ខេត្តព្រះសីហនុ៖ រំលឹកពីព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ នាពេលកន្លងមកដោយមានការរីករាលដាលនៃជំងឺកូវីដ-១៩ នៅកម្ពុជា និងនៅក្នុងខេត្តព្រះសីហនុ ជាពិសេសការឆ្លងរាលដាលនៅតាមទីផ្សារនានាដែលជាទីតាំងដែលមានការប្រមូលផ្តុំ ក្នុងនោះរដ្ឋបាលខេត្តបានដាក់ចេញនូវវិធានការរដ្ឋបាលដោយបានសម្រេចបិទខ្ទប់ក្រុងព្រះសីហនុ និងមួយផ្នែកនៃក្រុងស្រុកនានា ព្រមទាំងចេញសេចក្តីសម្រេចបិទផ្អាកជាបណ្តោះអាសន្ននូវដំណេីរការអាជីវកម្មទីផ្សារនៅទូទាំងខេត្ត ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩នៅក្នុងសហគមន៍។ នេះបេីយោងតាមប្រភពព័ត៍មានពីរដ្ឋបាលខេត្តព្រះសីហនុ ។
ក្នុងកំឡុងពេលនៃការអនុវត្តវិធានការរដ្ឋបាលនៅក្នុងភូមិសាស្ត្រនៃខេត្តព្រះសីហនុ ទាំងប្រជាពលរដ្ឋ និងអាជីវករទាំងអស់បានចូលរួមសហការជាមួយអាជ្ញាធរខេត្តបានយ៉ាងល្អប្រសេីរដែលធ្វេីឱ្យអត្រានៃការឆ្លងរាលដាលជំងឺកូវីដ-១៩នៅក្នុងខេត្តព្រះសីហនុមានការថយចុះជាលំដាប់។
រហូតមកដល់កំឡុងខែសីហា ឆ្នាំ២០២១ ដោយសារស្ថានភាពនៃការឆ្លងរាលដាលជំងឺកូវីដ-១៩នៅក្នុងខេត្តមានការថយចុះ រដ្ឋបាលខេត្តបានចេញសេចក្តីណែនាំ ស្តីពីការអនុវត្តវិធានការសុវត្ថិភាពផ្នែកសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅតាមផ្សារដែលមានលក្ខណៈប្រមូលផ្ដុំ ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ។
បន្ទាប់ពីទទួលបានការណែនាំរបស់រដ្ឋបាលខេត្តព្រះសីហនុ អ្នកគ្រប់គ្រង និងអាជីវករនៅតាមទីផ្សារទាំងអស់ បានចូលរួមធ្វេីការរៀបចំកែលម្អទីតាំងលក់ដូរឱ្យមានសណ្តាប់ធ្នាប់របៀបរៀបរយ មានសោភ័ណភាព អនាម័យ និងគម្លាតសុវត្ថិភាព កាត់បន្ថយការឆ្លងរាលដាល រហូតមកទល់បច្ចុប្បន្នបងប្អូនបានបន្តការលក់ដូរនៅក្នុងស្ថានភាពដ៏ល្អប្រសើរ។
រដ្ឋបាលខេត្តសូមវាយតម្លៃខ្ពស់ និងលេីកទឹកចិត្តឱ្យបងប្អូនបន្តអនុវត្តទៅតាមគោលការណ៍ណែនាំរបស់រដ្ឋបាលខេត្ត និងវិធានការរបស់ក្រសួងសុខាភិបាល ព្រមទាំងវិធានការ ៣.ការពារ ៣.កុំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សំដៅទប់ស្កាត់ការឆ្លងរាលដាលឡេីងវិញនៃជំងឺកូវីដ-១៩ ជាពិសេសមេរោគបំលែងថ្មី អូមីក្រុង៕ដោយ៖សហការី