(តពីលេខមុន)
#អំពីប្រក្រតីទិន
ខ្មែរប្រើប្រល្រតិទិនជាពីរបែបគឺមួយរាប់តាមច័ន្ទគតិ គិតតាមដំណើរព្រះចន្ទ ប៉ុន្តែរបៀបរាបតាមចន្ទគតិនេះ ត្រូវកែតម្រូវតាមកំណត់ឆ្នាំដែលរាប់តាមសុរិយគតិដែរ ដូច្នេះហើយទើបជួលកាលត្រូវមានបង្កើនចំនួនថ្ងៃ ជួនកាលត្រូវមានលើកជាគម្រប់ហៅថា “អធិកមាស” ដែលគេកំណត់យកត្រង់ខែអាសាធជាពីរដងក្នុងមួយឆ្នាំ។ ក្នុងកិច្ចនេះក្រុមហោរានៅព្រះបរមរាជវាំងមានក្បួនប្រក្រតិទិនតាមសូរិយគតិសម្រាប់គិតគូរទស្សន៍ទាយក្បួននោះគិតខែជា ៣០ ឬ៣១ ថ្ងៃហើយឈ្មោះខែទៀតក៏ត្រូវហៅទៅតាមឈ្មោះរាសីដែរ ។ ប៉ុន្តែជាធម្មតាគេប្រើខែចន្ទគតិជាប្រក្រតីទិនសម្រាប់ពិធីផ្សេងៗក្នុងសាសនា។
ខែចន្ទគតិចែកជាពីរពួក គឺ ខែដែលមាន ៣០ ថ្ងៃខ្លះហៅថាខែញីឬខែពេញនឹង ២៩ ថ្ងៃដែលខ្លះហៅថា ខែឈ្មោល ឬខែផត។ ការធ្វើអាពាហ៍ពិពាហ៍គេនិយមធ្វើតែក្នុងខែញីទេ លើកលែងតែខែភទ្របទមួយចេញព្រោះជាខែដែលព្រះចង់ចូលព្រះវស្សា។
ខែចន្ទគតិមានឈ្មោះដើមជាភាសាសំស្ក្រឹត ប៉ុន្តែគេអានសម្គាល់ខែតាមលេខរៀងក៏បាន ដូចជាត្រូវចាប់រាប់ថែម សរសេរជាលេខ១ ។ ការរាប់ខែរបៀបនេះគេនិយមប្រើមុនរបៀបដែលគេចូលឆ្នាំនៅខែចេត្រ ឬខែវិសាខដូចសព្វថ្ងៃនេះ ។ ប៉ុន្តែមិនមែនក្រោយពីចុងសតវត្សទី ៨ ទេព្រោះថាកាលដែល ជាវ-តាគួនធ្វើដំណើរចូលមកកាន់ប្រទេសកម្ពុជានៅក្នុងសម័យនោះ លោកបាននិយាយថា ខ្មែរធ្វើបុណ្យចូលឆ្នាំនៅក្នុងរនោចខែកត្តិក គឺថា បើគិតតាមរបៀបសព្វថ្ងៃនេះគេរាប់ឆ្នាំថ្មីចាប់តាំងពីខ្នើតខែមិគសិរទៅ។
ខែនីមួយៗចែកជាពីរផ្នែក គឺ ផ្នែកទី១ រាប់ពីថ្ងៃ ១កើតទៅដល់ថ្ងៃពេញបូណ៌មី ហៅថា ” ខ្នើត ” ផ្នែកទី ២ ចាប់រាប់បន្ត បន្ទាប់ពីថ្ងៃក្រោយនៃថ្ងៃពេញបូណ៌មីដែលមានចំនួន ១៤ ឬ ១៥ ថ្ងៃហៅថា” រនោច ” ។ ចំណែកឯថ្ងៃ ឬតិថីដែលមានលេខរៀងពី១ ទៅដល់ ១៥ ទាំងពីរចំណែកនេះ ខុសគ្នាតែពាក្យដែលយកមកបញ្ចូលផ្សំថា ” កើត ” ឬ ” រោច” ប៉ុណ្ណោះដែលជាគ្រឿងសម្គាល់ថាជាចំណែកខាងព្រះចន្ទពេញវង់ (ខែភ្លឺ) ឬព្រះចន្ទខាត(ខែងងឹត) ក្នុងខែនីមួយៗ នៅថ្ងៃ ៨ កើត ១៥ កើត ៨ រោច និង ថ្ងៃខែដាច់ ជាថ្ងៃឧបោសថសីល។ នៅថ្ងៃកំណត់ទាំង ៤ ខាងលើនេះឧបាសក ឧបាសិកា តែងទៅសមាទានសីលពីវត្តរៀងរៀងខ្លួននេះចំពោះឃរាវាស។ ចំណែកព្រះសង្ឃវិញលោកត្រូវធ្វើសង្ឃកម្មនៅថ្ងៃពេញបូណ៌មី និងនៅថ្ងៃខែដាច់ជានិច្ច។
(នៅមានត)
ស្រាវជ្រាវនិងកែសម្រួលដោយចៅតាជេត