ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៍មានពីអគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានឱ្យដឹងនៅព្រឹកថ្ងៃពុធទី១៦ ខែកុម្ភៈ ឆ្នាំ២០២២នេះថា៖ មន្ត្រី ក.ប.ប. បន្តស៊ើបអង្កេតស្វែងរកមុខសញ្ញាដេប៉ូប្រេងឥន្ធនៈលក់ប្រេងមិនស្មោះត្រង់ជូនប្រជាពលរដ្ឋ។
ប្រភពដដែលបន្តថា ជាក់ស្ដែងនៅថ្ងៃទី១៤ និងទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ ដេប៉ូប្រេងឥន្ធនៈចំនួន ៧ទីតាំង ត្រូវបានរកឃើញថា មានភាពមិនអនុលោម ក្នុងប្រតិបត្តិការត្រួតពិនិត្យរបស់មន្ត្រីស៊ើបអង្កេត ក.ប.ប. លើស្ថានីយ និងដេប៉ូសរុបចំនួន២៤ ស្ថិតនៅក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ស្រុកត្រាំកក់ ខេត្តតាកែវ និងស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។
បន្ទាប់ពីការត្រួតពិនិត្យនិងបានរកឃើញកំហុសឆ្គង ម្ចាស់ដេប៉ូប្រេងឥន្ធនៈខាងលើបានទទួលស្គាល់នូវកំហុសរបស់ខ្លួន ដោយបានធ្វើកិច្ចសន្យាកែតម្រូវ និងព្រមទទួលពិន័យអន្តរការណ៍ស្របតាមច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់។
សូមជម្រាបដែរថា កាលពីពេលថ្មីៗនេះ មន្ត្រីស៊ើបអង្កេត ក.ប.ប. ពិន័យអន្តរការណ៍ស្របតាមច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់លើស្ថានីយ និងដេប៉ូប្រេងឥន្ធនៈចំនួន៦ ដែលប្រកបអាជីវកម្មមិនស្មោះត្រង់ចំពោះអ្នកប្រើប្រាស់ ក្នុងខេត្តឧត្តរមានជ័យ ខេត្តស្វាយរៀង និងខេត្តតាកែវ ដោយមន្ត្រីជំនាញបានចាត់វិធានការពិន័យអន្តរការណ៍ និងតម្រូវឱ្យធ្វើកិច្ចសន្យាកែតម្រូវចំពោះមន្ត្រីមានសមត្ថកិច្ច៕ដោយ៖ស តារា