ប្រសិនបើសង្គ្រាមវាយប្រហាររវាងរុស្ស៊ី និងអ៊ុយក្រែនកើតឡើង នឹងមានពលរដ្ឋអ៊ុយក្រែនជាច្រើន ភៀសខ្លួនទៅកាន់តំបន់ភាគខាងលិចអឺរ៉ុប។ ក្នុងពេលនេះដែរ ពលរដ្ឋនៅក្នុងស្រុក Hrubieszowប្រទេសប៉ូឡូញ មានមនុស្សជាច្រើនបានឆ្លងដែនមកពីប្រទេសអ៊ុយក្រែនដើម្បីទិញទំនិញ មានតម្លៃថោកជាង នៅក្នុងប្រទេសអ៊ុយក្រែន ។ ប៉ុន្តែពលរដ្ឋរស់នៅក្នុងស្រុក Hrubieszow ជាង ១៧.៥០០នាក់ មានចម្ងាយ៥គីឡូម៉ែត្រពីព្រំដែន ប្រឈមនិងបញ្ហាជាច្រើន ប្រសិនបើសង្គ្រាមផ្ទុះឡើង អាចនឹងមានពលរដ្ឋអ៊ុយក្រែនជាច្រើនភៀសខ្លួនមកកាន់តំបន់នេះ។ ពាក់ព័ន្ធស្ថានភាពអ៊ុយក្រែន ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានព្រមានថាកងទ័ពរុស្ស៊ីច្រើនជាង ១៥០,០០០នាក់ នៅតែបន្តប្រមូលផ្ដុំកម្លាំងនៅក្បែរតំបន់ ព្រំដែនអ៊ុយក្រែន បើទោះជាទីក្រុងម៉ូស្គូ បានប្រកាសដកកងទ័ពមួយចំនួនក៏ដោយ។ ជាមួយគ្នានេះដែរ អនុអគ្គរដ្ឋទូតរុស្ស៊ីប្រចាំអង្គការសហប្រជាជាតិ Dmitry Polyanskiy បានប្រាប់ឱ្យបណ្ដាមេដឹកនាំ លោកខាងលិច ទៅពិគ្រោះយោបល់ជាមួយគ្រូពេទ្យ សម្រាប់ការភ័យខ្លាចដោយគ្មានហេតុផលថា ការប្រមូលផ្ដុំកងទ័ពរុស្ស៊ីនៅក្បែរតំបន់ព្រំដែន អ៊ុយក្រែន គឺជាសកម្មភាពត្រៀមបើកការវាយប្រហារ។ ថ្លែងប្រាប់អ្នកសារព័ត៌មានលោក Dmitry Polyanskiy បានបញ្ជាក់ដូច្នេះថា «ខ្ញុំគិតថាពួកគេ (មេដឹកនាំលោកខាងលិច) គួរតែ ទៅជួបគ្រូពេទ្យល្អម្នាក់។ ខ្ញុំណែនាំឱ្យពួកគេធ្វើដូច្នេះ ពោលគឺទៅជួបគ្រូពេទ្យជំនាញខាងព្យាបាលការភ័យខ្លាចដោយគ្មានហេតុផល»។ លោកបន្ថែមថា រុស្ស៊ី គ្មានបំណង ឬផែនការវាយប្រហារលើប្រទេសជិតខាង ឬក៏រដ្ឋជាអតីតដែនដីសហភាពសូវៀតណាមួយនោះទេ ខណៈកងទ័ពរុស្ស៊ីកំពុងឈរជើង នៅលើទឹកដីរបស់ខ្លួនតែប៉ុណ្ណោះដែលមិនមែនជាការគំរាមកំហែងដល់គេឯងឡើយ៕ដោយ៖សាធី
រូបថត៖Getty Images