ក្រោយពីទទួលបានបទបញ្ជាដ៏កម្រពីថ្នាក់ដឹកនាំនៅទីក្រុងប៉េកាំងស្តីពីស្ថានភាពកូវីដ-១៩ ដែលបានកើនឡើងខ្ពស់នៅកោះហុងកុងនោះ រដ្ឋាភិបាលនៅក្នុងតំបន់នេះបានឡើងគម្រោងធ្វើតេស្តទៅលើពលរដ្ឋទាំងអស់ចាប់ពីដើមខែមីនាដើម្បីទប់ស្កាត់ការឆ្លងយ៉ាងមានប្រសិទ្ធភាពបំផុត ។ ករណីឆ្លងកូវីដ-១៩ លើកទី៥នៅកោះហុងកុងកាន់តែកើនឡើងខ្ពស់ ហើយប្រព័ន្ធផ្សព្វផ្សាយនៅក្នុងតំបន់បានផ្សាយថា រដ្ឋាភិបាលកោះហុងកុងមានគម្រោងធ្វើតេស្តជាទ្រង់ទ្រាយធំដល់ពលរដ្ឋកោះហុងកុងទាំង៧,៥លាននាក់ចាប់ពីដើមខែមីនា ដោយការធ្វើតេស្តមានដល់ទៅ៣លើក គឺលើកទីមួយធ្វើឱ្យអស់ក្នុងពេល១សប្តាហ៍ និងលើកទីពីរ ទីបី ក្នុងសប្តាហ៍បន្តបន្ទាប់ទៀត។ មានតែការធ្វើតេស្តពលរដ្ឋទាំងអស់នោះទេទើបដឹងថាតំបន់អ្នកមានអ្នកឆ្លងច្រើន អាចកាត់ផ្តាច់ប្រភពចម្លងបានល្អ។ ក្នុងពេលដំបូង មានទីតាំង១០០ កន្លែងនឹងបើកធ្វើតេស្តរយៈពេល១៤ម៉ោង ក្នុងមួយថ្ងៃ ។ គោលដៅនៃការធ្វើតេស្តគឺដើម្បីប្រមូលអ្នកវិជ្ជមានកូវីដ-១៩ទៅដាក់មួយកន្លែង ដើម្បីបញ្ចៀសការបិទតំបន់ទាំងមូល។ តាមគម្រោង ការធ្វើតេស្តនៅហុងកុង គឺអាចធ្វើបាន២សែននាក់ក្នុងមួយថ្ងៃ ហើយអាចកើនឡើង៣សែននាក់ ដើម្បីសម្រេចគោលដៅធ្វើតេស្តដល់ពលរដ្ឋទាំងអស់នៅលើកោះនេះ។ ការធ្វើតេស្តលើកនេះគឺជាកាតព្វកិច្ច ហើយអ្នកដែលមិនចូលធ្វើតេស្តនឹងរងការពិន័យជាប្រាក់រហូតដល់ ១ម៉ឺនដុល្លារហុងកុង (ប្រមាណ១៣០០ដុល្លារអាមេរិក) ឬអាចត្រូវប៉ូលិសចាប់ឃុំខ្លួន។ ករណីឆ្លងកូវីដ-១៩ នៅកោះហុងកុងបានកើនឡើងដល់ទៅ៤២៨៥នាក់ ក្នុងថ្ងៃទី១៦ខែកុម្ភៈ៕ ដោយសាធី
រូបថត៖Reuters.