ខេត្តក្រចេះ៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តធុនធំបុកពីក្រោយគ្នាក្នុងទិសដៅស្របគ្នាបណ្តាលឱ្យមនុស្សម្នាក់ស្លាប់និង៣នាក់ទៀតរងរបួសស្រាល រីឯអ្នកបើកបររថយន្តបង្កហេតុបានចុះរត់គេចខ្លួនបាត់ស្រមោលភ្លាមៗបន្ទាប់ពីកើតហេតុ។
ហេតុការណ៍រថយន្តធុនធំបុកគ្នាពីក្រោយនេះបានកើតឡើងនៅវេលាម៉ោង២១ៈ៥នាទីថ្ងៃទី២០ខែកុម្ភៈលើកំណាត់ផ្លូវជាតិលេខ៧ក្រចេះ-ស្ទឹងត្រែងស្ថិតក្នុងភូមិស្រែស្បូវ ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះក្នុងទិសដៅពីត្បូងទៅជើងស្របទិសគ្នា។
យោងតាមប្រភពបានឱ្យដឹងថា ករណីខាងលើនេះបង្កឡើងដោយរថយន្តម៉ាកវ៉េអង ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ3B-6740 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណបើកបរក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុបានបុករថយន្តមួយគ្រឿងទៀតពីក្រោយពេញទំហឹងតែម្តង។
រថយន្តរងគ្រោះម៉ាកហុីយ៉ាន់ដាយពណ៌ស ពាក់ស្លាកលេខ ក្រចេះ3A-0602 បើកបរដោយឈ្មោះ ស្រុីន វ៉ាន់ដា ភេទប្រុស អាយុ២៩ឆ្នាំមានទីលំនៅភូមិដូង ឃុំកញ្ចុំ ស្រុកពារាំងខេត្តព្រៃវែង បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។
រីឯអ្នករួមដំណើរចំនួន៣នាក់ទៀតក្នុងនោះមាន៖ ទី១-ឈ្មោះ វ៉ា ទ្រ ភេទប្រុសអ្នករួមដំណើររងរបួសស្រាល។ ទី២-ឈ្មោះរឿង រុំ ភេទប្រុស អ្នករួមដំណើររងរបួសស្រាល។ ទី៣-ឈ្មោះសី សុខលាង ភេទប្រុស អ្នករួមដំណើររងរបួសស្រាល។
ក្រោយកើតហេតុអ្នករងរបួសទាំង៣នាក់ខាងលើត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះ។
ចំណែកវត្ថុតាងរថយន្តចំនួន២គ្រឿងរងការខូចខាតធ្ងន់ធ្ងរត្រូវកម្លាំងនគរបាលចរាចរណ៍បានធ្វើការស្ទូចយកទៅរក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលឃុំក្បាលដំរីជាបណ្ដោះអាសន្ន ដើម្បីបន្តនីតិវិធី៕
ដោយ ជីវន្ត