ខ្សែប្រយុទ្ធ Cristiano Ronaldo បានរកគ្រាប់បាល់១គ្រាប់ក្រោយពីខកខាន៦ប្រកួតរបស់គាត់ក្នុងទម្រង់លេងដ៏ជក់ចិត្ត ជួយឲ្យក្រុមបិសាចក្រហម Manchester United យកឈ្នះក្រុម Brighton នៅ Old Trafford ដើម្បីវិលទៅកាន់ក្រុមកំពូលទាំង៤ក្នុងក្របខ័ណ្ឌ Premier League។
ចំណែកខ្សែបម្រើ Bruno Fernandes បន្ថែម១គ្រាប់ទៀត ជួយឲ្យក្រុមMan Utd យកឈ្នះ Brighton ក្នុងលទ្ធផល២ទល់០នៅតង់ទី២។ ក្រោយខកខានការរកគ្រាប់បាល់ក្នុងតង់ទី១ Ronaldo បានស៊ុតបញ្ចូលទី១គ្រាប់ក្នុងតង់ទី២ នៅនាទីទី៥១។ កីឡាករសញ្ជាតិព័រទុយហ្គាល់រូបនេះមានឱកាសរកគ្រាប់បាល់បន្ទាប់ពីការបញ្ជូនរបស់ Scott McTominay។៣នាទីក្រោយមកប្រធានក្រុម Brighton កីឡាករ Lewis Dunk ត្រូវបានបណ្តេញចេញបន្ទាប់ពីអាជ្ញាកណ្តាលឆែក VAR ហើយក៏ផ្តល់កាតក្រហមក្រោយពីធ្វើឲ្យមានកំហុសលើកីឡាករ Anthony Elanga របស់ក្រុមបិសាចក្រហម។ ក្រុម Man United ក៏ទទួលរងការស៊ុតបាល់ចំគោលដៅពីកីឡាករក្រុម Brighton ផងដែរ នៅពេលដែលកីឡាករJakub Moder ស៊ុតសំដៅទៅសំណាញ់ទីក្រុមបិសាចក្រហម ហើយត្រូវអ្នកចាំទី David de Gea ជួយសង្គ្រោះបាន។ក្រោមការដឹកនាំរបស់អ្នកចាត់ការបណ្ដោះអាសន្នលោក Ralf Rangnickក្រុមបិសាចក្រហមបានធ្វើឲ្យមានភាពប្រសើរឡើងវិញក្រោយពីឡើងទៅឈរចំណាត់ថ្នាក់លេខ៤។ ដោយសារពេលនេះក្រុម Man Utd បានស្មើ២ និងចាញ់១២ក្នុងការប្រកួតក្រៅដី ដោយចាញ់រហូតដល់២០ពិន្ទុពីក្រុមលេខ១ Man City។
បច្ចុប្បន្នក្រុមបិសាចក្រហម Manchester United បានឡើងមកឈរចំណាត់ថ្នាក់លេខ៤ មាន៤៣ពិន្ទុ ក្នុង២៥ប្រកួត ខណៈដែលក្រុមលេខ៣ Chelsea មាន៤៧ពិន្ទុ ក្នុង២៤ប្រកួត ហើយក្រុមលេខ២ Liverpool មាន៥៤ពិន្ទុ ក្នុង២៤ប្រកួតដូចគ្នា។ ក្រុមបិសាចក្រហម នឹងត្រូវប៉ះក្រុម Leeds United នៅថ្ងៃទី២០ ខែកុម្ភៈក្នុងក្របខ័ណ្ឌ Premier League បន្តទៀត បន្ទាប់មកត្រូវធ្វើការធ្ងន់ដោយត្រូវប៉ះក្រុមម្ចាស់ផ្ទះ AtleticoMadrid ជើងទី១ វគ្គ១៦ក្រុម Champions League នៅថ្ងៃទី២៤ ខែកុម្ភៈខាងមុខ ៕ (រូបភាព ៖ BBC Sport)