្រ ក្នុងរយៈពេល ០៣ ថ្ងៃ ប៉ុន្តែតំណាងក្រុមបាតុករ បានសំណូមពរឱ្យក្រុមគ្រូពេទ្យមកយកសំណាកនៅទីតាំងប្រមូលផ្តុំវិញ ហើយនៅពេលក្រុមគ្រូពេទ្យ មកដល់ ក្រុមបាតុករនៅតែរឹងរូស មានះ មិនព្រមសហការឱ្យយកសំណាកទៀត ទោះជាក្រុមគ្រូពេទ្យអង្វរករយ៉ាងណា ក៏ដោយ ហើយចាប់ពីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២២ ក្រុមគ្រូពេទ្យបានរកឃើញករណ៏វិជ្ជមានកូវីដ-១៩ ជា ច្រើននាក់ ក្នុងក្រុមបាតុករបន្ថែមទៀត នៅទីតាំងយកសំណាក ស្ថិតនៅកោះពេជ្រ។ ក្នុងរយៈពេលនៃការ ធ្វើបាតុកម្មខុសច្បាប់ សកម្មភាពនេះបានបង្កឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សណ្តាប់ធ្នាប់ របៀបរៀបរយ សាធារណៈ ការកកស្ទះចរាចរ ព្រមទាំងបង្កការរំខានដល់ការប្រកបរបរអាជីវកម្ម ប្រកបការងារប្រចាំថ្ងៃរបស់ បងប្អូនប្រជាពលរដ្ឋ នៅជុំវិញតំបន់ធ្វើបាតុកម្មខុសច្បាប់ រហូតដល់មានសំណូមពរឱ្យអាជ្ញាធរមានសមត្ថកិច្ច ជួយចាត់វិធានការដើម្បីធានានូវប្រក្រតីភាពនៃជីវភាព និងការរស់នៅប្រចាំថ្ងៃឡើងវិញ។
ក្រុមបាតុករអតីតបុគ្គលិក និងបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ដែលបានធ្វើចត្តាឡីស័កត្រឹមត្រូវតាម វិធានសុខាភិបាល ដែលធានាថាលែងមានអ្នកវិជ្ជមានកូវីដ-១៩ ហើយចង់ប្រមូលផ្ដុំតវា៉ត្រូវធ្វើនៅកន្លែង បញ្ចេញមតិជាសាធារណៈ (ទីលានប្រជាធិបតេយ្យ) ស្ថិតនៅសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដោយត្រូវបំពេញនីតិវិធីតាមច្បាប់ស្តីពីការធ្វើបាតុកម្មដោយសន្តិវិធី ក្នុងជំពូកទី២ មាត្រា ៥ ដែលបានបញ្ញត្តិ ថា « ក្រុមបុគ្គលណា ដែលមានបំណងរៀបចំធ្វើបាតុកម្មដោយសន្តិវិធី នៅទីកន្លែងសាធារណៈណាមួយ ត្រូវជូន ដំណឹងជាលាយលក្ខណ៍អក្សរទៅអាជ្ញាធរដែនដីរាជធានី ឬខេត្តមានសមត្ថកិច្ចគ្រប់គ្រងទីកន្លែងនោះ»។
ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ បំប្លែងខ្លួនថ្មី ប្រភេទអូមីក្រុង ចូលក្នុងសហគមន៍កាន់ត ច្រើនឡើងៗ ក៏ដូចជាធានាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ រដ្ឋបាលរាជធានីភ្នំពេញ មិនអនុញ្ញាតដាច់ខាតឱ្យមានការប្រមូលផ្តុំធ្វើសកម្មភាពបាតុកម្មខុសច្បាប់ របស់ក្រុមអតីតបុគ្គលិក និងបុគ្គលិក ក្រុមហ៊ុនណាហ្គាវើលដ៍ នៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមនទៀតឡើយ។ ក្នុងករណីរឹងរូស បន្តសកម្មភាព ខុសច្បាប់ទៀតនោះ រដ្ឋបាលរាជធានីភ្នំពេញនឹងចាត់វិធានការរដ្ឋបាល និងវិធានការច្បាប់ ដោយគ្មានការ លើកលែង។
ទទួលបានសេចក្តីជូនដំណឹងនេះ នាយករដ្ឋបាលសាលារាជធានីភ្នំពេញ ស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌពាក់ព័ន្ធ មន្ទីរ-អង្គភាពពាក់ព័ន្ធ នានា ចំណុះរដ្ឋបាលរាជធានីភ្នំពេញ សាធារណជន និងក្រុមអតីតបុគ្គលិក និងបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ ទាំងអស់ ជ្រាប និងចូលរួមអនុវត្ត ឱ្យមានប្រសិទ្ធភាពខ្ពស់ៗ ៕