ក្រុមមេឃខៀវ Manchester City កំពុងតែឆ្ពោះទៅរកក្តីសង្ឃឹមទៅកាន់វគ្គ១/៤ផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ជាមួយនឹងការបំបាក់ក្រុមម្ចាស់ផ្ទះ Sporting Lisbon ក្នុងការប្រកួតជើងទី១ ក្នុងទឹកដីប្រទេសព័រទុយហ្គាល់ក្នុងវគ្គ១៦ក្រុមចុងក្រោយក្នុងលទ្ធផល៥ទល់០។ ដូចដែលពួកគេបានធ្វើច្រើនក្នុងរដូវកាលនេះ Man City បានបង្ហាញទម្រង់លេងយ៉ាងអស្ចារ្យ ដើម្បីផ្តល់ឱ្យពួកគេនូវជ័យជម្នះជាបន្តបន្ទាប់ក្នុងការប្រកួតទាំងនៅ Champions League និងនៅលីកកំពូលអង់គ្លេស ។
ការប្រកួតបានត្រឹម៧នាទីខ្សែប្រកួត Riyad Mahrez រកបាន១គ្រាប់ដំបូងឲ្យ Man City ហើយ១៧នាទីក្រោយមកខ្សែបម្រើ Bernardo Silva រកបានគ្រាប់បាល់ទី២យ៉ាងងាយស្រួល។ នៅនាទីទី៣២ ខ្សែប្រយុទ្ធវ័យក្មេងសញ្ជាតិអង់គ្លេស
Phil Foden ក៏បានបន្ថែម១គ្រាប់ទៀតដែលជាគ្រាប់ទី៣ និងបន្តដាក់សម្ពាធទៅលើក្រុមម្ចាស់ផ្ទះ Sporting ជាបន្តបន្ទាប់ ហើយមិនយូរប៉ុន្មានគឺនៅនាទីទី៤៤ជិតចប់តង់ទី១ ខ្សែបម្រើ Bernardo Silva ដដែលរកបាន១គ្រាប់ទោតដែលជាគ្រាប់ទី៤ក្នុងតង់ទី១។ចូលដល់ការប្រកួតក្នុងតង់ទី២ ក្រុម Man City នៅតែគ្រប់គ្រងបាល់បានច្រើន និងព្យាយាមសម្រុកទៅមុខទីក្រុម Sporting ជាញឹកញាប់។ នៅនាទីទី៥៨ខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេសម្នាក់ទៀតគឺ Sterling ទទួលបានឱកាសរកបានគ្រាប់បាល់ទី៥ដែលធ្វើឲ្យក្រុមភ្ញៀវមួយនេះទទួលបានលទ្ធផលយ៉ាងធំធេង។លទ្ធផលឈ្នះដ៏អស្ចារ្យនេះក្នុងការប្រកួតក្រៅដីក្នុងវគ្គជម្រុះក្នុងក្របខ័ណ្ឌ Champions League បានផ្តល់ឱ្យ Man City នូវជ័យជម្នះក្រៅដីដ៏ធំបំផុតរួមគ្នារបស់ពួកគេនៅអឺរ៉ុបកម្រិតជាមួយនឹងជ័យជម្នះ 5-0 នៅលើទឹកដី Steaua Bucharest ក្នុងវគ្គ play-off នៃការប្រកួតនេះកាលពីឆ្នាំ២០១៦-២០១៧។ក្រុម Sporting នឹងធ្វើដំណើរទៅកាន់ទឹកដីក្រុម Manchester City សម្រាប់ការប្រកួតជើងទី២ នៅថ្ងៃពុធ ទី១៦ ខែមីនាខាងមុខ ហើយអាចនឹងមានសង្ឃឹមតិចតួចក្នុងការដណ្តើមជ័យជម្នះវគ្គ១៦ក្រុមនេះ។ ជ័យជម្នះនៅពេលនេះធ្វើឲ្យក្រុម Manchester City ក្លាយជាក្រុមដំបូងគេដែលស៊ុតបញ្ចូលទីបានដល់ទៅ៤គ្រាប់នៅក្នុងតង់ទី១នៃការប្រកួតវគ្គជម្រុះក្នុងក្របខ័ណ្ឌ Champions League ចាប់តាំងពីក្រុម Bayern Munich បានផ្តួលក្រុម Barcelona ៨-២ ក្នុងវគ្គ៨ក្រុមចុងក្រោយកាលពីឆ្នាំ២០២០។
ក្រុម Man City ក្រោមការដឹកនាំរបស់លោក Pep Guardiola កំពុងតែមានសង្ឃឹមខ្ពស់ផងដែរក្នុងការឈ្នះពានរង្វាន់ Premier League ជាលើកទី៤ក្នុងរយៈពេល៥ឆ្នាំ បន្ទាប់ពីទទួលបាន៦៣ ពិន្ទុពី២៥ ប្រកួតឈរកំពូលតារាង ៕ (រូបភាព ៖ BBC Sport)