ភ្នំពេញ៖ លោក មុត ចន្ថា ដែលគេដឹងថាជាអ្នកជិតស្និទ្ធជាមួយលោកកឹមសុខា នៅរសៀលថ្ងៃទី២១ ខែកុម្ភៈនេះ បានបង្ហោះនៅលើបណ្ដាញសង្គមរបស់លោកថា លោក សម រង្ស៊ី បាននិងកំពុងបញ្ជាឲ្យគណបក្សភ្លើងទៀនឱ្យមានសកម្មភាពឡើងវិញ ក្រោមរូបភាពខ្មោចគណបក្សសង្គ្រោះជាតិ។
លោក មុត ចន្ថា ដែលជាមន្ត្រីកូតាខាង កឹម សុខា បានលើកឡើងថា លោក សម រង្ស៊ី កំពុងរំលោភលើច្បាប់ស្តីពីគណបក្សនយោបាយ តាមរយៈការភ្ជាប់ខ្លួនជាមួយនឹងគណបក្សភ្លើងទៀន។ លោកបានសរសេរថាថា រូបសញ្ញាគណបក្សសង្រ្គោះជាតិ គឺជារូប «ព្រះអាទិត្យ» ប៉ុន្តែរូបសញ្ញាបក្សភ្លើងទៀន គឺ«ភ្លើងទៀន»។ ចុះហេតុអីលោក សម រង្ស៉ី បែរជាដុតទៀនក្នុងពិធីសិក្ខាសាលា? ជាចេតនាទុច្ចរិតរបស់ក្រុមលោក សម រង្ស៉ី គឺយករូបភាពបក្សសង្រ្គោះជាតិឃោសនាឱ្យបក្សភ្លើងទៀន ដែលគាត់បានប្លន់យកតាមរយៈបក្សប្រហារ នៅទីក្រុងអាតាឡង់តា រដ្ឋចរជានៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៨។
លោក មុត ចន្ថា បានបន្តសរសេរនៅលើបណ្ដាញសង្គមហ្វេសប៊ុកថា នេះជាភស្តុតាងថ្មីជាក់ស្តែងរឹងមាំមួយទៀតដែលលោក សម រង្ស៉ី បានបង្ហាញភ្ជាប់ខ្លួនគាត់ជាមួយបក្សភ្លើងទៀន ហើយភស្តុតាងនេះបានបញ្ជាក់ដោយឥតប្រកែកបានថា សម រង្ស៉ី កំពុងដឹកនាំបញ្ជា និងឃោសនាឱ្យបក្សភ្លើងទៀន។ ទង្វើរបស់គាត់កំពុងរំលោភបំពានលើ «ច្បាប់ ស្តីពី វិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ ឆ្នាំ២០១៧» ដែលហាមឃាត់ទណ្ឌិតធ្វើសកម្មភាពបែបនេះ។
បើតាមមន្ត្រីអតីតបក្សប្រឆាំងរូបនេះ គឺចាប់តាំងពីបក្សភ្លើងទៀនបានចុះចោលសម្ព័ន្ធភាពជាមួយបក្សសិទ្ធិមនុស្ស នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅនេះ សកម្មជន ថ្នាក់ដឹកនាំ និងថ្នាក់នាំកម្រិតជាតិមួយចំនួន ជាពិសេសកូនបង្កើត និងកូនប្រសាររបស់លោក អេង ឆៃអ៊ាង បានបង្ហោះសារនៅហ្វេសប៊ុកជាហូរហែរដោយព្យាយាមប៉ុនប៉ងភ្ជាប់ជាមួយលោក សម រង្ស៉ី ក្នុងគោលបំណងយកឈ្មោះរបស់លោក សម រង្ស៉ី ទៅឃោសនានយោបាយដើម្បីទាញរកការគាំទ្រ និងប្រជាប្រិយភាពឱ្យបក្សភ្លើងទៀន។
បើតាមលោក មុត ចន្ថា រំពឹងថា ក្រសួងមហាផ្ទៃនឹងអនុវត្តច្បាប់ ស្តីពីវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយឆ្នំា២០១៧ ឱ្យមានប្រសិទ្ធភាព ដូចដែលក្រសួងមហាផ្ទៃបានប្តឹងរំលាយគណបក្សសង្រ្គោះជាតិ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ដូច្នោះដែរ៕
ដោយ៖ សូរិយា