លោកហ៊ុន ម៉ានី បន្តជួបសំណេះសំណាលជាមួយរចនាសម្ព័ន្ធគណៈចលនាមហាជនខេត្ត សៀមរាប

ចែករំលែក៖

ខេត្តសៀមរាប÷នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២ លោកហ៊ុន ម៉ានី អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីសំណេះ សំណាលជាមួយរចនាសម្ព័ន្ធគណៈចលនាមហាជនខេត្ត សៀមរាប និងមានការអញ្ជើញចូលរួមពីសំណាក់ លោក ទៀ សីហា ប្រធានគណបក្សខេត្តសៀមរាប និងជាប្រធានគណៈចលនាមហាជនខេត្តសៀមរាប រួមជាមួយសមាជិក សមាជិកា នៃគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តសៀមរាប។

តាមរបាយការណ៍ លោក ទៀ សីហា បានលើកឡើងពីសកម្មភាពនានារបស់ថ្នាក់ដឹកនាំ និងសមាជិក សមាជិកា នៃគណៈកម្មាធិការកណ្ដាលគណបក្សខេត្តសៀមរាប គ្រប់ជាន់ថ្នាក់ដែលបានអនុវត្តការងារកន្លងមកស្របតាមទិសដៅការងាររបស់គណបក្សប្រជាជនកម្ពុជា ដែលសកម្មភាពទាំងអស់នេះបានបង្ហាញពីទំនួលខុសត្រូវខ្ពស់របស់មន្ត្រីថ្នាក់មូលដ្ឋានទាំងអស់ចំពោះការគិតគូរ យកចិត្តទុកដាក់ និងនៅជាប់ជាមួយប្រជាពលរដ្ឋពេលដែលប្រជាពលរដ្ឋមានតម្រូវការណាមួយ។ ផ្សារភ្ជាប់ជាមួយគ្នានេះ លោកបានថ្លែងថា ការបំពេញការងារ និងកិច្ចសហការល្អជាមួយអាជ្ញាធរពាក់ព័ន្ធ ដោយផ្អែកលើការរួមកម្លាំងគ្នាជំនះគ្រប់ឧបសគ្គ និងអនុវត្តការងារតាមជំហានគឺជាការសម្រេចបានភាពជោគជ័យរបស់គណបក្សប្រជាជនកម្ពុជា ។ សកម្មភាពទាំងអស់បានស្ដែងឱ្យឃើញពីសមត្ថភាពរបស់មន្ត្រីថ្នាក់មូលដ្ឋានដែលធ្វើឱ្យប្រជាពលរដ្ឋទាំងអស់មានជំនឿទុកចិត្តលើថ្នាក់ដឹកនាំ និងមន្រ្តីរបស់គណបក្សប្រជាជនកម្ពុជា។

ថ្លែងក្នុងពិធីសំណេះសំណាលនេះ លោកហ៊ុន ម៉ានី បានលើកឡើងពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលពាក់ព័ន្ធទៅនឹងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ និងការគាំពារផ្នែកសុខមាលភាពរបស់ប្រជាជន ។ លោកបានមានប្រសាសន៍បន្ថែមថា កម្ពុជាបានចំណាយធនធានសន្សំរបស់ជាតិយ៉ាងច្រើន ដើម្បីការពារអាយុជីវិតប្រជាពលរដ្ឋ ក្នុងនោះកម្ពុជានៅតែបន្តបញ្ជាទិញវ៉ាក់សាំង បើទោះបីជាយើងមិនទាន់ចាក់អស់ ក៏កម្ពុជាមិនអាចប្រថុយឲ្យគ្មានវ៉ាក់សាំងរក្សាទុកបានទេ ជាងនេះទៅទៀតកម្ពុជាបានយកចិត្តទុកដាក់លើសម្ភារៈបរិក្ខារសុខាភិបាល ការព្យាបាលដោយឥតគិតថ្លៃ។ អ្វីដែលគួរឲ្យកត់សម្គាល់បន្ថែមទៀតនោះគឺ រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តបើកប្រាក់បៀរវត្សជូនមន្ត្រីរាជការជាបន្តបន្ទាប់។ ទាំងនេះជាសមត្ថភាព និងភាពបត់បែននៃការដឹកនាំដើម្បីប្រជាជនកម្ពុជា។

គួរបញ្ជាក់ដែរថាថ្មីៗនេះ គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការនៃគណបក្សខេត្តសៀមរាប បានធ្វើការកែសម្រួលរៀបចំរចនាសម្ព័ន្ធក្នុងគណបក្សខេត្ត ដែលក្នុងនោះរួមមាន៖ គណៈចលនាមហាជនខេត្ត គណៈចលនាយុវជន ក្រុមចលនាស្រ្តី គណៈចលនាសហជីព គណៈចលនាអង្គការ សមាគម និងដៃគូអភិវឌ្ឍន៍។  សូមជម្រាបដែរថា ក្រៅពីរចនាសម្ព័ន្ធរបស់គណបក្សខេត្តដែលមានស្រាប់ ខេត្តសៀមរាបបានបង្កើតបន្ថែមនូវគណៈចលនាសាសនិកឥស្លាមផងដែរ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print