ម្តាយសិស្សទាមទារសំណងពីគ្រូម្នាក់នៅសាលាបឋម សិក្សាកំពង់គ្រងសួរ ចំនួន២០០០ដុល្លា ខណៈគ្រូវាយ នឹង ខោកក្បាលកូនគាត់ជា ញឹកញាប់

ចែករំលែក៖

ខេត្តកំពត៖ លោកគ្រូម្នាក់ឈ្មោះ សួង រ៉ែន ដែលជាគ្រូប្រចាំថ្នាក់នៅសាលាបឋម សិក្សាកំពង់គ្រងសួរ ស្ថិតក្នុងឃុំកំពង់ត្រែង ស្រុកទឹកឈូ ខេត្តកំពត កំពុងរងនូវពាក្យបណ្តឹងរបស់អាណាព្យាបាលសិស្សម្នាក់ឈ្មោះ រិទ្ធ ភិរុណ ភេទប្រុស អាយុ១៣ឆ្នាំ ជាសិស្សរៀនថ្នាក់ទី៦ ដែលលោកគ្រួបានប្រើប្រាស់អំពើហិង្សាដោយវាយនិងខោកក្បាលកូនគាត់ជាញឹកញាប់ រហូតកូនគាត់អត់ទ្រាំមិនបានក៏បានរាយការណ៍ប្រាប់ទៅលោកគ្រូនាយកសាលា ដើម្បីឱ្យជួយធ្វើអន្តរាគមន៍កុំឱ្យគ្រូធ្វើបាបមកលើកូនគាត់ទៀត។ ក្រោយមកលោកនាយកសាលាក៏បានហៅលោកគ្រូប្រចាំថ្នាក់រូបនោះមកធ្វើការអប់រំ កុំឱ្យប្រើហិង្សាទៅលើក្មេងជាសិស្សក្នុងថ្នាក់នេះបន្តទៀត។

   ក្រោយពីលោកនាយកសាលាធ្វើការអប់រំដល់គ្រូប្រចាំថ្នាក់រូបនោះរួចមក ត្រូវបានគ្រូប្រចាំថ្នាក់ឈ្មោះសួង រ៉ែនខាងលើ ធ្វើការគំរាមក្មេងប្រុសរូបនោះដោយដេញចេញពីថ្នាក់រៀនក៏មាន រហូតធ្វើ ក្មេងប្រុសរូបនោះខ្លាចមិនហ៊ានចូលសាលាទៀតផង។

   តាមស្ត្រីជាម្តាយក្មេងប្រុសរងគ្រោះបានឱ្យដឹងថា៖ ដោយសារតែរូបគាត់ជាស្ត្រីមេម៉ាយជួបការលំបាកក្នុងជីវភាពគ្រួសារផងនោះ រូបគាត់បានទុកកូនឱ្យនៅជាមួយជីដូនដែលត្រូវជាម្តាយរបស់គាត់ ហើយខ្លួនគាត់វិញក៏ទៅធ្វើការក្នុងក្រុមហ៊ុនឯកជនមួយនៅខេត្តតាកែវ ។លុះពេលកូននៅមានបញ្ហាដូច្នេះ ជីដូនដែលត្រូវជាម្តាយរបស់គាត់បានទូរស័ព្ទទៅប្រាប់គាត់ឱ្យមកដោះស្រាយគ្នាជាមួយគ្រូ និងនាយកគ្រប់គ្រងសាលាបឋមសិក្សាខាងលើដែលកូនប្រុសគាត់មិនហ៊ានចូលសាលាអស់រយៈពេល៤ទៅ៥ថ្ងៃមកហើយ ចាប់តាំងពីក្រោយពេលកើតហេតុ (នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២) រហូត មកដល់ថ្ងៃទី១៩ ខែកុម្ភៈឆ្នាំ២០២២កន្លងមកនេះ ទើបមានការ ដោះស្រាយសម្របសម្រួលគ្នាពីខាងគណៈកម្មការប្រឹក្សាវិន័យ និងនាយកសាលា ដោយមានម្តាយកុមាររងគ្រោះ និងគ្រូប្រចាំថ្នាក់ដែលរងការចោទប្រកាន់ចូលរួមដោះស្រាយផងនោះមកធ្វើការ ដោះស្រាយសម្របសម្រួលគ្នា ព្រមទាំងដាក់ពិន័យដល់គ្រូដែលរង ការចោទប្រកាន់នោះ ដោយដកឱ្យទៅបង្រៀននៅថ្នាក់ផ្សេង ហើយយកគ្រូផ្សេងឱ្យទៅបង្រៀនថ្នាក់ទី៦ជំនួសគ្រូដែលមាន បញ្ហារងការចោទប្រកាន់ពីអាណាព្យាបាលក្មេងខាងលើនោះផង ដែរ។

