សមត្ថកិច្ចនគរបាលបញ្ជូនខ្លួនជនសង្ស័យប្រើអំពើហិង្សាបង្ករបួសស្នាមក្នុងគ្រួសារទៅតុលាការ

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ ជនសង្ស័យម្នាក់ឈ្មោះម៉ាន ឡន ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិកេតមឿង ឃុំស្រែសំបូរ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង បានបង្កអំពើហិង្សាក្នុងគ្រួសារបណ្តាលឱ្យមានរបួសស្នាមយ៉ាងធ្ងន់ធ្ងរត្រូវបានបងប្អូនក្រុមគ្រួសារជួយដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យខេត្តដើម្បីសង្គ្រោះបន្ទាន់ កាលពីថ្ងៃចន្ទ ៥រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង១៧ៈ២០នាទីល្ងាច។
តាមប្រជាពលរដ្ឋនៅក្នុងភូមិកេតមឿងដែលឃើញហេតុការណ៍នេះបានបញ្ជាក់ថា ជនសង្ស័យជាមនុស្សញៀនថ្នាំ និងប្រចណ្ឌប្រពន្ធមិនសូវលស់ថ្ងៃឡើយ ហើយនៅថ្ងៃកើតហេតុខាងលើ ដោយជនសង្ស័យជាប្តីមកពីផឹកស៉ីស្រវឹងមកដល់ផ្ទះសុំលុយប្រពន្ធយកទៅទិញថ្នាំញៀនសេពមិនឲ្យក៏បានបង្កអំពើហិង្សាវាយប្រពន្ធនឹងចបជីកបណ្តាលឱ្យរងរបួសយ៉ាងដំណំ ភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរស់នៅជិតខាង។ ខណ:នោះកម្លាំងប្រជាការពារនៅក្នុងភូមិបាននាំគ្នាចុះធ្វើអន្តរាគមន៍ជួយដល់ជនរងគ្រោះនិងកូនតូចនាំយកទៅមន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែងដើម្បីជួយសង្គ្រោះ។

ជុំវិញរឿងនេះលោកជឹម អេន អធិការនគរបាលស្រុកសៀមប៉ាងបានឱ្យដឹងថា ជនសង្ស័យដែលប្រើហិង្សាលើប្រពន្ធឈ្មោះម៉ាន ឡន ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរកសិករ រស់នៅភូមិឃុំកើតហេតុខាងលើ បានប្រើហិង្សាវាយទៅលើប្រពន្ធឈ្មោះកាន ញ៉ុត អាយុ២៩ឆ្នាំ មុខរបរកសិករ រស់នៅជាមួយជនសង្ស័យដោយសារតែខឹងសុំលុយប្រពន្ធមិនបាន ទើបប្រើហិង្សាយកចបជីកវាយទៅលើប្រពន្ធខ្លួនឯងរងរបួសជាច្រើនកន្លែងត្រូវបានក្រុមគ្រួសារ និងអ្នកជិតខាងជួយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្ត។ ចំណែកជនបង្កហិង្សាជាប្តីត្រូវបានឃាត់ខ្លួនកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងនៅថ្ងៃទី២២ ខែកុម្ភៈ ដើម្បីបន្តនីតិវិធីច្បាប់។

សូមបញ្ជាក់ថា: ជនសង្ស័យឈ្មោះ ម៉ានឡន ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌខេត្តស្ទឹងត្រែង កសាងសំណុំរឿងបញ្ជូនទៅតុលាការនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២នេះ ដើម្បីចាត់ការបន្តទៅតាមផ្លូវច្បាប់ ក្នុងពេលដែលជនដៃដល់បង្ករបួសស្នាមជាច្រើនកន្លែងទៅលើប្រពន្ធយ៉ាងធ្ងន់ធ្ងរបែបនេះច្បាប់មិនអាចលើកលែងបានឡើយ៕

...


ដោយ:មាស សុផាត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print