ខេត្តបាត់ដំបង៖ លោក ដួង តារា ជំនួយការសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី នៅរសៀលថ្ងៃសៅរ៍ទី១៩ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានថ្លែងនៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនថា៖ “ខ្ញុំសូមជូននូវមហាកុសលផលបុណ្យនៃអំពេីល្អដល់បងប្អូនទាំងអស់គ្នាដែលបានចូលរួមជួយគ្រួសារគ្រូបង្រៀននៅខេត្តបាត់ដំបងថ្ងៃនេះ “។
លោករដ្ឋលេខាធិការរូបនេះ បានបន្ថែមថា ថ្ងៃទី១៩ កុម្ភះ ឆ្នាំ២០២២នេះ ក្រុមគ្រួសារជាគ្រូបង្រៀន ពូ អៀប រដ្ឋា និងមីង ទៀង ប៊ុនណាក់ បានទទួលផ្ទះនិងដីរស់នៅជាកម្មសិទ្ធសារជាថ្មីឡើងវិញ ក្រោមអំពើល្អនៃការចូលរួមចែករំលែករបស់បងប្អូនប្រជាពលរដ្ឋខ្មែរ។ តម្លៃដែលយេីងបានទិញពីម្ចាស់ថ្មីគឺ $27,000.00 ។
ក្រៅពីផ្ទះ យេីងបានទិញអង្ករសម្ភារប្រេីប្រាស់មួយចំនួន និងម៉ូតូ Honda មួយគ្រឿងសម្រាប់គាត់ដឹកចៅទៅសាលារៀនចម្ងាយ៥គមពីផ្ទះ និងសម្រាប់រត់ឌុបគ្រាន់បានចំណូលបន្ថែមខ្លះ។ ពេលនេះផ្ទះនិងដីកំពុងរៀបចំបែបបទកាត់ឈ្មោះជូនទៅពូមីងហេីយ។
លោក ដួង តារា បានថ្លែងបន្តថា ខ្ញុំសូមអរគុណយ៉ាងជ្រាលជ្រៅបំផុតដល់បងប្អូនរួមឈាម និងក្រុមហ៊ុនភូមិមរតកដែលបានចូលរួមចែករំលែកនូវក្តីស្រឡាញ់ជួយទិញផ្ទះនេះយកត្រឡប់មកជូនក្រុមគ្រួសារពូមីងវិញ។ នេះបង្ហាញអោយេីញនូវគុណតម្លៃនៃអំពេីល្អ សាមគ្គីភាព ក្តីស្រឡាញ់និងការចែកលែកជួយគ្នាទៅវិញទៅមកនៃជាតិសាសន៍យេីងក្រោមម្លប់សន្តិភាព។
បងប្អូនបានធ្វើមហាបុណ្យដ៏អស្ចារ្យជូនជាការដូរតបស្នងនូវគុណបំណាច់ដល់លោកពូជាគ្រូដែលបានចំណាយពេលបង្រៀនកូនខ្មែរអស់រយ:ពេល ៣៧ឆ្នាំមកនេះ អោយទទួលបាននូវជម្រករស់នៅដ៏សែនកក់ក្តៅឡើងវិញ។
សន្តិភាព បានផ្តល់ឱកាសអោយយេីងកសាងលេីកស្ទួយអំពេីល្អចែករលែកក្តីស្រឡាញ់ដល់ពលរដ្ឋដោយគ្មានការរេីសអេីងនៅគ្រប់ទីកន្លែង។ អរគុណសន្តិភាព!
ដោយ៖ស តារា