   យោងតាមប្រភពព័ត៌មានពីលោកនាយកសាលាឈ្មោះ រិន ជឿន បានប្រាប់អ្នកយកព័ត៌មានយើងថា ការសម្របសម្រួលរវាងអាណាព្យាបាលក្មេង នឹងគ្រូប្រចាំថ្នាក់ដែលរងការចោទប្រកាន់ពី សំណាក់អាណាព្យាបាលក្មេងកាលពីព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ ២០២២ ដែលប្រព្រឹត្តទៅនៅសាលាខាងលើនោះ មិនបានសម្រេចនោះទេ ដោយភាគីខាងអាណាព្យាបាលក្មេងទារសំណងជំងឺចិត្តពីគ្រូដែលរងការចោទប្រកាន់នោះចំនួនទឹកប្រាក់២ពាន់ដុល្លារអាមេរិកទើបព្រមបញ្ចប់រឿង ។ ដោយអាណាព្យាបាលនោះនិយាយថា ដើម្បីយកទៅបម្រើសេវាឱ្យគ្រូពេទ្យពិនិត្យក្បាលដែលត្រូវគ្រូវាយ និងខោកជាច្រើនលើកច្រើនសានោះផង និង ដើម្បីធ្វើសាហ៊ុយក្នុងការធ្វើសំណុំបែបបទបទសុំផ្លាស់កូនឱ្យចូលរៀននៅសាលាផ្សេងទៀតផង។  ប៉ុន្តែសំណូមពររបស់ស្ត្រីជាអាណាព្យាបាលក្មេងរូបនេះត្រូវបានគ្រូប្រចាំថ្នាក់ដែលរងការចោទប្រកាន់នោះ បដិសេធមិនមានលទ្ធភាពប្រគល់ជូនតាមសំណូមពរនោះទេ ។ ជាមួយគ្នានេះដែរ ក្រុមការងាររបស់សាលាដែលបានចូលរួមក្នុងការសម្របសម្រួលនេះ បានប្ដូរយោបល់ដូច្នេះថា ដើម្បីធ្វើការសម្របសម្រួលសូមយកក្មេងដែលសង្ស័យថាពាក់ព័ន្ធនឹងសុខភាពដោយអំពើហិង្សានោះទៅឱ្យគ្រូពេទ្យពិនិត្យ រួចហើយសាមីខ្លួនគ្រូដែលរងការ ចោទប្រកាន់នោះត្រូវចំណាយសេវាពិនិត្យរបស់ពេទ្យ និងថ្នាំពេទ្យឬក៏ជួយឧបត្ថម្ភជាទឹកប្រាក់ចំនួន៥០០ដុល្លារឱ្យទៅ អាណាព្យាបាលក្មេងរងគ្រោះនោះ។ នេះជាយោបល់របស់អ្នកចូលរួមជួយផ្តល់ជាយោបល់ ប៉ុន្តែភាគីខាងអាណាព្យាបាល ក្មេងបដិសេធមិនទទួលយកនោះទេ។

   ចំណែកលោកគ្រូដែលរងការចោទប្រកាន់នោះបានឱ្យដឹងថា រឿង នេះក្មេងក៏ខុស ខ្លួនក៏ខុស ហើយក្នុងការវាយបន្តិចបន្តួចនេះ គឺក្នុងការអប់រំកុំឱ្យក្មេងមិនស្តាប់ការពន្យល់នៅក្នុងថ្នាក់ដូចជា ងាកមុខ ងាកក្រោយ មិនស្តាប់ការណែនាំពន្យល់ ទើបខ្លួនជាគ្រូត្រូវវាយខ្លះទៅ បើមិនឱ្យវាយ ឬប្រដៅខ្លះទេ មានតែទុកឲ្យក្មេងកាន់តែមិនគោរពវិន័យ នាំគំរូមិនល្អដល់សិស្សដទៃទៀត ហើយ ម្យ៉ាងទៀតខាងសាលាដាក់ពិន័យឱ្យខ្លួនទៅបង្រៀនថ្នាក់ផ្សេង ក៏ខ្លួនព្រមទៅដោយឥតប្រកែកនោះឡើយ។

ប៉ុន្តែការដោះស្រាយសម្របសម្រួលខាងលើនេះ ដោយសារម្តាយក្មេង ទារសំណងជំងឺចិត្តធ្ងន់ពេកដល់ទៅ២ពាន់ដុល្លារ ស្មើនឹង៨លានរៀលខ្លួនមិនមានលទ្ធភាពរកប្រាក់ឯណាបង់ឱ្យនោះទេ ប្រាក់ខែបន្តិចបន្តួច រកតែលុយចិញ្ចឹមកូនមិនចង់រស់ផងសព្វថ្ងៃនេះ។ នេះជាសម្ដីរបស់លោកគ្រូប្រចាំថ្នាក់ដែលរងការចោទប្រកាន់ឆ្លើយបំភ្លឺប្រាប់អ្នកយកព័ត៌មានយើងតាមទូរស័ព្ទកាលពីរសៀលថ្ងៃទី១៩ ខែកុម្ភៈ ម្សិលមិញនេះ។

សូមជម្រាបជូនបន្ថែមថា ស្ត្រីឈ្មោះ រិន ស្រីម៉ៅ ដែលជាអាណាព្យាបាលក្មេងខាងលើនោះក៏បានប្រាប់អ្នកយកព័ត៌មានយើងកាលពីព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២នេះដែរថា ការដោះស្រាយសម្របសម្រួលពីសំណាក់គណៈកម្មការក្រុមប្រឹក្សាវិន័យរបស់សាលា និងនាយក គ្រប់គ្រងសាលាខាងលើជាមួយនាងខ្ញុំជាអាណាព្យាបាលសិស្សរងគ្រោះមិនបានសម្រេចនោះទេ ដោយនាងខ្ញុំជាអាណាព្យាបាលសិស្សរងគ្រោះទារសំណងជួសជុលការពិនិត្យសុខភាព និងផ្លាស់ប្ដូរយកកូនទៅរៀននៅសាលាថ្មី តែសាមីខ្លួនអ្នកប្រព្រឹត្តមិនយល់ព្រមតាមសំណូមពររបស់នាងខ្ញុំនោះទេ ៕ ដោយ រ៉ារ៉ា

...

ដោយ រ៉ារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print