ប្រព័ន្ធផ្សព្វផ្សាយធំៗនៅលើពិភពលោក ដូចជា CNN, Reuters, The Japan news, Channel News Asia , The Star… បានផ្សព្វផ្សាយព័ត៌មានស្តីពីការបើកទ្វារវិស័យទេសចរណ៍របស់បរទេសនេះខណៈដែលករណីឆ្លងកូវីដ-១៩នៅកើនឡើងខ្ពស់មិនធ្លាប់មានពីមុនមក។
តាមសារព័ត៌មាន CNN សំណើបើកទ្វារវិស័យទេសចរណ៍របស់ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម បានស្នើបើកទ្វារវិស័យទេសចរណ៍ និងលុបរាល់ការរឹតត្បិតចាប់ពីថ្ងៃទី១៥ខែមីនាតទៅ ។
ចំណែកសារព័ត៌មានរ៉យទ័រ
វិញបានផ្សាយថា សំណើខាងលើ ទទួលបានការឯកភាពពីឧបនាយករដ្ឋមន្ត្រី Vu Duc Dam ។ គម្រោងបើកទ្វារសេដ្ឋកិច្ចនឹងត្រូវអនុវត្តតាមមួយជំហានម្តងៗ ដូចជាបណ្តាប្រទេសនៅក្នុងតំបន់អាស៊ាន មានដូចជា ថៃ ហ្វីលីពីន កម្ពុជាជាដើម។
នៅក្នុងគម្រោងខាងលើ អ្នកទេសចរ គឺត្រូវតែធ្វើចត្តាឡីស័ករយៈពេល១ថ្ងៃ និងការធ្វើតេស្តអវិជ្ជមានកូវីដ-១៩ មុនពេលចេញដំណើរ និងចូលមកប្រទេសវៀតណាម។
ចំណែកសារព័ត៌មាន The Star បានផ្សាយថា ជាមួយនឹងគោលនយោបាយសុវត្ថិភាព ប្រសិទ្ធភាព វិស័យទេសចរណ៍វៀតណាម នឹងដំណើរការឡើងវិញ ស្របទៅតាមស្ថានភាពប្រក្រតីថ្មី។
រីឯសារព័ត៌មាន Japan news បានផ្សាយថា នៅក្នុងខែឧសភា គឺជាពេលវេលាដែលវៀតណាម មានគម្រោងបើកទ្វារវិស័យសេដ្ឋកិច្ចហើយនៅក្នុងខែឧសភានោះដែរ វៀតណាមមានគម្រោងរៀបចំការប្រកួតកីឡា (SEA Games 31) ។ ទាំងនោះហើយទើបវៀតណាមបើកវិស័យទេសចរណ៍ទាក់ទាញអ្នកទេសចរមកពីប្រទេសតំបន់អាស៊ាន។
ក្នុងពេលនេះករណីឆ្លងកូវីដ-១៩ នៅក្នុងប្រទេសវៀតណាមកំពុងតែកើនឡើងខ្ពស់ អាចនឹងប៉ះពាល់ដល់គម្រោងខាងលើ ។ កាលពីថ្ងៃទី១៥ខែកុម្ភៈ ក្រសួងសុខាភិបាលវៀតណាមបានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ-១៩ចំនួន ៣១,៨១៤ករណីបន្ថែមទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។
រដ្ឋធានីហាណូយដែលបច្ចុប្បន្នកំពុងប្រែក្លាយជាចំណុចកណ្តាល នៃការផ្ទុះរីករាលដាលជំងឺនេះ បានរ៉ាប់រងសម្រាប់ករណីឆ្លងថ្មីថ្ងៃនេះចំនួន៣,៩៧២ករណី ខណៈដែលទីក្រុងហូជីមិញបានរាយការណ៍ថាមានចំនួន៣៤១ករណី៕ ដោយសាធី
ទីក្រុង Da Nang នៅពេលយប់។ រូបថត៖Toquoc.vn