ដោយមើលឃើញពីអត្ថប្រយោជន៍នៃការប្រារព្ធពិធីផ្សេងៗតាមទំនៀមទម្លាប់ខ្មែរបុរាណមកនោះ យើងសូមដកស្រង់នូវអត្ថបទ នៃពិធីផ្សេងៗ ចេញពីសៀវភៅក្រុមជំនុំទំនៀមទម្លាប់ខ្មែរ ដែលមានចំណងជើងថា” ពិធីប្រចាំ ១២ ខែ “ជូនប្រិយមិត្តអ្នកអានបានជ្រាបនិងយល់ដឹងសៀវភៅនេះបោះពុម្ពផ្សាយនៅព.ស. ២៥០៨ គ.ស.១៩៦៦ របស់ពុទ្ធសាសនបណ្ឌិត្យរៀបរៀងដោយអ្នកស្រី ពេជ សល់ និងត្រួតពិនិត្យដោយលោក ញូងសឿង តាមលំដាប់លំដោយដូចតទៅ ÷
* ពិធីជំនឿនៅប្រទេសកម្ពុជា
គេបានដឹងថា ក្នុងសតវត្សដើមនៃគ្រិស្តសករាជ នៅក្នុងជ្រោយឥណ្ឌូចិននេះ មានអាណាចក្រជាច្រើនដែលគោរពព្រហ្មញ្ញសាសនា ហើយក្នុងចំណោមនេះមានអាណាចក្រកម្ពុជាយើងសព្វថ្ងៃនេះមួយដែរ។
មុនពេលដែលអារ្យធម៌ឥណ្ឌាបានផ្សាយចូលមកក្នុងប្រទេសកម្ពុជា ប្រទេសនេះគ្មានអារ្យធម៌មួយបែបរបស់ខ្លួនរួចទៅហើយ។ ដូច្នេះហើយបានជាប្រាសាទអង្គរដែលគេតែងពោលថា ផុសគំនិតចេញមកអំពីសាសនាឥណ្ឌានោះ គេពុំឃើញមានបែបផែនអ្វីនិងប្រាសាទបុរាណនៅប្រទេសឥណ្ឌាឬនៅប្រទេសឥណ្ឌូនេស៊ីសោះទេ។
ម្យ៉ាងទៀតប្រទេសកម្ពុជាមិនមែនបានទទួលតែសាសនាមួយអំពីខាងទន្លេគង្គាប៉ុណ្ណោះទេគឺគេបានទទួលស្គាល់សាសនាព្រាហ្មណ៍ជាស្រេចទៅហើយ ហើយជាពិសេសគឺលទ្ធិព្រះឥសូរថែមទាំងគោរពនៅពុទ្ធសាសនាប៉ែកខាងមហាយាននិងនិកាយផ្សេងៗទៀតផង។ លុះមកដល់សម័យក្រោយបំផុត គឺប្រមាណ 6 សតវត្សមកហើយនេះប្រទេសកម្ពុជាគោរពប្រតិបត្តិពុទ្ធសាសនាខាងហិនយានដែលមានឫសគល់ឬមជ្ឈមណ្ឌលនៃសាសនានៅប្រទេសលង្កា ។
តាំងពីអតីតកាលមក មានសល់លំអានជាច្រើនណាស់ ក្នុងពិធីបុណ្យទាន និងទំនៀមធ្វើពិធីផ្សេងៗរបស់ខ្មែរ ហើយទោះបីច្បាប់ព្រះពុទ្ធសាសនាដែលប្រកបដោយការសន្តោសអនុគ្រោះយ៉ាងសំខាន់នោះមានឥទ្ធិពលលើបណ្ដាជនខ្មែរយ៉ាងនេះក៏ដោយក៏ពុំអាចបំបាត់ចោលនូវជំនឿនឹងទំនៀមផ្សេងៗ ក្រៅអំពីពុទ្ធសាសនាបានឡើយ ។ ដូច្នេះហើយបានជានៅក្នុងព្រះបរមរាជវាំងនៅពេលដែលព្រះសង្ឃចំរើនព្រះបរិត្តឬសម្ដែងធម៌ទេសនា ពួកក្រុមបារគូដែលជាកូនចៅនៃពួកព្រាហ៍តែងនាំគ្នាធ្វើពិធីបូជាផ្សេងៗតាមរបៀបខ្លួនដែរ។
