មន្រ្តី​ជាន់ខ្ពស់​ក្រសួង​ទេសចរណ៍​ រមណីយដ្ឋានទឹកធ្លាក់​ភ្នំ​ខៀវ ឬអូរតាវ៉ៅ ជា​រមណីយដ្ឋាន​ទេសចរណ៍ ដ៏ល្បីល្បាញ​មួយ​របស់​ខេត្ត​ប៉ៃលិន

ចែករំលែក៖

ខេត្ត​ប៉ៃលិន​៖​ លោកស្រី​ ហ៊ុន ដានី រដ្ឋលេខាធិការក្រសួងទេសចរណ៍ អមដំណើរដោយលោក ឃ្លោក នួយ អភិបាលរងខេត្ត លោកប្រធានមន្ទីរទេសចរណ៍ខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួន បានអញ្ជើញធ្វើទស្សនកិច្ចនៅរមណីយដ្ឋានទេសចរណ៍ទឹកធ្លាក់ភ្នំខៀវ។​ នេះបេី​យោង​តាមប្រភពព័ត៍មានពី​ក្រសួង​ទេសចរណ៍​ បានឱ្យដឹងនៅរសៀលថ្ងៃ​សៅរ៍​ទី​១៩​ ខែកុម្ភៈ​ ឆ្នាំ​២០២២។

សូមជម្រាបថា​ រមណីយដ្ឋានទឹកធ្លាក់​ភ្នំ​ខៀវ ឬអូរតាវ៉ៅ ជា​រមណីយដ្ឋាន​ទេសចរណ៍ ដ៏ល្បីល្បាញ​មួយ​របស់​ខេត្ត​ប៉ៃលិន មានទីតាំងស្ថិតនៅ ភូមិ​ខ្លុង សង្កាត់​អូរតាវ៉ៅ ក្រុង​ប៉ៃលិន ខេត្តប៉ៃលិន និងមានចម្ងាយប្រមាណ៩គីឡូម៉ែត្រ ពីរូបសំណាកលោកយាយយ៉ាត។ រមណីយដ្ឋាន​នេះ ជារមណីយដ្ឋានបែបធម្មជាតិដែលមានជ្រោះ ភ្នំ ព្រៃព្រឹក្សាខៀវស្រងាត់ ខ្យល់អាកាសបរិសុទ្ធ ជាពិសេសទឹកធ្លាក់ថ្លាយង់គួរឲ្យគយគន់ចង់លេងកម្សាន្ត។

រមណីយដ្ឋានទឹកធ្លាក់​ភ្នំ​ខៀវ ក៏មានកន្លែងសម្រាកទទួលទានអាហារឆ្ងាញ់ៗនៅក្បែរនោះ​ ហើយដោយសារតែតំបន់ទេសចរណ៍មួយនេះមានចម្ងាយមិនសូវឆ្ងាយពីក្រុង គួបផ្សំរមណីយដ្ឋានដ៏ស្រស់ស្អាតផងដែរនោះ ទើបធ្វើឲ្យតំបន់មួយនេះអាចទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិបានយ៉ាងច្រើន។

ក្រោយទទួលទាន​អាហារ​​ថ្ងៃត្រង់​ ​ទេសចរជាច្រើន​ ​តែងតែ​ចុះទៅ​ងូតទឹក​ដ៏​សែន​ត្រជាក់នៅទីនោះ ដែលគេបាន​ឲ្យ​នាមថា “ទឹកធ្លាក់ ៧ ដំណាក់”។​ ទឹកធ្លាក់​ភ្នំ​ខៀវមាន​កម្ពស់​ប្រមាណជាង​​ ២គីឡូ​ម៉ែត្រ បើ​មើលតាម​ជាក់ស្តែង​ទឹកធ្លាក់ ៧ដំណាក់ ​ពិតជា​ស័ក្តិសម​នឹង​ឈ្មោះមែន ព្រោះ​ទឹក​ដែល​ហូរ​ធ្លាក់​ពីលើ​មកមាន​កម្ពស់ប្រហែលជា ២គី​ឡូ​ម៉ែត្រ ត្រូវ​ហូរ​កាត់​ផ្ទាំង​ថ្មចំនួន​​ ៧ ដំណាក់។

ក្រសួង​ទេសចរណ៍​ បានបន្ថែមថា​ ដោយសារតែ​ភាពទិដ្ឋភាពដ៏ស្រស់បំព្រងនៃរមណីយដ្ឋាន ទឹកធ្លាក់​ភ្នំ​ខៀវនេះហើយ បានជាធ្វើ​ឲ្យ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរ​ជាតិ រមែងនឹកដល់ដំណើរទេសចរណ៍មកកាន់ទឹកដីខេត្តប៉ៃលិននេះ។

ដោយ​ឡែក​បើតាមការឱ្យដឹងរបស់លោកប្រធានមន្ទីរទេសចរណ៍ខេត្តថា៖ បច្ចុប្បន្នរដ្ឋបាលខេត្តបាននិងកំពុងយកចិត្តទុកដាក់ក្នុងការជួសជុល កែលម្អតំបន់គោលដៅទេសចរណ៍ក្នុងខេត្ត និងអភិវឌ្ឍផលិតផលទេសចរណ៍ថ្មីៗដើម្បីទាក់ទាញភ្ញៀវទេសចរបន្ថែមទៀត៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print