ជិះម៉ូតូបំពានភ្លើងសញ្ញាចរាចរណ៍ត្រូវរថយន្តបុកបណ្តាលឱ្យរងការខូចខាតយ៉ាងដំណំ ភាគីទាំងពីរជជែកគ្នាយកត្រូវរៀងៗខ្លួន

ចែករំលែក៖

ភ្នំពេញ ៖ យុវជនម្នាក់ជិះម៉ូតូមួយគ្រឿងបត់ឆ្លងផ្លូវបំពានភ្លើងសញ្ញាចរាចរណ៍ត្រូវរថយន្តRange Rover បើកបរដោយជនជាតិបរទេសម្នាក់បើកក្នុងភ្លើងស្តុបលឿនបុកបណ្តាលឱ្យរងការខូចខាត យ៉ាងដំណំ ចំណែកម្ចាស់ម៉ូតូរងរបួសស្រាល។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២ និង៣០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៣ ខែកុម្ភៈឆ្នាំ ២០២២ នៅត្រង់ចំណុចភ្លើងស្តុបត្រឡោកបែក តាមបណ្តោយផ្លូវលេខ៥៩៨ កែងនឹងផ្លូវលេខ៣១៥ ស្ថិតក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញយុវជនម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០២១ ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1IC-8952 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ៥៩៨ពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើបានបត់ឆ្វេងដៃឆ្លងទៅផ្លូវលេខ៣១៥ក្នុងពេលភ្លើងស្តុបពណ៌ក្រហម ខណៈនោះក៏មានរថយន្តម៉ាក Range Rover មួយគ្រឿង ពណ៌សពាក់ស្លាកលេខភ្នំពេញ2BD-3380 បើកបរដោយបុរសជនជាតិបរទេសម្នាក់ ធ្វើដំណើរបញ្ច្រាសទិសគ្នាពីត្បូងទៅជើង ដោយភ្លើងស្តុបពណ៌លឿងចាប់ហ្វ្រ័ងមិនទាន់បានជ្រុលទៅបុកពីចំហៀងម៉ូតូផ្នែកខាងក្រោយបណ្ដាលឱ្យដួលរងការខូចខាតយ៉ាងដំណំ ចំណែកម្ចាស់ម៉ូតូរងរបួសស្រាល។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ហើយឱ្យភាគីទាំងពីរធ្វើការសម្របសម្រួលគ្នា តែភាគីទាំងពីរបានប្រកែកគ្នាយកត្រូវរៀងៗខ្លួន លុះក្រោយមកភាគីទាំងពីរបានព្រមព្រៀងគ្នាយកម៉ូតូនិងរថយន្តទៅជួសជុលរៀងៗខ្លួន៕

...

ដោយ៖ និន សុភ័ស្ត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print