ព្រះពុទ្ធសាសនាខាងហីនយានថេរវាទ អាងលើការស្រោចស្រង់ចំពោះខ្លួនជាធំគឺថាយកគោលសំខាន់ត្រង់ការយឹតយោងខ្លួនឲ្យរួចពីទក្ខភ័យ ក្នុងវដ្តសង្សារជាមូលដ្ឋាននេះហើយ ទើបព្រះសង្ឃអាចស្រោចស្រង់ពួកបរិស័ទរបស់លោកបាន។ ប៉ុន្តែពួកគ្រហស្ថក៏អាចសាងវិសិទ្ធិភាពរបស់ខ្លួនបានដែរដោយការបរិច្ចាគទ្រព្យធនធានធ្វើបុណ្យទានផ្សេងៗ ដូចជាភត្តាហារ ត្រៃចីវរ គ្រឿងសេនាសន: គឺជួយឧបត្ថម្ភផ្គត់ផ្គង់អគារផ្សេងៗក្នុងទីអារាម ហើយជាពិសេសដោយការស្ដាប់ធម៌ជាឱវាទរបស់ព្រះសង្ឃ ពួកគ្រហស្ថក៏អាចអប់រំចិត្តគំនិតរបស់ខ្លួនឱ្យស្អាតបរិសុទ្ធផូរផង់ ហើយអាចនឹងបានស្គាល់យល់ច្បាស់នូវមាគ៌ានៃការស្រោចស្រង់ខ្លួនដែរ។
ដោយហេតុថា ព្រះសង្ឃលោកមានភារកិច្ចចំពោះតែព្រះអង្គ លោកគ្មានអ្នកណាជួយប្រសិទ្ធពរ និងជួយណែនាំពួកពុទ្ធសាសនិកផង ទើបគេតម្រូវឲ្យមានអាចារ្យជាអាជ្ញាកណ្ដាលក្នុងចន្លោះព្រះសង្ឃនិងពុទ្ធសាសនិក។
នៅក្នុងភូមិនីមួយនីមួយៗតែងតែមានអាចារ្យម្នាក់ឬច្រើននាក់ ដែលជាអ្នកថ្នឹកក្នុងកិច្ចការផ្សេងៗក្នុងវត្ត។ អាចារ្យនេះហើយដែលជាអ្នកបង្គាប់ថាត្រូវធ្វើដូចម្ដេច ជាអ្នកនាំមុខពុទ្ធសាសនានិកក្នុងការសូត្រធម៌និងជាអ្នកធ្វើកិច្ចបូជាផ្សេងៗក្នុងមានពិធីម្ដងៗ។ ចំណែកឯព្រះសង្ឃដែលគេនិមន្តមកជាអធិបតីក្នុងពិធីនោះដែរ លោកមានភារៈគ្រាន់តែស្វាធ្យាយធម៌នឹងទទួលភត្តាហារដែលគេប្រគេនជាកុសលប៉ុណ្ណោះ។ លោកពុំចូលរួមក្នុងពិធីដែលអាចារ្យចាត់ចែងធ្វើនោះទេ។
ឯការទាក់ទងរវាងប្រជាជននិងទេវតា ទេវព្រឹក អារក្ស អ្នកតា ឬខ្មោចបិសាចផ្សេងៗដែលព្រះពុទ្ធសាសនាអនុគ្រោះឲ្យរាប់អានបានតែមិនទទួលស្គាល់ទេនោះក៏ជាភារៈលើអាចារ្យដែរ ។ នៅពេលធ្វើពិធីអាចារ្យនេះហើយដែលជាអ្នកទស្សន៍ទាយរកពេលវេលាល្អអាក្រក់ ដោយគន់គូរមើលតាមក្បួនខ្នាតដែលគេបានចេះចាំអំពីគ្រូអាចារ្យ ឬអំពីឪពុកម្ដាយគេមក។ អាចារ្យជាអ្នកចាត់ចែងឲ្យធ្វើអណ្ដាប់និងគ្រឿងសក្ការបូជាដែលរៀបរាប់ជាប្រភេទដូចតទៅនេះ÷
(នៅមានត)
ស្រាវជ្រាវនិងកែសម្រួលដោយ÷ ចៅតាជេត