នៅថ្ងៃទី១៨ខែកុម្ភៈនេះក្រសួងសុខាភិបាលវៀតណាមបានប្រកាសថា បានរកឃើញករណីឆ្លងកូវីដ-១៩កើនឡើងរហូតដល់ទៅ ៤២.៤៣៩នាក់ និងស្លាប់៨០នាក់ ដែលជាចំនួនខ្ពស់បំផុតមិនធ្លាប់មានពីមុនមក ចាប់តាំងពីការផ្ទុះកូវីដ-១៩ រយៈពេលជាង២ឆ្នាំកន្លងមក។ តំបន់ដែលឆ្លងកូវីដ-១៩ ច្រើនជាងគេ គឺរដ្ឋធានីហាណូយ មានករណីឆ្លងជិត៤,៦០០នាក់ ។ ជាមួយគ្នានេះដែរ ក៏មានពលរដ្ឋជាង៦ពាន់នាក់បានជាសះស្បើយពីជំងឺ។ គិតត្រឹមម៉ោង១៦ថ្ងៃទី១៧ខែកុម្ភៈដល់ម៉ោង១៦ថ្ងៃទី១៨ខែកុម្ភៈ ករណីឆ្លងកូវីដ-១៩បានកើនឡើងជាង១ថ្ងៃមុនដល់ទៅ៦.២៣៧នាក់ ។ ក្នុងថ្ងៃនេះមានករណីនាំចូលតែ១២នាក់ប៉ុណ្ណោះ។ ភាគច្រើនករណីឆ្លងកើតឡើងនៅតំបន់ភាគខាងជើងប្រទេសវៀតណាម។ សរុបករណីឆ្លងកូវីដ-១៩នៅទូទាំងប្រទេសវៀតណាមមានជាង ២,៦លាននាក់ ឈរលំដាប់ទី៣២ ក្នុងចំណោម២២៥ប្រទេសនិងដែនដីមានករណីឆ្លងកូវីដ-១៩ ។ នៅពេលនេះដែរ វៀតណាមបានចាក់វ៉ាក់សាំងជូនពលរដ្ឋបានរហូតដល់ជាង ១៩០,២លានដូសហើយ ក្នុងនោះ ដូសចាក់ជូនពលរដ្ឋមានអាយុចាប់ពី១៨ឆ្នាំឡើងមាន១៧៣,៤លានដូស ហើយអ្នកចាក់មួយដូសមានជាង៧០,៨លាននាក់ និងពីរដូសមានជាង ៦៧,២លាននាក់ ។ ជាមួយគ្នានេះកុមារមានអាយុចាប់ពី១២-១៧ឆ្នាំ ជាង១៦,៧លាននាក់បានចាក់វ៉ាក់សាំង ក្នុងនោះដូសទីមួយមានជាង៨,៥លាននាក់ និងដូសទីពីរ ៨,១លាននាក់៕ ដោយសាធី
រូបថត៖TTXVN.