ភ្នំពេញ÷នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ បានឱ្យដឹងថា ក្នុងឆ្នាំ២០២១ អង្គភាពច្រកចេញចូលតែមួយទាំង២៥រាជធានី-ខេត្ត ដោយផ្តល់សេវារដ្ឋបាល ចំនួន ៤៤២.១០៨/១៤វិស័យ។ សន្និបាតដែលមានរយៈពេល ២ថ្ងៃបានប្រព្រឹត្តឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចក្រឡាហោមស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ បានមានប្រសាន៍បែបនេះ ក្នុងពិធីបើកសន្និបាតត្រួតពិនិត្យលទ្ធផលការងារប្រចាំ ឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់
ក្រសួងមហាផ្ទៃ និងលទ្ធផលការងារប្រឡង ប្រណាំងអនុវត្តគោលនយោបាយ«ភូមិ-ឃុំ- សង្កាត់ មានសុវត្ថិ ភាព» នាព្រឹកថ្ងៃអង្គារ ទី២២ ខែកុម្ភៈ ឆ្នាំ២០២២ នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ ស្ថិតនៅក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ បន្តទៀតថា ចំពោះការិយាល័យច្រកចេញ ចូលតែមួយ ក្រុង ស្រុក ខណ្ឌ ២០៤ គោលដៅ បានផ្តល់សេវារដ្ឋបាលចំនួន ៧៥០.៨៦៩/១៤វិស័យ ក្នុងនោះក្រសួងមហាផ្ទៃ បានផ្តល់ការគាំទ្រដល់ការជ្រើសរើសប្រធាន និងអនុប្រធានការិយាល័យប្រជាពលរដ្ឋ និងការអភិវឌ្ឍន៍សមត្ថភាពជាប្រចាំដល់ប្រធាន អនុប្រធាន និងមន្ត្រីនៃការិយាល័យប្រជាពលរដ្ឋ ដែលបង្កើតឡើងទាំងថ្នាក់រាជធានី-ខេត្ត និងថ្នាក់ក្រុង ស្រុក ខណ្ឌ ដើម្បីសម្រុះសម្រួលដោះស្រាយបណ្តឹងតវ៉ានានារបស់ប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងការបំពេញការងារ និងផ្តល់សេវារដ្ឋាបាលថ្នាក់ក្រោមជាតិ។
ជាមួយគ្នានោះដែរនាយឧត្តមសេនីយ៍ ប៉ោ ភក្តិ បានបន្ថែមថា ការិយាល័យប្រជាពលរដ្ឋនៃរដ្ឋបាលរាជធានី-ខេត្ត ទាំង២៥គោលដៅ បានទទួលបណ្តឹង និងព័ត៌មានផ្សេង ចំនួន១.៤១៧ករណី ក្នុងនោះបណ្តឹងក្នុងសមត្ថកិច្ច ៨៨៥ករណី បណ្តឹងក្រៅសមត្ថកិច្ច ចំនួន ២៧០ករណី និងព័ត៌មានផ្សេងៗ ចំនួន ៣៣ករណី។ ដោយឡែកការិយាល័យប្រជាពលរដ្ឋ ក្រុង ស្រុក ខណ្ឌ ១២០គោលដៅ ទទួលបានបណ្តឹង និងព័ត៌មានផ្សេងៗ បានចំនួន១១.៩០៩ករណី ក្នុងនោះបណ្តឹងក្នុងសមត្ថកិច្ច ៣០៥ករណី បណ្តឹងក្រៅសមត្ថកិច្ច ២១៨ករណី និងព័ត៌មានផ្សេងៗ១១.៣៨៦ ករណី៕
ដោយ៖ សូរិយា