សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសសិង្ហបុរី

ចែករំលែក៖

ភ្នំពេញ​៖​ នៅវិមានសន្តិភាព នារសៀលថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ២០២២នេះ បន្ទាប់ពីបានទទួលជួបពិភាក្សាការងារជាមួយលោក សាឡឺមសៃ ឃុំម៉ាសុីត រដ្ឋមន្ត្រីក្រសួងការបរទេសនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ រួចហេីយ​ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បន្តជួបជាមួយលោក Vivian Balakrishnan រដ្ឋមន្ត្រីក្រសួងការបរទេសសិង្ហបុរី ។

លោក​ វីវៀន បានថ្លែងអំណរសាទរជូនចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលបានទទួលមេដាយសន្តិភាព ស៊ុនហាក់ ហើយបានមានប្រសាសន៍ថា នេះជាការទទួលស្គាល់ មិនត្រឹមតែនៅក្នុងប្រទេសកម្ពុជា ឬនៅក្នុងតំបន់ទេ គឺទូទាំងពិភពលោក ។

លោក វីវៀន ក៏បានសម្ដែងនូវអំណរសាទរជូនសម្ដេចតេជោផងដែរ ដែលបានទទួលនូវ ជោគជ័យយ៉ាងត្រចះត្រចង់នៅក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩​ ដោយកម្ពុជាបានចាក់វ៉ាក់សាំងជូនប្រជាជន បានច្រើនជាងគេ នៅក្នុងតំបន់ ច្រើនជាងប្រទេសអភិវឌ្ឍន៍មួយចំនួន ហើយអត្រាស្លាប់ក៏មានទាបជាងគេដែរ , នេះគឺជាកត្តាដែលអនុញ្ញាតឲ្យកម្ពុជា អាចបើកប្រទេសឡើងវិញបានយ៉ាងឆាប់រហ័ស ហើយអ្នកវិនិយោគសិង្ហបុរីក៏មានចំណាប់អារម្មណ៍មកវិនិយោគ នៅក្នុងព្រះរាជាណាចក្រកម្ពុជាដែរ ជាពិសេសនៅលើវិស័យពាណិជ្ជកម្ម លើវិស័យឃ្លាំងស្តុកទំនិញត្រជាក់ ក៏ដូចជាវិស័យដឹកជញ្ជូនផងដែរ ។ ក្នុងន័យនេះលោក វីវៀន បានគោរពជម្រាបជូន សម្ដេចតេជោថា សិង្ហបុរី បន្ត គាំទ្រនិង ជំរុញពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ ជាពិសេសទ្វេភាគី រវាងប្រទេសទាំងពីរ និងគាំទ្រកម្ពុជាជាប្រធានអាស៊ាន ។

ជាការឆ្លើយតប សម្ដេចតេជោ បានថ្លែងអំណរគុណជូនចំពោះ លោក វីវៀន ដែលបានសម្ដែងនូវការអបអរជូនចំពោះសម្ដេច និងការពាំនាំការផ្តាំផ្ញើសួរសុខទុក្ខអំពីឯកឧត្តម នាយករដ្ឋមន្ត្រី ហើយក៏បានថ្លែងអំណរគុណជូនសិង្ហបុរី ដែលបានគាំទ្រកម្ពុជាជាប្រធានអាស៊ាន ហើយចាត់ទុកកម្ពុជាជាតំបន់សុវត្ថិភាព ក្នុងការបើកការហោះហើរឡើងវិញ ។

ជាមួយគ្នា​នេះផងដែរ​ សម្ដេចតេជោ បានលើកទឹកចិត្តឲ្យមានការជំរុញ ការវិនិយោគមកកម្ពុជាកាន់តែច្រើន ជំរុញការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ឲ្យកាន់តែធំ និងពិនិត្យមើលលើកិច្ចសហប្រតិបត្តិការ លើវិស័យអប់រំ លើវិស័យសុខាភិបាល និងវិស័យដទៃទៀតដែលអាចធ្វើទៅបាន ។​ ក្នុងជំនួបនេះ សម្ដេចតេជោ ក៏បានជម្រាបជូនឯកឧត្តមវីវៀនដែរអំពី គោលបំណងរបស់សម្ដេច ក្នុងការធ្វើដំណើរទៅប្រទេសមីយ៉ាន់ម៉ា ដែលរួមមានទី១)​ គឺធ្វើយ៉ាងណា កាត់បន្ថយឬលុបបំបាត់អំពើហិង្សា តាមរយៈការឈប់បាញ់គ្នា ,ទី២) រកវិធី ផ្ដល់ជំនួយមនុស្សធម៌ជូនដល់ប្រជាជនមីយ៉ាន់ម៉ា ដោយគ្មានការរើសអើង និងទី៣) គឺបង្កើតនូវការសន្ទនា ៕ដោយ​៖ស​ តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print