ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២២ របស់ «ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រី» ដែលធ្វើឡើងនៅវិមានសន្តិភាព នៅព្រឹកថ្ងៃចន្ទ ទី២១ ខែកុម្ភៈ ឆ្នាំ២០២២ស្អែកនេះ! ។
«ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រី» មានព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងមានសម្តេចតេជោ ហ៊ុន សែន ជាអនុប្រធានកិត្តិយស។ ចាប់តាំងពីឆ្នាំ២០០៦មក ថ្នាក់ដឹកនាំនៃ «ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្រ្តី» ដែលមានលោកស្រី អ៉ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី ជាប្រធាន តែងតែបើកកិច្ចប្រជុំជាទៀងទាត់រៀងរាល់មួយឆ្នាំម្តង ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន។
កិច្ចប្រជុំធ្វើឡើងដើម្បីតាមដាន និងត្រួតពិនិត្យរាល់សកម្មភាពការងារ និងការអនុវត្តរាល់អនុសាសន៍លើការងារមួយចំនួនរបស់ «ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រី» ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីលើកកម្ពស់សិទ្ធិសេរីភាពឋានៈតួនាទី ពិសេសការចូលរួមដោះស្រាយរាល់ការងារជាអាទិភាពនានារបស់ស្ត្រី។
ស្ត្រីត្រូវបានរាជរដ្ឋាភិបាលចាត់ឆ្អឹងខ្នងដ៏សំខាន់ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ តាមរយៈកិច្ចប្រជុំជាទៀងទាត់របស់ «ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្រ្តី» គឺបានពិនិត្យ និងដាក់ចេញអនុសាសន៍ជាច្រើន ដើម្បីលើកកម្ពស់សិទ្ធិរបស់ស្ត្រី និងអភិវឌ្ឍន៍សមត្ថភាពរបស់ស្ត្រី ជាពិសេសជំរុញសកម្មភាពរបស់ស្ត្រីទៅក្នុងកិច្ចការសង្គម។
រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខតែងតែបានយកចិត្តទុកដាក់ខ្ពស់បំផុតទៅលើបញ្ហារបស់ស្ត្រី។ សិទ្ធិរបស់ស្ត្រីត្រូវបានលើកកម្ពស់ឱ្យកាន់តែល្អប្រសើរ និងស្មើមុខស្មើមាត់ជាមួយបុរសនៅក្នុងសង្គម ហើយស្ត្រីកាន់តែច្រើនត្រូវបានបានបញ្ចូលទៅក្នុងតួនាទីថ្នាក់ដឹកនាំ និងការសម្រេចចិត្តនៅតាមក្រសួងស្ថាប័ននានា។
ជាក់ស្តែងនៅក្នុងស្ថាប័នកំពូលរបស់កម្ពុជាទាំងស្ថាប័ននីតិបញ្ញត្តិ និងប្រតិបត្តិស្ត្រីកាន់តែច្រើនត្រូវបានបញ្ចូលទៅក្នុងតួនាទីជាថ្នាក់ដឹកនាំ។ ក្នុងនោះស្ថាប័នរដ្ឋសភា លោកស្រី ឃួន សុដារី ត្រូវបានជ្រើសតាំងជាអនុប្រធានទី២នៃរដ្ឋសភា។
ដោយឡែកក្នុងស្ថាប័ននីតិប្រតិបត្តិសម្រាប់រាជរដ្ឋាភិបាលអាណត្តិទី៦នេះ លោកស្រី ម៉ែន សំអន ត្រូវបានតែងតាំងជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច, លោកស្រី អ៉ឹង កន្ថាផាវី ត្រូវបានតែងតាំងជារដ្ឋមន្ត្រីក្រសួងកិច្ចការនារី, លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ ក្រៅពីនោះមានស្ត្រីជាច្រើនត្រូវបានតែងតាំងជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង… និងអភិបាលខេត្តជាដើម។
សម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហាញពីការយកចិត្តទុកដាក់បន្ថែមទៅលើស្ត្រីតាមរយៈការផ្តល់សេវាគាំពារដល់ស្ត្រីជាមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ និងស្ត្រីជាកម្មការិនីនៅតាមវិស័យឧស្សាហកម្ម។
ក្នុងឆ្នាំ២០១៨កន្លងទៅសម្តេចតេជោ ហ៊ុន សែន បានសម្រេចជាគោលនយោបាយផ្តល់ប្រាក់ឧបត្ថម្ភដល់កម្មការិនីពេលសម្រាលកូនប្រមាណ ៤០ម៉ឺនរៀលសម្រាប់អ្នកសម្រាលបានកូន១, ៨០ម៉ឹនរៀលសម្រាប់សម្រាលកូនភ្លោះ២ និង ១លាន ២សែនរៀលសម្រាប់អ្នកសម្រាលកូនភ្លោះ៣។ បន្ថែមពីលើនោះកម្មការិនីត្រូវបានសម្រាកលំហែមាតុភាពរយៈពេល៣ខែ ជាមួយអត្រាប្រាក់ឈ្នួល ១២០ភាគរយ។
បន្ថែមពីលើនោះនៅឆ្នាំ២០១៩ រាជរដ្ឋាភិបាលកម្ពុជា ក៏បានសម្រេចផ្តល់ប្រាក់ឧបត្ថម្ភដល់ស្រ្តីក្នុងគ្រួសារមានជីវភាពក្រីក្រពេលសម្រាលកូនប្រមាណ ៧៦ម៉ឺនរៀលចាប់ពីពេលមានផ្ទៃពោះ រហូតដល់កូនមានអាយុពីរឆ្នាំ។
ជាមួយគ្នាលើការសិក្សាអប់រំវិញ សិស្សស្រីក៏ត្រូវបានមើលឃើញថាមានការលើកទឹកចិត្ត និងជួយសម្របសម្រួលឲ្យពួកគេទទួលបានការសិក្សាអប់រំកាន់តែខ្ពស់ផងដែរ។ បើទោះបីជាយ៉ាងណាជារៀងរាល់ឆ្នាំក្នុងកិច្ចប្រជុំបូកសរុបការងារនេះសម្តេចតេជោ ហ៊ុន សែន តែងតែក្រើនរំលឹកដល់ស្រ្តីទាំងអស់ ត្រូវខិតខំបង្កើនសមត្ថភាពរបស់ខ្លួនតាមរយៈការប្រឹងប្រែងសិក្សារៀនសូត្រ។
សូមជម្រាបថា ដើម្បីជួយដល់ស្ត្រីដែលរងគ្រោះពីការរំលោភបំពាននានា នៅឆ្នាំ២០១៩កន្លងទៅ សម្តេចតេជោ ហ៊ុន សែន បានសម្រេចអនុញ្ញាតឱ្យមេធាវីស្ម័គ្រចិត្ត របស់សម្តេចចេញការពារក្តីឱ្យស្ត្រីដោយមិនគិតថ្លៃថែមទៀតផង។ សកម្មភាពទាំងអស់នេះ គឺបានបង្ហាញឱ្យឃើញថា សម្តេចតេជោ ហ៊ុន សែន បានយកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅបំផុតចំពោះស្ត្រី ស្របតាមគោលនយោបាយដែលចាត់ទុកស្ត្រីជាឆ្អឹងខ្នងរបស់ជាតិ៕ដោយ៖ស តារា