បន្ទាយមានជ័យ: នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២នេះការិយាល័យព្រហ្មទណ្ឌនៃទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបានបញ្ជូនខ្លួនជនសង្ស័យ២ នាក់ជាប់ពាក់ព័ន្ធទៅនឹងករណីលួចម៉ូតូទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់វិធានការតាមនីតិវិធី។
សមត្ថកិច្ចបានឲ្យដឹងថា ក្រោយពីទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះថាបានមានករណីបាត់ម៉ូតូ កម្លាំងជំនាញនៃមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យ២នាក់ខាងលើ នៅវេលាម៉ោង១៤និង០៦នាទី ថ្ងៃទី១៣ ខែកុម្ភ: ឆ្នាំ២០២២ នៅចំណុចកាស៊ីណូហ្គោឌិន ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ព្រមទាំងដកហូតបានម៉ូតូម៉ាកហុងដាស៊ូម័រអុិច១គ្រឿងផងដែរ ហើយនាំមកសួរនាំនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុង ។
សមត្ថកិច្ចបានឲ្យដឹងទៀតថាជនសង្ស័យដែលឃាត់ខ្លួនបានខាងលើ
១/-ឈ្មោះ ឌឿ ម៉ារ៉ាថុង ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅមណ្ឌល៣ ភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
២/-ឈ្មោះ យ៉ន ប៊ុនធឿន ហៅខួច ភេទប្រុស អាយុ១៧ឆ្នាំ ជានជាតិខ្មែរ រស់នៅមណ្ឌល៨ ភូមិប្រជាធម្មកើតសង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្រោយពីសមត្ថកិច្ចសួរនាំរួចជនសង្ស័យបានឆ្លើយសារភាពថា ពួកគេពិតជាបានលួចម៉ូតូចំនួន២គ្រឿងកន្លែងផ្សេងគ្នាពិតប្រាកដមែន ដោយពួកគេទៅលួចម៉ូតូ១គ្រឿងម៉ាកហុងដាស៊ូម័រអុិច ពណ៌ក្រហមលាយស នៅចំណុចផ្សារហ៊ុយឡេង បន្ទាប់មកពួកខ្លួនបានបន្តទៅលួចម៉ូតូ១គ្រឿងទៀតម៉ាកស្កុបពី ពណ៌ស នៅចំណុចម្ដុំកាស៊ីណូហ្គោលឌិនស្ទូចត្រី ហើយពួកគេនាំគ្នាយកម៉ូតូស្កុបពីដែលលួចបានទៅលាក់ទុកនៅម្ដុំវត្តត្រាច ក្នុងក្រុងប៉ោយប៉ែត បន្ទាប់មកទៀតពួកគេបាននាំគ្នាយកម៉ូតូម៉ាកស៊ូម័រអុិចជិ:ទៅក្នុងគោលបំណងយកទៅដាក់បញ្ចាំ ស្រាប់តែទៅដល់ចំណុចកាស៊ីណូហ្គោលឌិល ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពួកគេតែម្ដង ។
ក្រោយពីកសាងសំណុំរឿងតាមនីតិវិធីចប់សព្វគ្រប់កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានប្រគល់ម៉ូតូដែលដកហូតបានពីជនសង្ស័យជូនដល់ជនរងគ្រោះដែលជាម្ចាស់វិញ៕ដោយ ស សម